ឧត្តរមានជ័យ ៖ អាជ្ញាធរមីន បានប្រកាសព័ត៌មានបឋម ថា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៣ និង ១០នាទីរសៀល មានករណីផ្ទុះមីនតោននៅចំណុចផ្លូវបារាំង ភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បានបណ្ដាលឲ្យស្លាប់ ដល់ប្រជាពលរដ្ឋស្លូតត្រង់ចំនួន ២នាក់ និងរបួស១នាក់ រួមមាន ៖
១-ឈ្មោះ ហុក រ៉ាឆាន់ អាយុ១៨ ឆ្នាំ ស្នាក់នៅ ភូមិព្រះអណ្តូង ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ។
២-ឈ្មោះ មៅ កំសត់ ប្រុស អាយុ ២០ឆ្នាំ ស្នាក់នៅ ភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ។
៣- ឈ្មោះ តែម ប៊ុនធីម អាយុ៤៩ឆ្នាំ រងរបួសធ្ងន់ ស្នាក់នៅភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងសម្តេចកត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងការ សោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីទទួលព័ត៌មានថា មានបងប្អូនប្រជាពលរដ្ឋចំនួន២នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ ដោយសារផ្ទុះមីនតោន ដែលជាឃាតលលាក់មុខនៅផ្លូវបារាំង ភូមិសែនសំ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។ នេះជាការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានអាជ្ញាធរមីន ។
បើតាមលោកទេសរដ្ឋមន្ត្រី, សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមចូលរួមរំលែកនូវមរណៈទុក្ខដ៏ក្រៀមក្រំបំផុត ជូនចំពោះគ្រួសារនៃសព និងសូមឲ្យវិញ្ញាណក្ខន្ធ លោកទាំងពីរបានទៅសោយសុខគតិភព និងកុំឲ្យមានអាយុខ្លីដូចជាតិនេះទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានខិតខំនិងលះបង់គ្រប់បែបយ៉ាង ដើម្បីបញ្ចប់សង្គ្រាម និងសង្គ្រោះប្រទេសជាតិ និងប្រជាជនឲ្យចេញផុតពីសោកវិនាសកម្មដោយសារសង្គ្រាមខ្មែរ និងខ្មែរ រហូតដល់ប្រទេសកម្ពុជាមានសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ប៉ុន្តែកាកសំណល់ពីសង្គ្រាមនៅតែជាទុក្ខកង្វល់របស់សម្តេចតេជោ ពីព្រោះវាជាឃាតក លាក់មុខ ហើយបានសម្លាប់បងប្អូនប្រជាពលរដ្ឋជាញឹកញាប់។
ឆ្លៀតក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូល និងយកគ្រឿងចក្រធន់ធ្ងន់ចូលទៅរុករាន់ដីថ្មី នៅក្នុងតំបន់ភូមិសាស្ត្រ អតីតសមរភូមិ ដោយប្រថុយប្រថាន និងជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ស្នើសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំយកសំណល់ជាតិផ្ទុះពីសង្គ្រាមទៅធ្វើការកែច្នៃសម្រាប់ ប្រើប្រាស់ផ្សេងៗជាដាច់ខាត ពីព្រោះវានឹងធ្វើឲ្យបងប្អូនរបួស និងស្លាប់បាន ហើយការកែច្នៃសំណល់ជាតិផ្ទុះពីសង្គ្រាមគឺជាទង្វើខុសច្បាប់ថែមទៀត។ នេះជាការបន្ថែមពីលោក លី ធុជ។
លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា នៅថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១៖១០នាទីរសៀល ប្រជាពលរដ្ឋចំនួន ៣ នាក់ ស៊ីឈ្នួលបោសសំអាតគ្រាប់មីន បានទទួលរងគ្រោះថ្នាក់ផ្ទុះមីនតោនបណ្តាលឲ្យផ្ទុះស្លាប់ ០២ នាក់ និងម្នាក់ទៀតពុំរងរបួសទេ ហេតុការណ៍នេះកើតឡើងនៅលើដីចំការរបស់ ឈ្មោះ *មាន សីហា* ភេទប្រុស ចំណុចផ្លូវបារាំង ភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ។
នេះជាសោកវិនាសកម្មមួយនិង សូមចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំបំផុត! សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋចៀសវាងដាច់ខាតកុំប្រកបមុខរបររកស៊ីដោះមីនដោយគ្មានការហ្វឹកហ្វឺននិងសម្ភារបច្ចេកទេសត្រឹមត្រូវ ហើយមុខរបរបែបនេះជាទង្វេីមុខច្បាប់និងប្រថុយប្រថានជីវិតខ្លួនឯង។ ទន្ទឹងនឹងនេះសុំអំពាវនាវបងប្អូនម្ចាស់ដីដែលសង្ស័យថាជាដីមានកប់គ្រាប់មីន សូមមេត្តាកុំជួលអ្នកគ្មានវិជ្ជាជីវ:ដោះមីននិងអង្គភាពច្បាស់លាស់ មកបោសំអាតដីរបស់ខ្លួនព្រោះថា អាចគ្រោះថ្នាក់អ្នកដោះមីននោះ ឬក៍ម្ចាស់ដីខ្លួនឯងដែរ៕ ដោយ ៖ កូឡាប