នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចូលរួមសម្តែងការគួរសម និងកិច្ចជំនួបទ្វេភាគីលើវិស័យកសិកម្ម ជាមួយឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន ដែលប្រព្រឹត្តទៅនៅក្រសួងកសិកម្ម នៃសាធារណរដ្ឋហ្វីលីពីន។
នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថាការធ្វើកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ធ្វេីឡេីងក្នុងគោលបំណងបំពេញតម្រូវការឱ្យគ្នាទៅវិញទៅមក មិនមែនជាការប្រកួតប្រជែងគ្នានោះទេ ហើយប្រទេសទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែរឹងមាំបន្ថែមទៀត ជំរុញការរីកចម្រើនក្នុងវិស័យកសិកម្ម សំដៅចូលរួមចំណែកលេីកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍឱ្យមានចីរភាព។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន មានប្រសាសន៍ថាប្រទេសហ្វីលីពីន មានតម្រូវការលើផលិតផលកសិកម្មជាច្រើនពីប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកំណើនប្រជាជនហ្វីលីពីន ដែលកើនជាង១០លាននាក់ក្នុងមួយឆ្នាំ។ សាធារណរដ្ឋហ្វីលីពីនមានតម្រូវការដូចជាអង្ករ សាច់ជ្រូក សាច់គោ មាន់ ត្រី និងបន្លែផ្លែឈើជាច្រើន។ លេីសពីនេះភាគីហ្វីលីពីនក៏នឹងពិនិត្យមើលលើលទ្ធភាពក្នុងការវិនិយោគលើរោងម៉ាស៊ីនកិនស្រូវ និងការធ្វេីវារីវប្បកម្មផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានឱ្យដឹងទៀតថាក្រសួងកសិកម្មហ្វីលីពីន បានទទួលសិទ្ធក្នុងការនាំចូលអង្ករ និងម្ហូបអាហារ ដោយមានថវិកា ១០០លានដុល្លាសហរដ្ឋអាមេរិក។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូនៃក្រសួងកសិកម្មហ្វីលីពីន ទៅទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីពិនិត្យពីសក្តានុពលនៃផលិតផលកសិកម្មកម្ពុជា និងពិភាក្សាលម្អិតបន្ថែមទៀតរវាងវិស័យឯកជននៃប្រទេសទាំងពីរ។
សូមបញ្ជាក់ជូនថា គោលបំណងនៃកិច្ចជំនួបនេះគឺដេីម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកសិកម្មដោយផ្តោតលើចំណុចសំខាន់ចំនួន០២ រួមមានការធានាសន្តិសុខស្បៀង និងការធ្វើកសិពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីនផងដែរ៕រក្សាសិទ្ធដោយ៖សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2025/02/e315c5731e6fdee9ee235d0daaf83236-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/99ad8249e35f2e4333c9415f03cb3a93-1024x670.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/6d49a463ec1e4f25179e070e82f047ad-1024x652.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/8fd6a5976098c1e2afd1a248d0314252-1024x674.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/1a165c0689df2bbe233a853011a2e576-1024x768.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/385fd8250e06ccd5bc32de5b23587fe7-1024x662.jpg)
![](https://cen.com.kh/wp-content/uploads/2025/02/63ca00bc3ad95ce86ac68d207677ded0-1024x632.jpg)