ជាការពិតណាស់ ក្មេងអាយុក្រោម ១០ ឆ្នាំ គឺជាវ័យមួយគួរទទួលបាននូវជីវិតដ៏រីករាយ នៅក្នុងគ្រួសារ និងបានទៅរៀនសូត្រដូចក្មេងៗដទៃទៀតផងដែរ ។ ទោះយ៉ាងណា ពិតអភព្វណាស់ សំរាប់ក្មេងប្រុសអាយុ ៩ ឆ្នាំម្នាក់នេះ ដែលឪពុកស្លាប់ចោលដោយគ្រោះថ្នាក់ចរាចរណ៍ និងត្រូវរ៉ាប់រងគ្រួសារ ដោយដើររើសអេតចាយ ស្ទើរពេញៗមួយយប់ ដើម្បីរកលុយទិញថ្នាំពេទ្យ ព្យាបាលម្តាយរបស់គេកំពុងមានជំងឺ ។
យោងតាមគេហទំព័រព័ត៌មានវៀតណាម បានចុះផ្សាយឲ្យដឹងថា ក្មេងប្រុសដ៏កត្តញូរូបនេះ បានចាប់ផ្តើមចេញដើររើសសំបកកំប៉ុង និងដប ចាប់តាំងពីថ្ងៃរហូតដល់ម៉ោង ៣ ទាបភ្លឺ ទើបឈប់សម្រាក ។
ប្រភពព័ត៌មានបន្តថា ក្មេងប្រុសនេះត្រូវចំណាយពេល ៤ ម៉ោង ក្នុងការជិះកង់ទៅរើសអើតនៅក្នុងទីក្រុង Sai Gon និងវិលមកផ្ទះវិញ ។
ក្មេងប្រុសក្រីក្ររូបនេះ បាននិយាយថា រូបគេបានចូលរៀនថ្នាក់ក្រៅម៉ោងមួយ ដែលមានឈ្មោះថា “happy class” ចាប់ពីម៉ោង ៣ ទៅ ៤ កន្លះល្ងាច ហើយបន្ទាប់ពីនោះ ជាពេលវេលាត្រូវចេញរកលុយហើយ ។
បើទោះបី ការងារខាងក្រៅ នៅពេលយប់ គឺជាការងារដ៏ប្រឈមនឹងហានិភ័យផ្សេងៗ ព្រោះជាវេលាដ៏ស្ងាត់ជ្រងំ មនុស្សមិនអ៊ូរអរដូចពេលថ្ងៃក្តី តែក្មេងប្រុសរូបនេះហាក់គ្មានការភ័យខ្លាចអ្វី ក្រៅពីខ្លាចគ្មានលុយទិញថ្នាំពេទ្យឲ្យម្តាយឡើយ ៕ រក្សា