កំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីណែនាំ ស្ដីពីការបង្ការទប់ស្កាត់ អន្ដរាគមន៍គ្រោះអគ្គិភ័យ និងវិធានការរក្សាទឹកទុក ខណៈដែលកម្ពុជានឹងទទួលរងនូវឥទ្ធិពលបាតុភូត អ៊ែល នីណូ នារដូវប្រាំង និងដើមរដូវវស្សាឆ្នាំ ២០១៩ នេះ ។
បើតាមសេចក្ដីណែនាំ របស់រដ្ឋបាលខេត្តកំពង់ស្ពឺលោកអភិបាលខេត្តវីសំណាង បានថ្លែងនៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៩ នេះថា ដោយផ្អែកលើស្ថានភាពអាកាសធាតុខាងលើ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមធ្វើការណែនាំដើម្បីបង្ការទប់ស្កាត់ អន្តរាគមន៍គ្រោះអគ្គីភ័យ និងចាត់វិធានការរក្សាទឹកទុក សម្រាប់ប្រើប្រាស់ ដូចខាងក្រោម ៖ ប្រជាពលរដ្ឋដែលរស់នៅតាមមូលដ្ឋាន ទីប្រជុំជននានា និងគ្រប់ទីវត្តអារាមសាសនា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើង ធូប ទៀន ចង្ក្រាន និងបណ្តាញអគ្គិសនី មុននឹងចេញដំណើរទៅទីជិត ឬទីឆ្ងាយ ជាពិសេសគួរចៀសវាងការដុតសំរាម ចំបើង និងជើងជាំង។ បងប្អូនប្រជាកសិករគួរបង្កបង្កើនផលស្រូវរដូវប្រាំងតែមួយដងប៉ុណ្ណោះ នៅក្នុងឆ្នាំ២០១៩នេះ ទោះបីជាមានទឹក នៅតាមបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនទៀត ដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងអស់នោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងស្ថាប័នឯកជនទាំងអស់ក្នុងខេត្ត ត្រូវមានវិធានការរួចជាស្រេច ក្នុងការបង្ការគ្រោះអគ្គីភ័យ ដោយត្រៀមលក្ខណៈបំពាក់បំពង់ពន្លត់អគ្គីភ័យ និងផ្សព្វផ្សាយដល់និយោជិតរបស់ខ្លួនឲ្យបានយល់ដឹងពីហានិភ័យទាំងនេះ។
អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវផ្សព្វផ្សាយ ណែនាំបងប្អូនប្រជាពលរដ្ឋឲ្យបានដឹង និងយល់ច្បាស់ពីហានីភ័យ ដែលអាចកើតមានឡើងជាយថាហេតុ និងត្រូវមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រៀមលក្ខណៈ គ្រប់បែបយ៉ាងទាំងឧបករណ៍សម្ភារ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីដែលមានគ្រោះអគ្គីភ័យ និងគ្រោះធម្មជាតិនៅតាមមូលដ្ឋាន និងត្រូវចាត់វិធានការក្នុងការថែរក្សាទឹកទុកឲ្យបានល្អ សម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋដែលត្រូវការចាំបាច់។
ស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាននគរបាលក្រុង និងស្រុក ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តពន្លត់អគ្គីភ័យ និងណែនាំដល់មន្ត្រីនគរបាល បង្ការពន្លត់អគ្គីភ័យ ដើម្បីត្រៀមខ្លួនប្រចាំការ២៤ម៉ោងដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ៕ ដោយ : កូឡាប