ភ្នំពេញ ៖ អ្នកលេងហ្វេសប៊ុកម្នាក់ និងក៏ជាមន្ត្រីយោធាពាក់ស័ក្តិ៤ ឈ្មោះ ផែង វណ្ណៈ ត្រូវតុលាការ បានសាកសួរពេញមួយថ្ងៃរសៀលនេះ ក្រោយការឃាត់ខ្លួនសាកសួរនៅថ្ងៃទី២មេសា ពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងបរិហារកេរ្តិ៍ជាសាធារណៈ ហើយបញ្ជូនត្រឡប់ទៅទីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេស នឹងបន្តសាកសួរនៅតុលាការម្តងទៀតនៅថ្ងៃទី៣មេសានេះ។
ពាក់ព័ន្ធករណីបទល្មើស ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី ៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល។ ចំណែកបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ កំណត់ពិន័យជាប្រាក់ពី ១សែនរៀលទៅ១០លានរៀល។
លោក ផែង វណ្ណៈ បានរងការប្តឹងនូវអំពើមួយចំនួន ក្នុងនោះរួមមាន បណ្តឹងរបស់អង្គភាពសារព័ត៌មាន Fresh News និងបណ្តឹងរបស់មេធាវីការពារសម្តេចតេជោ ហ៊ុនសែនផងដែរ។ រឿងរ៉ាវដែលនាំអោយមានការប្តឹងនេះ បានផ្តើមដំបូងបន្ទាប់ពី លោកផែង វណ្ណៈ បានយកប្រាក់ចំនួន៥ពាន់ដុល្លារ តំណាងអោយក្រុមគ្រួសាររបស់កញ្ញា យិន ម៉ាណា ទៅចូលរួមក្នុងពិធីបុណ្យសពរបស់ក្រុមគ្រួសារមួយ ដែលមានកូនស្រីអាយុ២២ឆ្នាំ បានរងនឹងអំពើបុកស្លាប់ដោយសារការបើកបររថយន្តរបស់កញ្ញា យិន ម៉ាណា ។ ស្ត្រីជាជនរងគ្រោះឈ្មោះ ឌុំ រីដា ត្រូវបានស្លាប់ដោយគ្រោះថ្នាក់ចរាចរ កាលពីថ្ងៃទី២៦មីនា ក្នុងពេលនាងកំពុងជិះលើផ្លូវថ្នល់មួយកន្លែងក្នុងខណ្ឌទួលគោករាជធានីភ្នំពេញ។ អំពើបុកមនុស្សស្លាប់ជាមួយនឹងការរត់គេចខ្លួននោះ ត្រូវបានបណ្តាញសង្គម បានផ្សព្វផ្សាយបណ្តាលឲ្យមានភាព រំជើបរំជួលខ្លាំង និងមានការរិះគន់យ៉ាងក្រៃលែងពីបណ្តាញហ្វេសប៊ុកដែលថ្កោលទោស និងទទូចអោយសមត្ថកិច្ចធ្វើការចាប់ខ្លួនជនសង្ស័យ។ ក្នុងពេលហេតុការណ៍ដែលមានការរិះគន់ខ្លាំងពីបណ្តាញហ្វេសប៊ុក លោកផែង វណ្ណៈ ត្រូវគេឃើញថា បានធ្វើជាតំណាងឲ្យក្រុមគ្រួសាររបស់កញ្ញា យិន ម៉ាណា និងបានយកលុយ៥ពាន់ដុល្លារជូនដល់ក្រុមគ្រួសារដែលរងគ្រោះ។ អំពើនោះ បាននាំអោយបណ្តាញសង្គមបានចោទប្រកាន់លើលោក ផែង វណ្ណៈ និងក៏មានការសរសេរព័ត៌មាននានាពីបណ្តាញសារព័ត៌មានក្នុងស្រុក ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោកផែង វណ្ណៈ ក្នុងនោះក៏រួមមានទីភ្នាក់ងារអង្គភាពសារព័ត៌មាន Fresh News ផងដែរ ។
លោកផែង វណ្ណៈ បានប្រតិកម្មចំពោះការសរសេររបស់អង្គភាពសារព័ត៌មាន Fresh News និងនិយាយចោទថាអង្គភាពសារព័ត៌មាន Fresh News ធ្វើតែព័ត៌មានណាដែលទទួលបានតែលាភសក្ការៈ ។ ការចោទប្រកាន់លើទីភ្នាក់ងារអង្គភាពសារព័ត៌មាន Fresh News ដែលមានមនុស្សច្រើន លាននាក់បានចូលទស្សនារៀងរាល់ថ្ងៃនោះ បាននាំអោយអ្នកទទួលខុសត្រូវអង្គភាពសារព័ត៌មាន Fresh News លោក លឹម ជាវុត្ថា បានបដិសេធ និងស្នើអោយលោកផែង វណ្ណៈ ធ្វើការសុំទោសនិងកែតម្រូវ បើពុំដូច្នោះទេ គេនឹងប្តឹងចាត់ការតាមវិធានការណ៍ច្បាប់ ប៉ុន្តែលោកផែង វណ្ណៈ មិនព្រមធ្វើតាម និងថែមទាំងនិយាយប្រៀបធៀបរឿងហេតុការណ៍ជាច្រើនទៀត ដែលអង្គភាពសារព័ត៌មាន Fresh News មិនអាចទទួលយកបាន។
