ភ្នំពេញ ៖ យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតរបស់មន្ត្រីជំនាញ នៅវេលាម៉ោង ៣៖០៥នាទី ទៀបភ្លឺ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមការសម្របសម្រួលនីតិវិធីពី លោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រា្កបករណីនាំចូលបង្គាពីប្រទេសវៀតណាម ពុំមានច្បាប់អនុញ្ញាត ដឹកតាមរថយន្តចំនួន ០៣គ្រឿង៖ 2-ម៉ាក HYUNDIA ស្លាកលេខ 3A 0869, 2-ម៉ាកសាំងយ៉ុងកែឆ្នៃ ស្លាកលេខ 2A 0342, 3-ម៉ាក HYUNDIA គ្មានស្លាកលេខ នៅចំណុចគីឡូម៉ែត្រលេខ15 ផ្លូវជាតិលេខ 3 ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីការត្រួតពិនិត្យសមត្ថកិច្ចចម្រុះ បានឆែកឆេរជាក់ស្តែងរកឃើញ៖ បង្គា(បង្គាមានចាក់សារធាតុម្យ៉ាងខាប់ដូចចាហួយចូលក្បាលបង្គា) និងគ្រឿងសមុទ្រមួយចំនួន និងគ្មានច្បាប់អនុញ្ញាតចំនួន ៣៧៦កេស មានទម្ងន់ប្រមាណ ៧៥២០គីឡូក្រាម ។
សមត្ថកិច្ចបញ្ជាក់ថា ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារង ខាំ សុផារី បានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ននៅនាយកដ្ឋាន (ដោយយកវត្ថុតាងមួយចំនួនទៅធ្វើការពិសោធន៍រកសារធាតុហាមឃាត់) ហើយនិងបន្ទាប់មកបានបញ្ជាឲ្យយកបង្គាដែលមានចាក់បញ្ចូលសារធាតុដូចបានរៀបរាប់ខាងលើ និងគ្មានច្បាប់ យកទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាមបឹងជើងឯក នៅវេលាម៉ោង៣៖១០នាទីល្ងាចថ្ងៃដដែល និងបាននាំខ្លួនអ្នកបើកបររថយន្តចំនួន ០៣នាក់ មកសាកសួរបំភ្លឺនៅនាយកដ្ឋាន ដើម្បីស្វែងរកម្ចាស់បន្តនីតិវិធីតាមផ្លូវច្បាប់ ៕ ដោយ ៖ កូឡាប