ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៩នេះ ការិយាល័យនគបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ បានបញ្ជូនអ្នក បើកបររថយន្ដ ក្រុមហ៊ុន CPAC ដែល បើកបុកម៉ូតូរះម៉ូតូ៤គ្រឿង និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បណ្ដាលឲ្យគ្រូបង្រៀនម្នាក់ស្លាប់ និងរបួសសរុប៤នាក់ ទៅតុលាការដើម្បីបើកការស៊ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់។
មន្ត្រីនគរបាលចរាចរ បានឱ្យដឹងថា ជនបង្កមានឈ្មោះ ព្រុំ ប៊ុនណាត ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើត ភូមិអំពិលលើ ឃុំអំពិលលើ ស្រុកកំពុងសៀម ខេត្ដកំពង់ចាម។ ជាអ្នករថយន្តក្រឡុកស៊ីម៉ងត៍របស់ក្រុមហ៊ុន CPAC ពណ៌ស ពាក់ស្លាកលេខក្រុងព្រះសីហនុ 5A-0143 បានដាច់ហ្វ្រាំងបុកម៉ូតូរះម៉ូតូចំនួន៤គ្រឿង និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង បណ្ដាលឲ្យ ស្លាប់ម្នាក់ និងរបួស៤នាក់ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភ្លើងស្តុបមុខវិទ្យាល័យបឹងត្របែក តាមផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ម៉ូតូរងគ្រោះរួមមាន៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1C-0959, ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HI-2991, ម៉ូតូ MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FI-7127 និងម៉ូតូម៉ាកហុងដាកុបជ្រុង សេ៧០ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1AS-3072។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ សុខ សែល អាយុ៤៩ឆ្នាំ មុខរបរគ្រូបង្រៀននៅវិទ្យាល័យបឹងត្របែក ស្នាក់នៅសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ និងមានស្រុកកំណើត ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ជាអ្នកបើកម៉ូតូម៉ាក MSX បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យបានពាក់កណ្ដាលផ្លូវ ហើយក៏ដឹកសពយកមកស្រុកកំណើតវិញ៕ ដោយ ៖ បញ្ញាស័ក្តិ