Sunday, December 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បី​ជំរុញ​ការដឹកជញ្ជូន​តាមផ្លូវ​ដែក​លោក ស៊ុន ចាន់ថុល ដឹកនាំ​ប្រជាពលរដ្ឋ​ស្រុក​កោះធំ ប្រមាណ​៦៥១​នាក់ ធ្វើដំណើរ​កំសាន្ត​តាម​រថភ្លើង ទៅកាន់​ខេត្តកំពង់ឆ្នាំង

​ភ្នំពេញ​ : ​ថ្ងៃអាទិត្យ ១២​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៩ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រួមជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៦៥១​នាក់ មកពី​បណ្តា​ឃុំ​នានា​ក្នុងស្រុក​កោះធំ ខេត្តកណ្តាល ធ្វើដំណើរ​កំសាន្ត​តាម​រថភ្លើង ផ្តើមចេញ​ដំណើរ​ពី​ស្ថានីយ៍​រថភ្លើង​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ស្ថានីយ​រមាស ស្ថិតក្នុង​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​

​ការដឹកនាំ​ប្រជាពលរដ្ឋ​ស្រុក​កោះធំ​ធ្វើដំណើរ​កំសាន្ត​តាម​រថភ្លើង​ជា​លើក​ទី​បួន​នេះ រៀបចំឡើង ដើម្បី​ជំរុញ ឲ្យ​មានការ​គាំទ្រ​លើ​ការធ្វើដំណើរ​តាម​រថភ្លើង​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ (​ភ្នំពេញ​-​ប៉ោយប៉ែត​) ដែល រាជរដ្ឋាភិបាល​កម្ពុជា​បាន​ត​ភ្ជាប់​ឡើងវិញ​ទាំងស្រុង​កាលពី​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅ ក្រោយពី​ការខកខាន​ដំណើរការ និង​កាត់ផ្តាច់​ដោយសារ​សង្គ្រាម​អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​។​

​នេះ​ជា​សារ​បញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុងការ​ស្តារឡើងវិញ ប្រព័ន្ធ​ផ្លូវដែក​កម្ពុជា ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​នៅក្នុង​សម័យ​សង្គ្រាម និង​ជាការ​ចង់​ឲ្យ​អ្នកស្រុក​កោះធំ បាន​ស្គាល់​រសជាតិ​នៃ​ការធ្វើដំណើរ​តាម​រថភ្លើង ដែល​ពួកគាត់​ក៏ដូចជា​ប្រជាជន​កម្ពុជា​ភាគច្រើន មិន​ធ្លាប់បាន​ធ្វើដំណើរ​តាម​មធ្យោបាយ​​ដឹកជញ្ជូន​ដ៏​មាន​ប្រសិទ្ធភាព​ប្រភេទ​នេះ​។​

​ជាងនេះទៅទៀត ផ្លូវដែក​ភាគ​ខាងជើង​ដែល​ត្រូវបាន​ត​ភ្ជាប់​ទាំងស្រុង​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត ផ្ដល់​ជម្រើស​ក្នុងការ​ធ្វើដំណើរ និង​ការដឹកជញ្ជូន​ទំនិញ សំដៅ​កាត់បន្ថយ​ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ អាច ទាក់​ទាញ​ភ្ញៀវទេសចរ និង​វិនិយោគិន​ជាតិ​អន្តរជាតិ ដើម្បី​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ ពង្រឹង​សក្ដា​នុ ពល​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចជាតិ ឆ្ពោះទៅកាន់​ការកាត់បន្ថយ​ភាពក្រីក្រ​។​

​សូម​ជម្រាបជូន​ផងដែរ​ថា ផ្លូវដែក​កម្ពុជា​ត្រូវបាន ចែកចេញជា​ពីរ​ខ្សែ​ធំៗ​ ៖

​ខ្សែ​ទី​០១- ស្ថិតនៅ ទិសពាយ័ព្យ​ព្យ ចាប់ពី​រាជធានី​ភ្នំពេញ ទៅដល់ ប៉ោយប៉ែត ព្រំប្រទល់ កម្ពុជា​-​ថៃ ដែលមាន​ប្រវែង ៣៨៦ គីឡូម៉ែត្រ ត្រូវបាន​កសាង​ក្នុងអំឡុង​ឆ្នាំ ១៩២៩-១៩៤២ ក្នុងសម័យ​អាណានិគម​បារាំង ក្នុង​រជ្ជកាល​ព្រះបាទ ស៊ី​សុ​វ​ត្តិ មុនី​វង្ស​។​

​ខ្សែ​ទី​០២- ស្ថិតនៅ​ទិសនិរតី ចាប់ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះសីហនុ ដែលមាន​ប្រវែង ២៦៦ គីឡូម៉ែត្រ ត្រូវបាន​កសាង​ក្នុងអំឡុង​ឆ្នាំ ១៩៦០-១៩៦៩ ក្នុងសម័យ សង្គមរាស្ត្រនិយម ក្នុង​រជ្ជកាល​ព្រះ​បរម​រតន​កោដ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​។​

​កម្ពុជា​ក៏បាន​នាំចូល​ក្បាលរថភ្លើង ប្រភេទ​ទំនើប ចំនួន​០៣​គ្រឿង​មកពី​ប្រទេស ម៉ិចស៊ីកូ កំពុងធ្វើការ​រត់​សាកល្បង មុន​ដាក់​ឲ្យ​ដំណើរ​ផ្លូវការ​។ លើសពីនេះទៅទៀត​ក្នុងនាម​ជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុងធ្វើការ​សិក្សា​លទ្ធភាព ក្នុងការ​សាងសង់​ផ្លូវ​រថភ្លើង​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ ត​ភ្ជាប់​តំបន់​នៅក្នុង​ប្រទេស និង​ត​ភ្ជាប់​ផ្លូវដែក​ពី​ស្ថានីយ​រាជធានី​ភ្នំពេញ​ទៅកាន់​ប្រទេសជិតខាង​បន្ថែមទៀត​ផងដែរ​៕ ដោយ​ ៖ កូ​ឡាប​

×