ភ្នំពេញ ៖ លោកវិល្លាម ជាប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បាននិយាយថា ពូជនិយមរបស់លោក មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ រួមមាន ទាំងឪពុក កូន ៤នាក់ កំពុងធ្វើការយ៉ាងរលូនក្នុងអង្គភាពតែមួយ និងមានតួនាទីគ្រាក់ៗថែមទៀតផង។
បើតាមផេកហ្វេសប៊ុក William Guang ដែលស្គាល់ថាជារបស់ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅថ្ងៃទី២៧ខែមីនានេះ បានបញ្ជាក់ថា លោកឧត្តមសេនីយត្រី ហង្ស ថុល ជា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងជាឪពុក។ លោកវរសេនីយ៍ទោ រិទ្ធ ចាន់តុលា មេបញ្ជាការរង ទទួលផែនកសាងកម្លាំង ជាកូនច្បងទី១ របស់លោក ហង្ស ថុល។ លោកវរសេនីយ៍ត្រី រិទ្ធ បញ្ញា នាយការិយាល័យបុគ្គលិកជាកូនទី២ របស់លោក ហង្ស ថុល។ លោក អនុសេនីយ៍ទោ លីកាណារិទ្ធ “ឈ្មោះទិញ” ឈ្មោះពិត គឺ រិទ្ធចាន់គិរីរម្យ ជាកូនទី៣ របស់លោក ហង្សថុល រៀនមិនទាន់ចប់ទេ ក៏ទិញឈ្មោះ លីកាណារិទ្ធ នៅអាវុធហត្ថផ្ទៃប្រទេស មកប្រើ ហើយផ្លាស់ប្ដូរមក អាវុធហត្ថកំពង់ធំវិញ។ អាណត្តិនេះ ជាអាណត្តិវះកាត់ សូមអស់លោកមេត្តាកែប្រែឥរិយាបទ ។ ទុកកន្លែងទំនេរឲ្យពលរដ្ឋសាងស្នាដៃផង កុំស្ទូចតែកូនចៅបង្កើតយកមកដាក់ក្បែកៅអីពេក។
លោកវីល្លាម បានបន្ថែមថា “លោក ហង្ស ថុល នេះ មានជាប់ពាក់ព័ន្ធករណីផ្សេងៗ ច្រើនណាស់ និងធ្លាប់អង្គភាពប្រឆាំងអំពើពុករលួយ ( ACU) កោះហៅម្ដងហើយ ខ្ញុំសូមជម្រុញគាំទ្រឲ្យ ACU បន្តស៊ើបអង្កេតលើជនឈ្មោះ ហង្ស ថុល នេះបន្ថែមទៀត”៕ ដោយ៖បញ្ញាស័ក្តិ