ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានចេញសេចក្តីណែនាំ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញ ដល់អ្នកនយោបាយជាប់បម្រាមទាំងអស់ ដែលចង់បានសិទ្ធិធ្វើនយោបាយឡើងវិញនោះ ត្រូវតែធ្វើលិខិតស្នើសុំដាច់ដោយឡែកពីគ្នាទៅកាន់ក្រសួងមហាផ្ទៃ។
បើតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា យោងតាមមាត្រា ៤៥ ថ្មី (ស្ងួនមួយ) នៃច្បាប់ស្តីពីគណបក្សនយោបាយ បុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ នឹងអាចទទួលបានវិញនូវសិទ្ធិនយោបាយពេញលេញ ទៅតាមករណីដូចខាងក្រោម ៖
១៖ ការទទួលបានសិទ្ធិនយោបាយពេញលេញឡើងវិញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ដែលកំណត់ដោយសាលដីការបស់តុលាការកំពូល ។
២៖ ការទទួលបានសិទ្ធិនយោបាយពេញលេញឡើងវិញ ដោយការផ្តល់នីតិសម្បទាដោយ ព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ដើម្បីធានាអនុវត្តចំពោះចំណុចទី ២ ខាងលើនេះ ក្រសួងមហាផ្ទៃសូមធ្វើការណែនាំអំពីបែបបទ និងនីតិវិធីសម្រាប់ការផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញដូចតទៅ ៖ ក. បុគ្គលដែលត្រូវបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ ត្រូវដាក់ពាក្យស្នើសុំនីតិសម្បទាឡើងវិញ ទៅក្រសួងមហាផ្ទៃ នៅរៀងរាល់ម៉ោងធ្វើការងារ។ ខ. ពាក្យស្នើសុំត្រូវមានបញ្ជាក់អំពីអត្តសញ្ញាណរបស់បុគ្គលស្នើសុំ សេចក្តីសម្រេចរបស់តុលាការ ដែលហាមឃាត់ការធ្វើសកម្មភាពនយោបាយ ព្រមទាំងមានផ្តិតស្នាមម្រាមដៃ នៃបុគ្គលដាក់ពាក្យស្នើសុំ។ គ. ពាក្យស្នើសុំត្រូវធ្វើឡើងដាច់ដោយឡែកពីគ្នា ដោយបុគ្គលដែលត្រូវបានតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយ។ ឃ. បន្ទាប់ពីបានពិនិត្យលើពាក្យស្នើសុំរបស់បុគ្គលម្នាក់ៗ ដែលបានដាក់ពាក្យស្នើសុំ ក្រសួងមហាផ្ទៃនឹងលើកសំណើជូននាយករដ្ឋមន្ត្រី ដើម្បីស្នើថ្វាយព្រះមហាក្សត្រ លើកលែងបម្រាមហាមឃាត់ធ្វើសកម្មភាពនយោបាយ ដោយអនុលោមតាមបទប្បញ្ញត្តិមាត្រា ៤៥ថ្មី (ស្ងួនមួយ) នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ង. សាមីខ្លួននឹងអាចធ្វើសកម្មភាពនយោបាយឡើងវិញបានស្របតាមច្បាប់របស់ ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមានព្រះរាជក្រឹត្យស្តីពីការផ្តល់នីតិសម្បទាឡើងវិញ ៕ ដោយ ៖ កូឡាប