ភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបូកសរុបលទ្ធផលរយៈពេល ១ឆ្នាំ នៃការអនុវត្តយុទ្ធនាការទាំង ២ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ក៏ដូចជាថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ទូទាំងប្រទេសផងដែរ នាទីស្តីការក្រសួងយុត្តិធម៌ រសៀលថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥,។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកត់សម្គាល់ថា តាមរយៈទិន្នន័យនៃការអនុវត្តយុទ្ធនាការ ក្នុងរយៈពេល ១ឆ្នាំ កន្លងទៅនេះ, ទាំងយន្តការអនុវត្តយុទ្ធនាការទាំង ២ ទាំងសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ បានខិតខំអនុវត្តការងាររបស់ខ្លួន រហូតទទួលបាននូវលទ្ធផលជាផ្លែផ្កាយ៉ាងល្អ គួរជាទីមោទនៈ។ ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់យន្តការចំណុះឱ្យគណៈបញ្ជាការដឹកនាំយុទ្ធនាការ ក៏ដូចជា ថ្នាក់ដឹកនាំ ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីទាំងអស់នៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមអនុវត្តយុទ្ធនាការយ៉ាងសកម្ម ប្រកបដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ លើគ្រប់សំណុំរឿង ជាពិសេស សំណុំរឿងអាទិភាពទាំង ៤ រួមមាន សំណុំរឿងអត្រានុកូលដ្ឋាន, សំណុំរឿងចរាចរណ៍, សំណុំរឿងគ្រឿងញៀន និងសំណុំរឿងក្មេងទំនើង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែមដល់គ្រប់តួអង្គទាំងអស់ដែលពាក់ព័ន្ធនឹងការអនុវត្តយុទ្ធនាការទាំង ២ នេះ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការដោះស្រាយពាក្យបណ្តឹង និងពាក្យសុំអន្តរាគមន៍ជូនប្រជាពលរដ្ឋ សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ឱ្យកាន់តែមានប្រសិទ្ធភាព។
ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានប្រគល់រង្វាន់លើកទឹកចិត្ត ដល់សាលាជម្រះក្ដី និងអង្គការអយ្យការអមសាលាជម្រះក្តីមួយចំនួន ផងដែរ។
សម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងលទ្ធផលការងាររយៈពេល ១ឆ្នាំ នៃការអនុវត្តយុទ្ធនាការទាំង ២, ក្រសួងយុត្តិធម៌នឹងចេញសេចក្តីប្រកាសព័ត៌មាន ព្រមទាំងរៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២៥ ខាងមុខ៕ រក្សាសិទ្ធដោយ៖សុទ្ធលី