ខេត្តបាត់ដំបង៖ បុរសម្នាក់ដែលជាខ្មាន់កាំភ្លើង បាញ់ប្រហារសម្លាប់ស្ត្រី២នាក់ ក្នុងនោះម្នាក់ត្រូវបានរាយការណ៍ថា ជាប្រពន្ធរបស់ខ្លួន ត្រូវបានកម្លាំងសមត្ថកិច្ចតាមប្រមាញ់ និងចាប់ខ្លួនបានហើយ បន្ទាប់ពីធ្វើសកម្មភាពបាញ់ប្រហារនៅស្រុកបាណន់ ខេត្តបាត់ដំបង។
ហេតុការណ៍ឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៣៖៣០នាទីរសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភូមិថ្មី ឃុំកន្ទឺរ១ ស្រុកបាណន់ ខេត្តបាត់ដំបង បណ្ដាលឱ្យស្ត្រី២នាក់ស្លាប់នៅនឹងកន្លែង។
យោងតាមព័ត៌មានបឋមពីសមត្ថកិច្ចជំនាញ ជនសង្ស័យដែលជាខ្មាន់កាំភ្លើង ត្រូវបានរាយការណ៍ថា ជាកូនប្រុសរបស់លោកមេឃុំកន្ទឺរ១។
ក្រោយធ្វើសកម្មភាពបាញ់ប្រហារលើជនរងគ្រោះ ជនសង្ស័យបានជិះរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុ។
ក្រោយមក កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការតាមប្រមាញ់ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបាន ដើម្បីយកមកសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់។
តាមចម្លើយសារភាពបឋមរបស់ជនសង្ស័យ បានបញ្ជាក់ថា មូលហេតុនៃអំពើបាញ់ប្រហារនេះ គឺផ្តើមចេញពីភ្លើងប្រច័ណ្ឌ។
បច្ចុប្បន្ន ជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់សមត្ថកិច្ច ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅអនុវត្តនីតិវិធីច្បាប់។រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN













