បាត់ដំបង ៖ នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៩ អគ្គិភ័យមួយបានកើតឡើង នៅចំណុចក្រុមទី១៦ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រងបាត់ដំបង បណ្តាលមកពីឆ្លងចរន្តអគ្គិសនីឆេះការ៉ាអូខេ កោះតៃវ៉ាន់ថ្មី។ ក្នុងពេលមានហេតុការណ៍ ភ្លើងឆេះផ្ទះនេះកើតឡើង គឺក្រុមពន្លត់អគ្គិភ័យ ពិបាកក្នុងចូលរថយន្ត ទៅជួយអន្តរាគមន៍ ព្រោះផ្លូវចេញ ចូលចូលចង្អៀត មិនអាចចូលរថយន្តពន្លត់អគ្គិភ័យបាន និងខ្សែបណ្តាញអគ្គិសនីឆ្លងកាត់ទាបៗ ។
ស្នងការនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននរបាលខេត្តបាត់ដំបង កម្លាំងនគរបាលអគ្គិភ័យនៃស្នង ការដ្ឋាន ចូលរួមជាមួយកម្លាំងនគរបាលនៃអធិ ការដ្ឋាននគរបាលក្រុងបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ឋ ក្នុងមូលដ្ឋាន គ្រោះអគ្គិភ័យនេះត្រូវបានអន្តរាគមន៍ពន្លត់ទាន់ពេលវេលា ។
សូមជម្រាបជូនថា នៅក្នុងករណីអគ្គិភ័យនេះ ដោយសារស្ថានភាពភូមិសាស្ត្រ ផ្លូវចូលមានលក្ខណៈតូចចង្អៀតហើយមានខ្សែអគ្គិសនីឆ្លងកាត់ផ្លូវទាបៗពេក ជាហេតុធ្វើឲ្យរថយន្តអគ្គិភ័យ មិនអាចចូលទៅកៀកទីតាំងកើតហេតុបាន ដែលតម្រូវឲ្យកម្លាំងនគរបាលអគ្គិភ័យ តទុយោបន្តគ្នារាប់រយម៉ែត្រ ពីផ្លូវធំចូលទៅទីកន្លែងកើតហេតុទើបបាញ់ពន្លត់ និងគ្រប់គ្រងស្ថានការអគ្គិភ័យនេះបាន ។ បើទោះបីជាយ៉ាងណាក៏ដោយ លំនៅដ្ឋានមួយខ្នង និងទ្រព្យសម្បត្តិ នៅក្នុងនោះផង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ស្ទើរទាំងស្រុង ប៉ុន្តែមិនបានបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ក្នុងករណីដូចខាងលើនេះ គឺជាបទពិសោធន៍មួយ ដែលស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមអំពាវនាវ ដល់ប្រជាលរដ្ឋនៅមូលដ្ឋាន មេត្តាប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីអគ្គិភ័យ ត្បិតរដូវនះ គឺជារដូវក្តៅហួតហែង ហើយមេត្តាពិនិត្យចំពោះផ្លូវចេញ ចូល និងខ្សែបណ្តាញអគ្គិសនី ឆ្លងកាត់ធ្វើយ៉ាងណា ទុកផ្លូវសម្រាប់ការអន្តរាគមន៍ របស់សមត្ថកិច្ច ក៏ដូចជា រថយន្តពន្លត់អគ្គិភ័យ ៕ ដោយ ៖ បញ្ញាស័ក្តិ