លោកផែង វណ្ណៈ ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន បានសរសេរប្រៀបធៀបថា ការដែលលោកយកលុយ៥ពាន់ដុល្លារ ទៅអោយក្រុមគ្រួសាររងគ្រោះនោះ គឺដូចជាប្រធានអង្គភាពសារព័ត៌មាន Fresh News យកថវិការបស់សម្តេចតេជោសែន៥ម៉ឺនដុល្លារ ទៅអោយក្រុមគ្រួសារសពលោក កែម ឡី នោះដែរ។ សម្តីប្រៀបធៀបនេះ បាននាំអោយការវិភាគពីបណ្តាញសង្គម ដែលសរសេរថា រឿងហេតុនោះ គឺខុសគ្នាទាំងស្រុងដោយលោកផែង វណ្ណៈនិងលុយ ប្រគល់អោយក្រុមគ្រួសាររងគ្រោះនោះ គឺលោក ផែង វណ្ណៈ បានធ្វើជាតំណាងអោយក្រុមគ្រួសារដែលបើករថយន្តបុកសម្លាប់មនុស្ស ហើយរត់មិនទទួលខុសត្រូវ ប៉ុន្តែថវិកា៥ម៉ឺនដុល្លាររបស់ សម្តេចតេជោសែន តាមរយៈប្រធានអង្គភាពសារព័ត៌មាន Fresh News លោកលឹម ជាវុត្ថា ទៅអោយក្រុមគ្រួសារលោក កែម ឡី នោះមិនមែនលោកលឹម ជាវុត្ថា ធ្វើជាតំណាងអោយក្រុមគ្រួសារដែលប្រព្រឹត្តកំហុសនោះទេ។
មេធាវីការពារក្តីសម្តេចតេជោ ហ៊ុន សែន បានថ្លែងចោទថា សំណេររបស់ឈ្មោះផែង វណ្ណៈ នេះ គឺជាសំណេរ ដែលមានផែនការច្បាស់លាស់ និងចេតនាទុច្ចរិតក្នុងការនិយាយប្រៀបធៀប ក្នុងបំណងចោទប្រកាន់ និងទម្លាក់កំហុសទៅលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា ជាឃាតកសម្លាប់លោកបណ្ឌិត កែម ឡី។
មេធាវីសម្តេចតេជោ ហ៊ុន សែនកាលពីរសៀលថ្ងៃទី១មេសា បានធ្វើពាក្យបណ្តឹងមួយបន្ថែមពីលើបណ្តឹងរបស់អង្គភាពសារព័ត៌មាន Fresh News និងធ្វើសំណូមពរចំពោះព្រះរាជអាជ្ញា ដើម្បីធ្វើការពិនិត្យពិចារណាសម្រេចឃាត់ខ្លួន ឬចាប់ខ្លួន និងឃុំខ្លួន ឈ្មោះ ផែង វណ្ណៈ ជាបន្ទាន់ ដើម្បីទប់ស្កាត់ការប្រព្រឹត្តអំពើល្មើសជាបន្តបន្ទាប់ ដែលអាចនាំឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
លោកផែង វណ្ណៈ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ បានចាប់ខ្លួននៅព្រឹកថ្ងៃទី២មេសា និងបញ្ជួនទៅតុលាការដើម្បីធ្វើការសាកសួរ។ សមត្ថកិច្ចបានបញ្ជាក់នៅល្ងាចថ្ងៃទី២មេសាថា ការសាកសួរជុំវិញរឿងលោកផែង វណ្ណៈ នៅមិនទាន់ចប់សព្វគ្រប់នៅឡើយទេនារសៀលថ្ងៃទី២មេសានេះ។ លោកផែង វណ្ណៈ ត្រូវបានបញ្ជូនពីតុលាការ ដើម្បី មករក្សាទុកក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ចកងរាជអាវុធហត្ថសិន និងត្រូវបញ្ជូនទៅតុលាការការម្តងទៀតនៅថ្ងៃស្អែក ដើម្បីធ្វើការសាកសួរបន្តថែមទៀត ៕ ដោយ៖កូឡាប