Wednesday, February 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការកាត់ផ្ដាច់សេវាទូរគមនាគមន៍ពីខាងប្រទេសថៃមិនពាក់ព័ន្ធនឹងកម្ពុជា ហើយក៏មិនបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតទេ

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មការជាតិសោតទស្សន៍និងទូរគមនាគមន៍ (NBTC) នៃប្រទេសថៃ និងអាជ្ញាធរមូលដ្ឋានថៃបានចាត់វិធានការកាត់ផ្តាច់បណ្តាញខ្សែកាបអុបទិក និងរុះរើបង្គោលអង់តែនរបស់ប្រតិបត្តិករទូរគមនាគមន៍ថៃក្នុងខេត្តស្រះកែវ នៃប្រទេសថៃ ដែលសង្ស័យថា ត្រូវបានប្រើប្រាស់ដោយក្រុមឆបោកអនឡាញនៅតាមតំបន់ព្រំដែន។

ករណីនេះ ក.ប.ទ. សូមបញ្ជាក់ជូនថា ការកាត់ផ្ដាច់សេវាទូរគមនាគមន៍ពីខាងប្រទេសថៃមិនពាក់ព័ន្ធនឹងកម្ពុជា ហើយក៏មិនបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតទេ ពីព្រោះប្រជាពលរដ្ឋនៅទីនោះប្រើប្រាស់សេវាអ៊ីនធឺណិតនិងសេវាទូរសព្ទរបស់ប្រតិបត្តិករក្នុងស្រុក ដែលមានអាជ្ញាបណ្ណស្របច្បាប់។

កន្លងមក ក.ប.ទ. និងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) ក៏បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ចំពោះការលួចដំឡើងបណ្តាញទូរគមនាគមន៍ខុសច្បាប់នៅតាមខេត្តក្រុង និងតំបន់ជាប់ព្រំដែនផងដែរ ជាអាទិ៍ ការស្ថាបនាបណ្តាញខ្សែកាបអុបទិកក្នុងប្រទេសនិងឆ្លងដែនដោយគ្មានអាជ្ញាបណ្ណ ការលួចបំពាក់ឧបករណ៍ចាប់យកសេវាទូរគមនាគមន៍ខុសច្បាប់ ស្ថានីយអង់តែន Fake BTS និងការលួចប្រើប្រាស់សេវាអ៊ីនធឺណិតតាមផ្កាយរណបជាដើម ដែលបម្រើឱ្យសកម្មភាពរបស់កាស៊ីណូ ល្បែងអនឡាញ និងការឆបោកអនឡាញខុសច្បាប់ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ក.ប.ទ. ក៏សូមគូសបញ្ជាក់ជូនថា ដើម្បីធានាបាននូវសេវាទូរគមនាគមន៍ដែលមានគុណភាពខ្ពស់ និងការប្រើប្រាស់ប្រកបដោយសុវត្ថិភាព ក.ប.ទ. បានចាត់ឱ្យ ន.ទ.ក. សហការជាមួយប្រតិបត្តិករទូរគមនាគមន៍ ធ្វើការស្ថាបនានិងបំពាក់ស្ថានីយអង់តែនទូរសព្ទជាង ៥០០០ បន្ថែមនៅទូទាំងប្រទេសចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៧៕ រក្សាសិទ្ធដោយ៖ សុទ្ធលី