ភ្នំពេញ ៖ ករណីបែកធ្លាយរូបថតជាច្រើនសន្លឹករបស់លោកស្នងការរងនគរបាលខេត្តកណ្តាល ឈ្មោះ ស្រេង សុខា ភ្ជាប់ពាក្យជាមួយកូនក្រមុំ អាយុស្មើកូនខ្លួនឯង ហ៊ានសំញ៉ែងសុទ្ធតែ ខ្សែក្រវាត់ពេជ្រ និងជំនួន១០ម៉ឺនដុល្លារ បូកនិងឡានឡិចស៊ីស៥៧០១គ្រឿងទៀត កំពុងល្បីលើបណ្តាញសង្គម និងសារព័ត៌មានហើយក៏មានអ្នកធំ អ្នកតូចមួយចំនួនបញ្ចេញមតិ សរសើរនិងរិះគន់ផងដែរ ។
ជាមួយនឹងព្រឹត្តិការណ៍នេះ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្តេចតេជោនាយករដ្ឋមន្ត្រី បានសរសេរលើផេកហ្វេសប៊ុក ឈ្មោះ Sinath Hun កាលពីថ្ងៃទី២៥ខែកុម្ភៈថា “ខ្ញុំគិតថាចំពោះរឿងថ្លៃទឹកដោះនេះ វាអត់ស្អីចំឡែកសោះ បើយើងទាំងអស់គ្នា កុំគិតទៅផ្លូវផ្សេងៗ ពីព្រោះការកូនមួយៗ ១០ ម៉ឺនដុល្លារនេះ សួរថាកាត់សម្លៀកបំពាក់ និងជួលកន្លែងហាងញាំ ម្ហូបថ្លៃមួយតុៗមិនដឹងប៉ុន្មាន ជួលសំអាងតុបតែងខ្លួននោះ ដឹងគ្រាន់មិនគ្រាន់ដែរទេ ? ខ្ញុំមើលទៅម្នាក់ៗ ប្រឹងជាន់គ្នាដកស្លាបកែវហើយ ។ ធម្មតាពិធីភ្ជាប់ពាក្យ ទាំងខ្ញុំទាំងគេ ក្នុងថ្ងៃនេះផងដែរ ត្រូវតែបញ្ចេញដាក់ដើម្បីឲ្យញាតិដឹងឮហើយ នេះមិនមែនជាការសំញ៉ែង ហើយផ្គើននឹងអនុសាន៍សម្ដេចទេ ។ ម្យ៉ាងទៀតសម្ដេច ខ្ញុំយល់ថា គាត់ដឹងអារឿងកម្មវិធីការកូនចៅ ត្រូវដាក់ថ្លៃទឹកដោះនេះ ក្នុងថ្ងៃភ្ជាប់ពាក្យ ហើយលោកមិនគិតទៅផ្លូវផ្សេងៗនោះទេ ហើយកុំថាខ្ញុំកាន់ជើងស្នងការរងអី មិនដែលស្គាល់ទេ និយាយតាមតែខ្ញុំធ្លាប់ការកូន។ សូមជូនពរដល់លោកស្នងការរង ក្នុងកម្មវិធីភ្ជាប់ពាក្យនេះ និងក្នុងថ្ងៃអាពាហ៍ពិពាហ៍ខាងមុខនេះ សូមមានសេចក្ដីសុខពេញមួយជីវិត ។ ស៊ូៗត្រូវព្យុះបន្ដិចបន្តួច កុំទោរទន់ឲ្យសោះ”។
ចំណែក លោកហ៊ុន ជា ដែលត្រូវជាក្មួយសម្តេចតេជោផងដែរនោះ ក៏បានសរសេរថា៖ “ដឹងតើថាមនុស្សយើងស្រឡាញ់មាសនិងពេជ្រ តែស្រឡាញ់ដល់ថ្នាក់ហ្នឹងដូចពែកទេដឹង លោកបង ផ្កាយ ( ក្បាលខ្សែក្រវ៉ាត់ )”។
រីឯកលោក San Prum ជាមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានលើកឡើងដែរថា ផ្កាយផ្គើនសម្តេច!!!!។
