ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលជួបពិភាក្សាការងារជាមួយកឧត្តម Nobert BARTHLE ជាសមាជិកសហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការ នៃប្រទេសអាល្លឺម៉ង់។
នៅក្នុងជំនួបដ៏មានសារសំខាន់នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណរដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងតែជួយដល់កិច្ចអភិវឌ្ឍន៍កម្ពុជា ដោយសម្ដេចបានបង្ហាញការកត់សម្គាល់ថា រាល់ការអភិវឌ្ឍន៍របស់កម្ពុជា មិនអាចកាត់ផ្ដាច់ បានពីជំនួយគាំទ្រ របស់រដ្ឋាភិបាលអាល្លឺម៉ង់បានឡើយ ។
ពាក់ព័ន្ធសំណើសុំស្វែងយល់ អំពីកិច្ចការសំខាន់ ដែលក្រសួងមហាផ្ទៃកំពុងអនុវត្ត សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ជម្រានជូនភ្ញៀវ អំពីអភិបាលកិច្ចល្អ និងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយសម្ដេចបានអះអាងថា បើទោះបីជាមានឧបសគ្គខ្លះមែន ប៉ុន្តែការងារនេះត្រូវបានរាជរដ្ឋាភិបាល ប្ដេជ្ញាចិត្តរួចហើយថា នឹងធ្វើឲ្យបានជោគជ័យ ។
សម្ដេចបានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់លើកកម្ពស់ សមត្ថភាពមន្ត្រីថ្នាក់ឃុំសង្កាត់ ដើម្បីឲ្យពួកគាត់មានលទ្ធភាព កាន់តែច្រើន ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន តាមយៈការបង្កើនថវិកា តាមឆ្នាំជាបន្តបន្តាប់ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ដែលរាជរដ្ឋាភិបាល បានកំណត់រួចហើយនោះ ។
សម្ដេច ក៏បានមានប្រសាសន៍ដែរថា រាជរដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃ កំពុងខិតខំពង្រីកបន្ថែមទៀត នូវការិយាល័យច្រកចេញចូលតែមួយ ដែលបច្ចុប្បន្ននេះ បាននឹងកំពុងដំណើរការនៅគ្រប់រាជធានី-ខេត្ត ប្រមាណជាង៥០កន្លែងរួចហើយ ដើម្បីពង្រឹងការផ្ដល់សេវា ជូនពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ។
សម្ដេចក្រឡាហោម មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃ កំពុងធ្វើកំណែទម្រង់រដ្ឋបាល ក្រុងស្រុកខណ្ឌ ដែលនេះជាគន្លឹះមួយ យ៉ាងសំខាន់នាំឲ្យការធ្វើកំណែទម្រង់ រដ្ឋបាលថ្នាក់ក្រោមជាតិ កាន់តែទទួលបានជោគជ័យ មួយកម្រិតទៀត។
បន្ទាប់មកលោកប្រធានប្រតិភូអាល្លឺម៉ង់ បានសម្ដែងការគាំទ្រ និងកោតសរសើរ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ពិសេសសម្ដេចក្រឡាហោម ស ខេង តែម្ដង ដែលអាល្លឺម៉ង់ កត់សម្គាល់ឃើញថា បានដឹកនាំអនុវត្តការងារ កំណែទម្រង់រដ្ឋបាល ថ្នាក់ក្រោមជាតិ ទទួលបានជោគជ័យ ជាបន្តបន្ទាប់ និងបានដាក់ចេញ ទិសដៅប្រកបដោយភាពជឿជាក់។
លោក Norbert បានជម្រាបជូនសម្ដចក្រឡាហោម ស ខេង ថា រដ្ឋាភិបាលអាល្លឺម៉ង់ មានបំណងចូលរួម ក្នុងកិច្ចការអភិវឌ្ឍន៍កម្ពុជា ជាបន្តទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសការបន្ថែមនូវសមិទ្ធផលថ្មីៗទៀត ដែលអាល្លឺម៉ង បានសហការចូលរួមគាំទ្រកន្លងមក។
តាមរយៈបំណងនេះហើយ នៅក្នុងឱកាសនៃជំនួបនេះ លោកប្រធានប្រតិភូ បានគោរពអញ្ជើញ សម្ដេចក្រឡាហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ច នៅសហព័ន្ធអាល្លឺម៉ង់ ក្នុងពេលវេលាសមស្រប ដើម្បីទទួលយក និងផ្លាស់ប្ដូរបទពិសោធន៍បន្ថែមទៀត ទៅលើអ្វីដែលជាមូលដ្ឋាន នៃការកែទម្រង់របស់កម្ពុជា ឲ្យកាន់តែទទួលបានជោគជ័យ៕ ដោយ៖កូឡាប