ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញចូលរួមទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាចរាចរណ៍ផ្លូវគោក និងលោកជំទាវ កែ សួនសុភី ស សុខា។ កម្មវិធីនេះក៏មានការចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល មនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិក សមាជិកានៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម លោកជំទាវ ស្នងការ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ខេត្ត លោក លោកស្រី តំណាងអង្គការជាតិ អន្តរជាតិ វិស័យឯកជន និងមន្ត្រីរាជការជាច្រើនរូបទៀត។
ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ត្រូវបានរាជរដ្ឋាភិបាលប្រគល់ភារកិច្ចជូនគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកចាត់តាំង ប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០០៦មក ហើយក្នុងឆ្នាំ២០២៦នេះ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានសម្រេចរៀបចំពិធីនេះនៅខេត្តកំពង់ឆ្នាំងបន្តពីឆ្នាំ២០២៤កន្លងទៅ ដោយភ្ជាប់ជាមួយការរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងវិទ្យាល័យក្រុងកំពង់ឆ្នាំងនេះផងដែរ។
យោងតាមលទ្ធផលបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងរយៈពេល១២ខែ ឆ្នាំ២០២៥ ប្រៀបធៀបនឹងរយៈពេល ១២ខែ ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានចំនួន ២ ៣៤៥/២ ៨៤៤លើក ថយចុះ ៤៩៩លើក ស្មើនឹង ១៧,៥% ក្នុងនោះអ្នកស្លាប់ចំនួន ១ ៤៦៧/ ១ ៥០៩នាក់ ថយចុះ ៤២នាក់ ស្មើនឹង ២,៨% អ្នករបួសធ្ងន់ចំនួន ១ ៨៦៩/ ២ ២៧៣នាក់ ថយចុះ ៤០៤នាក់ ស្មើនឹង ១៧,៨% អ្នករបួសស្រាលចំនួន ១ ៣៤៤/ ១ ៤៤៧នាក់ ថយចុះ ១០៣នាក់ ស្មើនឹង ៧,១%។
សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅវិទ្យាល័យក្រុងកំពង់ឆ្នាំង ត្រូវបាន បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លើផ្ទៃដីទំហំ ២ ០០០ម៉ែត្រការ៉េ ដែលមានបណ្តោយប្រវែង ៥០ម៉ែត្រ និងទទឹង ៤០ម៉ែត្រ ដែលបំពាក់ដោយសញ្ញាចរាចរណ៍សម្រាប់យានយន្តមានចំនួន ៤គ្រាប់ និងភ្លើងសញ្ញាសម្រាប់ថ្មើរជើងមាន ចំនួន ៨គ្រាប់ ផ្លូវរថភ្លើងចំនួន ១ទីតាំង រោងសម្រាប់ជ្រកចំនួន ៦រោង ប្រព័ន្ធលូបង្ហូរទឹកប្រវែង ៨២ម៉ែត្រ រៀបចំប្រព័ន្ធទឹកនិងភ្លើង ចំនួន ១ឈុត ដាំបង្គោលផ្លាកសញ្ញានិងបំពាក់ផ្លាកសញ្ញាចំនួន ៤៤ផ្លាក បានគូសគំនូសសញ្ញាលើផ្លូវផងដែរ។ សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ នឹងក្លាយជាកន្លែងផ្តល់ចំណេះដឹងអំពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោកទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់នៅលើទីលានដល់សាធារណៈជនទូទៅ ជាពិសេស សម្រាប់កុមារ និងក្មេងជំទង់។ ជាងនេះទៀត តាមរយៈសួនសុវត្ថិភាពនេះ អ្នកប្រើប្រាស់នឹង ទទួលបានចំណេះដឹង ដូចជា៖ ការយល់ដឹងអំពីផ្លូវថ្នល់ សុវត្ថិភាពថ្មើរជើង សិទ្ធិអាទិភាពនៅ ត្រង់ផ្លូវប្រសព្វ ការបើកបរនៅកន្លែងផ្លូវកោង ការបើកបរនៅត្រង់ផ្លូវមានរង្វង់មូល កន្លែងមាន ផ្លូវដែកឆ្លងកាត់ ការបើកបរនៅលើស្ពាន និងការបើកបរនៅលើផ្លូវឯកទិសជាដើម៕រក្សាសិទ្ធដោយ៖សុទ្ធលី
