ថ្ងៃមុនលោក មេប៉អឹម គឹម រស្មី ត្រូវអស់បុណ្យសក្តិ ដោយសារតែសំញ៉ែងទ្រព្យសម្បត្តិ…ប៉ុន្តែថ្ងៃនេះ មានលោកស្នងការរង ខេត្តកណ្តាល ឈ្មោះ ស្រេង សុខា ម្នាក់ទៀតហើយ គ្រាន់តែភ្ជាប់ពាក្យជាមួយកូនក្រមុំអាយុស្មើកូនខ្លួនឯងសោះ ហ៊ានសំញ៉ែងសុទ្ធតែ ខ្សែក្រវាត់ពេជ្រ និងជំនូន១០ម៉ឺនដុល្លារ បូកនិងឡានឡិចស៊ីស៥៧០…១គ្រឿងទៀត….តើលោកស្នងការរងមិនខ្លាចសម្តេចយល់ថា លោកកំពុងតែផ្គើននឹងអនុសាន៍សម្តេចទេឬ?? ឬលោកមានចេតនា ឲ្យប្រជាពលរដ្ឋអ្នកក្រីក្រ កាន់តែយល់ច្រឡំថា មន្ត្រីរាជការកាន់តំណែងខ្លាញ់ មកពីគណបក្សប្រជាជន សុទ្ធតែជាមហាសេដ្ឋីមានទ្រព្យ ក្នុងពេលរាស្ត្រខ្លះរកព្រឹកខ្វះល្ងាច…. ខ្ញុំសរសើរលោកណាស់ ដែលលោកចេះ ជួយសន្សំពិន្ទុឲ្យបក្សប្រឆាំង….។ល។”។
ក្នុងនោះដែរ ផេកហ្វេសប៊ុក Pov Malish បានបញ្ចេញនូវមតិថា “ពិតណាស់អ្នកមីង ក្មួយគិតថា គ្មានអ្វីចំលែកដែរ ថ្លៃទឹកដោះខ្ពស់ កម្មវិធីរៀបចំក៏ធំដុំដែរ ធម្មតាៗបាយថ្ងៃត្រង់ផង ម្ហូបមួយតុជិត200$ រោងតាំងផ្កាល្មមក៏មួយម៉ឺនឡើងដែរ ចុះចំណាយផ្សេងៗនោះ អ្នកហៃអើ ចាំតែហៃអើ ខ្វះកាពិចារណា ប្រាក់ឬ ទ្រព្យគេសោះ ខំប្រឹង ច្រណែនគេ គេចេះគេចុះ យី មនុស្សលោក ពិតមែន”។
នៅលើបណ្តាញសង្គមហ្វេសប៊ុក បានលើកឡើងថា ស្គាល់មុខម្ចាស់ខ្សែប្រវ៉ាត់ដាំពេជ្រ និងនាឡិកាថ្លៃកប់ពពកហើយ គឺជាលោក ស្រេង សុខា ជាស្នងការរងខេត្តកណ្តាល ពលរដ្ឋនិងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានចែកចាយព័ត៌មានមួយនេះ យ៉ាងកក្រើក ក្នុងនោះអ្នកលេងបណ្តាញសង្គម ភាគច្រើនទាំងអ្នកមាននិន្នាការប្រឆាំង និងគាំទ្ររដ្ឋាភិបាល។
ទន្ទឹមនោះយើងក៏មានចម្ងល់ថា តើបុគ្គលនេះ ប្រកបមុខរបបអ្វី បានជាមានលុយ មានមាសពេជ្រ បង្អួតយ៉ាងហំហាន យ៉ាងនេះ?
ហើយបុគ្គល់នេះ ក៏ធ្លាប់ត្រូវបានមានរឿងអាស្រូវ ពាក់ព័ន្ធនិងគ្រឿងញៀនក្នុងផ្ទះសំណាក់របស់ខ្លួនម្តង ជាពីរដង រួចមកហើយដែរ ៕ ដោយ ៖ បញ្ញាស័ក្តិ