ព្រះសីហនុ ៖ លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានប្រកាសផ្សព្វផ្សាយច្បាប់អន្តោប្រវេសន៍ និងច្បាប់ពាក់ព័ន្ធដល់ម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទក្នុងជំហ៊ានទី១ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នៅសាលាខេត្តព្រះសីហនុ ។
លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា កម្មវិធីថ្ងៃនេះ គឺមានគោលបំណងផ្សព្វផ្សាយខ្លឹមសារសំខាន់ៗនៃច្បាប់ស្ដីពីកាតព្វកិច្ចជនបរទេស ដែលជាម្ចាស់ ឬអ្នកកាន់កាប់លំនៅឋានគ្រប់ប្រភេទ និងទោសបញ្ញត្ដិ ដែលមានជនបរទេស្នាក់នៅ ជូនដល់អ្នកវិនិយោគ ក្រុមហ៊ុនសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន ក្លឹបកម្សាន្ដ ជាដើម។ ជាមួយគ្នានេះដែរលោក ក៏បានស្នើឲ្យវិស័យឯកជនបន្ដចូលរួមសហការជាមួយសមត្ថកិច្ចជំនាញ អនុវត្ដការងារជំរឿនឲ្យបានជោគជ័យ និងរួមគ្នាគោរពច្បាប់ ដើម្បីថែរក្សាសុវត្ថិភាពសន្ដិសុខជូនប្រជាពលរដ្ឋ អ្នកវិនិយោគ និងភ្ញៀវទេសចរ សម្រាប់បន្ដការអភិវឌ្ឍន៍ដោយចីរភាព ។
ជាមួយគ្នានេះដែរ លោកនាយឧត្ដមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង នៃអគ្គនាយកដ្ឋាននគរបាលអន្ដោប្រវេសន៍ ក៏បានលើកឡើងអំពីកិច្ចការងារជំរឿនជនបរទេសនេះដែរក្រុមការងារគាំទ្រ និងពង្រឹងរដ្ឋបាលខេត្ដព្រះសីហនុ បានបង្កើតក្រុមការងារចុះស្រង់ទិន្នន័យជនបរទេសដែលកំពុងស្នាក់នៅក្នុងខេត្ដជាង២.០០០ ទីតាំង និងរកឃើញជនបរទេសជិត៥០.០០០នាក់ចំនួន៥៧សញ្ជាតិ ក្នុងនោះជនជាតិចិនមានចំនួនច្រើនជាងគេ។
ក្នុងនោះដែរលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានលើកឡើងដែរថា ស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុបានដាក់ផែនការច្បាស់លាស់ទៅស្នងការរងទទួលបន្ទុកអន្ដោប្រវេសន៍និងអធិការដ្ឋាននគរបាលទាំងអស់ បន្ដសហការជាមួយអាជ្ញាធរមូលដ្ឋានសមត្ថកិច្ចពាក់ព័ន្ធចុះធ្វើការងារនេះឲ្យបានល្អ ដោយអនុវត្ដវិធានសំខាន់ៗចំនួនបី គឺផ្សព្វផ្សាយណែនាំ វិធានការជំនាញ និងវិធានការច្បាប់។
លោក គង់ វីតាណៈ អភិបាលរងខេត្ដព្រះសីហនុ ក៏បានមានប្រសាសន៍ ស្នើឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធបន្ដសហការគ្នាឲ្យបានល្អដើម្បីអនុវត្ដផែនការ ការងារនេះឲ្យបានជោគជ័យសម្រាប់សុវត្ថិភាពសន្ដិសុខឲ្យកាន់តែល្អប្រសើរឡើង ឲ្យសមទៅនឹងការយកចិត្ដទុកដាក់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជម្រុញខេត្ដព្រះសីហនុឲ្យទៅជាប៉ូលសេដ្ឋកិច្ចពិសេសមួយនៅព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរថា ចំពោះការថែរក្សាសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅខេត្ដព្រះសីហនុ ឆ្នាំ២០១៨កន្លងទៅថ្មីនេះ សភាពការណ៍បទល្មើសកើតឡើងចំនួន ១០៦ករណី លទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសបានចំនួន ១០៤ករណី ស្មើនឹងជាង ៩៨ភាគរយ រីឯបទល្មើសឧក្រិដ្ឋនៅខេត្ដព្រះសីហនុ កម្លាំងស្នងការដ្ឋាននគរបាលខេត្ដ ធ្វើការបង្ក្រាបបាន ១០០ភាគរយ ៕ ដោយ ៖ កូឡាប