សៀមរាប ៖ បណ្ដាញសារព័ត៌មានមួយបានសរសេររឿងឃាតករដែលមិនស្គាល់មុខ ចាប់រំលោភសម្លាប់ក្មេងស្រី ម្នាក់នៅក្នុងស្រុកសូទ្រនិគម ប៉ុន្តែករណីនេះត្រូវបានរដ្ឋបាលស្រុកសូទ្រនិគមនិងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម កើតឡើងតាំងពីឆ្នាំ 2018 មកម្ល៉េះហើយបណ្ដាញសង្គម facebook មួយនេះចង់ល្បីចង់បាន like ចង់បាន share គឺយករូបនេះមកសរសេរឡើងវិញ ដើម្បីបំភាន់មិត្តអ្នកអានអ្នកតាមដានព័ត៌មានក៏ដូចជាបណ្តាញសង្គមផងដែរ។
នៅថ្ងៃទី 25 ខែកុម្ភៈឆ្នាំ 2019 នេះ រដ្ឋបាលស្រុកសូទ្រនិគម សូមបំភ្លឺជុំវិញព័ត៌មាន ករណីប្រទៈឃើញសាកសពក្មេងស្រី ស្ថិតក្នុងភូមិត្រពាំងត្រុំ ឃុំពពេល ។
តាមរយៈការបង្ហោះព័ត៌មានក្នុងផេក Hot New-ព័ត៌មានក្តៅៗ ករណីរំលោភសម្លាប់ក្មេងស្រី វេលាម៉ោង១០:០០នាទី នៅក្នុងព្រៃសហគមន៍ពពេល ក្នុងភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ដែលបានបង្ហោះ កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ។
ជាក់ស្តែងករណីខាងលើ គឺបានកើតឡើងតាំងពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ មកម្ល៉េះ ហើយករណីនេះសមត្ថកិច្ចបានធ្វើការស៊ើបអង្គេត និងស្រាវជ្រាវដើម្បីចាប់ជនល្មើសមកផ្តន្ទាទោស។
សូមបញ្ជាក់ថា បន្ទាប់ពីមានករណីខាងលើ គណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយ លោក ម៉ក់ ប្រុស បានបញ្ជាដល់កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងកងកម្លាំងប្រជាការពារ រឹតបន្តឹង សន្តិសុខ តាមដាន ចាប់មុខសញ្ញាជនល្មើសគ្រប់ប្រភេទ ក្នុងស្រុកសូទ្រនិគម ទាំងថ្ងៃទាំងយប់។
ម្យ៉ាងវិញទៀត លោកប្រធានបានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ធ្វើការផ្សព្វផ្សាយពីគោលការណ៍ភូមិឃុំមានសុវត្ថិភាព ដល់បងប្អូនប្រជាជន គ្រប់ទីកន្លែង។
ចំពោះករណីរូបភាពបង្ហោះខាងលើ គឺជាការបំពុលសង្គម បំភិតបំភ័យ ដល់សាធារណៈជន យកព័ត៌មានដែលកើតឡើងជាយូរណាស់មកហើយ មកបង្ហោះ ដើម្បីភាពទាក់ទាញ និងប្រាក់ចំណេញសម្រាប់ផេករបស់ខ្លួនតែប៉ុណ្ណោះ។
រដ្ឋបាលស្រុក សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមផ្តល់ព័ត៌មានមករដ្ឋបាលស្រុក ឬអាជ្ញាធរមូលដ្ឋានដោយផ្ទាល់ ដើម្បីរក្សាបានសន្តិសុខ សុខសុវត្ថិភាព និងទទួលបាននូវព័ត៌មានពិតប្រាកដ ហើយសូមអោយផេកខាងលើ បញ្ឈប់ការបង្ហោះព័ត៌មានដែលនាំអោយមានការបំភិតបំភ័យដល់សាធារណៈជនបន្តទៀត។
នៅថ្ងៃនេះដែរលោក វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សូមធ្វើការបកស្រាយបំភ្លឺ ចំពោះករណីផេកហ្វេសប៊ុក ឈ្មោះថា “Hot News-ព័ត៌មានក្ដៅៗ” ដែលបានចុះផ្សាយពត៌មានបំផ្លើសមួយ នាំឱ្យមានការយល់ច្រឡំ កាលពីវេលាម៉ោង ២២,២៧នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានខ្លឹមសារទាំងស្រុងដូចក្នុងរូបភាពភ្ជាប់ខាងក្រោមនេះស្រាប់ ។
ក្នុងនាមថ្នាក់ដឹកនាំ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សូមបកស្រាយបំភ្លឺជូនមហាជនគ្រប់មជ្ឈដ្ឋាន ដែលនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក សូមមេត្តាជ្រាបថា ករណីឃាតកម្មខាងលើនេះ ពិតជាបានកើតឡើងពិតប្រាកដមែន ប៉ុន្តែមិនមែនទើបតែកើតឡើងនោះទេ គឺកើតឡើងតាំងពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ០៨,៣០នាទី នៅចំណុចព្រៃសហគមន៍ ស្ថិតក្នុងភូមិសាស្ត្រ ភូមិត្រពាំងត្រុំ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
ប៉ុន្តែយើងខ្ញុំពិតជាមានការងឿងឆ្ងល់ តើផេកហ្វេសប៊ុកដែលមានឈ្មោះ “Hot News-ព័ត៌មានក្ដៅៗ” យកពត៌មានចាស់ទៅសរសេរផ្សាយម្ដងទៀត ក្នុងគោលបំណងអ្វី? ឬដើម្បីទាក់ទាញប្រជាប្រិយ៍ភាពពីសំណាក់មហាជន ដើម្បីទទួលបានការ Like & Share បានច្រើន មកលើផេករបស់ខ្លួន ។
យើងខ្ញុំជាថ្នាក់ដឹកនាំ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សូមផ្ដាំផ្ញើទៅម្ចាស់ផេកដែលមានឈ្មោះ “Hot News-ព័ត៌មានក្ដៅៗ” មុននឹងសរសេរពត៌មានផ្សាយ សូមមេត្តាគោរពវិជ្ជាជីវៈសារពត៌មានផង ជៀសវាងការបាត់បង់ជំនឿចិត្តពីសំណាក់មហាជនទៅលើផេករបស់អស់លោក ដោយសារតែការផ្សាយបែបលក្ខណៈលាបពណ៌ បំផ្លើស មួលបង្កាច់ការពិត និងប្រឌិតរឿង ធ្វើឱ្យមហាជនមានការយល់ច្រឡំ លើអត្ថបទរបស់ខ្លួន ៕ ដោយ:កូឡាប