កំពង់ឆ្នាំង ៖ ករណីអំពើហិង្សាលោកនាយប៉ុសិ៍្តរដ្ឋបាលជៀប ដកកាំភ្លើងAK វាយពលរដ្ឋរងរបួសក្នុងពេលថ្មីៗនេះ កំពុងស្ថិតក្រោមចំណាត់ការយ៉ាងតឹងរ៉ឹងបំផុត នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។
លោកឧត្តសេនីយ៍ទោ ខូវ លី បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងស្រុក នៅយប់ថ្ងៃទី២៦មីនានេះថា ករណីនេះ លោកកំពុងបញ្ជាឲ្យអធិការស្រុក ចាត់វិធានការបន្ទាន់ និងចាប់នាំខ្លួនឡើង មកស្នងការដ្ឋាននគរបាលខេត្ត។
គួរំលឹកផងដែរថា ករណីអំពើហិង្សា ពីសំណាក់ លោកនាយនគរបាលប៉ុសិ៍្តរដ្ឋបាលជៀប បានកើតឡើង នៅវេលាម៉ោង១១យប់ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិគោកពេញ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងកម្មពិធីបុណ្យក្នុងភូមិ។ ជនរងគ្រោះ ឈ្មោះ ស៊ិន វុទ្ធី អាយុ៣៣ឆ្នាំ មានប្រពន្ធឈ្មោះ ប៉ាត រ៉េន អាយុ២៩ឆ្នាំ មានកូន៣នាក់ នៅក្នុងបន្ទុក មានមុខរបរ ជាអ្នកបើកឡាន រស់នៅក្នុងភូមិទព័តាឡាត់ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានទៅដើរលេងបុណ្យក្នុងភូមិ នៅចំណុចកើតហេតុ ស្រាប់តែមានក្មេងស្ទាវមួយក្រុម ក្នុងដៃមានកាន់ដំបងបានព័ទ្ធគាត់ ដើម្បីធ្វើសកម្មភាពវាយទៅលើរូបគាត់ ដោយឃើញមានសភាពមិនស្រួល គាត់ក៏ស្ទុះទៅយកដំបងមកកាន់ស្រាប់តែលោកមេប៉ុស្តិ៍ឈ្មោះ ជៀម វិចិត្រ បានមកដល់ ហើយបានយកកាំភ្លើង AK មកវាយចំពីមុខ បណ្តាលឲ្យដួលដល់ដី ហើយក៏ត្រូវក្រុមក្មេងស្ទាវ កាប់ចំក្បាល២កន្លែង និងបានចាក់ចំពោះខាងឆ្វេង ធ្លាយពីម្ខាងទៅម្ខាង និងត្រូវបានក្រុមក្មេងស្ទាវ អូសយកទៅបម្រុងងចាក់បន្ថែម ទើបខ្លួនស្រែកឲ្យគេជួយ ។
ប្រជាពលរដ្ឋ ក៏ជួយដឹកគាត់ទៅកាន់មណ្ឌលសុខភាព ដោយសាររបួសធ្ងន់ពេក ក៏បានបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្ត ធ្វើការសង្គ្រោះជាបន្ទាន់។
ក្រោយកើតហេតុ ឪពុកម្តាយជនរងគ្រោះ បានដាក់ពាក្យបណ្តឹង មកអធិការនគបាលស្រុកទឹកផុសដើម្បីរកយុត្តិធម៌ជូនដល់កូនប្រុស៕ ដោយ ៖ បញ្ញាស័ក្តិ