សៀមរាប ៖ លោកទៀ សីហា អភិបាលខេត្តសៀមរាប បានក្រើនរំលឹក ដល់នាយទាហាន ពលទាហានទាំងអស់ ដោយបានបញ្ជាក់ថា ទោះបីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា -ថៃ មានសភាពស្ងប់ស្ងាត់ យ៉ាងណាក៏ដោយ បងប្អូនត្រូវយកចិត្តទុកដាក់ ក្នុងការហ្វឹកហាត់ឲ្យបានជាប្រចាំ នូវយុទ្ធវិធីយុទ្ធសាស្រ្តរបស់កងទ័ព ហើយបងប្អូនទាំងអស់ត្រូវត្រៀមលក្ខណៈនៅគ្រប់វិនាទី ក្នុងការជួយអន្តរាគមន៍នូវពេលមានសភាពការណ៍ណាមួយកើតឡើង ។
នៅថ្ងៃ អង្គារ ទី ២ ខែ មេសា ឆ្នាំ២០១៩នេះលោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំគណៈប្រតិភូខេត្តចុះសួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់រដ្ឋបាលខេត្តសៀមរាប ជូនដល់នាយទាហាន ពលទាហាន កងពលតូចអន្តរាគមន៍លេខ៥ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២ ឈរជើងនៅភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ សមរភូមិមុខទិសទី៣ នៃសមរភូមិមុខទិសយោធភូមិភាគទី៤ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ។
ឧត្តមសេនីយ៍ទោ សំរឹទ្ធ សារ៉េត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៥ បានថ្លែងស្វាគមន៍ ចំពោះខេត្តសម្ព័ន្ធមេត្រីភាពរបស់ខ្លួនថា ជាច្រើនឆ្នាំមកហើយ គឺចាប់តាំងពីទិសទី៣ ជាសមរភូមិប្រយុទ្ធដោយអាវុធ ការពារបូរណភាពដែនដី នៃមាតុភូមិ រហូតមកដល់ទិសទី៣ បានក្លាយជាសមរភូមិកំពុងអភិវឌ្ឍន៍តំបន់ព្រំដែន ដោយមាន រដ្ឋបាលខេត្តសៀមរាបជាជំហរ មិនត្រឹមតែបានរក្សាចំណងសម្ព័ន្ធមេត្រីភាព បានល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងបានបន្តរឹតចំណងមេត្រីភាពនេះ កាន់តែរឹងមាំបន្ថែមទៀត តាមរយៈនៃការចុះសួរសុខទុក្ខ នាំយកអំណោយពីសមរភូមិក្រោយ មកជួយឧបត្ថម្ភសមរភូមិមុខ យ៉ាងទៀងទាត់ មិនដែលអាក់ខានឡើយ ។
លោកទៀ សីហា ក៏បានធ្វើការក្រើនរំលឹក ដល់នាយទាហាន ពលទាហានទាំងអស់ ដោយបានបញ្ជាក់ថា ទោះបីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ មានសភាពស្ងប់ស្ងាត់ យ៉ាងណាក៏ដោយ បងប្អូនត្រូវយកចិត្តទុកដាក់ ក្នុងការហ្វឹកហាត់ឲ្យបានជាប្រចាំ នូវយុទ្ធវិធីយុទ្ធសាស្រ្តរបស់កងទ័ព ហើយបងប្អូនទាំងអស់ត្រូវត្រៀមលក្ខណៈនៅគ្រប់វិនាទី ក្នុងការជួយអន្តរាគមន៍នូវពេលមានសភាពការណ៍ណាមួយកើតឡើង ។ ឯកឧត្តមក៏បានលើកឡើងថា ក្រោមអនុសាសន៍របស់សម្តេច នាយករដ្ឋមន្ត្រី ដែលបានបំផុសឲ្យមានចលនាចងសម្ព័ន្ធមេត្រីភាពរវាងសមរភូមិក្រោយ និង មួយសមរភូមិមុខ ក្នុងកាលៈទេសៈមួយ ដូចដែលពាក្យស្លោកបូរាណខ្មែរបានពោលថា ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ ដើម្បីពង្រឹងខឿនការពារជាតិរបស់ប្រជាជន ។
លោក ទៀ សីហា ក៏បានលើកពីវីរៈភាពអង់អាចក្លា ហានលះបង់អ្វីៗគ្រប់បែបយ៉ាង រួមទាំងជីវិតនិងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីជាតិ និងបូរណភាពដែនដីនៃមាតុភូមិ នៅតែមានតម្លៃជាដរាប សម្រាប់បុព្វហេតុបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលលើទស្សនវិស័យ ធ្វើឲ្យសមរភូមិប្រយុទ្ធនៅព្រំដែន បានក្លាយជាតំបន់ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការណ៍ និង ការអភិវឌ្ឍន៍ ។
លោក ក៏បានផ្តាំផ្ញើដល់បងប្អូនកងកម្លាំងទាំងអស់ គឺត្រូវឈរលើជំហរដាច់ ខាត ក្នុងការការពាររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ និង ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសុខភាព អនាម័យ និង ធ្វើការកសាងជម្រកក្នុងអង្គភាព សំខាន់ត្រូវធ្វើការលេងកីឡា ស្គាល់ច្បាប់ពីតួនាទី ភារកិច្ចកងទ័ព ដើមី្បជាយន្តការដ៏ល្អ ក្នុងការអប់រំដល់យុវជនជំនាន់ក្រោយៗ ព្រមទាំងធ្វើការដាំដុះដំណាំបន្លែបង្កានិងចិញ្ចឹមសត្វ ដើមី្បផ្គត់ផ្គង់ដល់ជីវភាព កងទ័ពក្នុងអង្គភាព និង គ្រួសារកងទ័ព ជាពិសេសលើការគ្រប់គ្រង និង ថែរក្សានូវគ្រឿងបំពាក់សម្ភារៈកងទ័ពឲ្យបានល្អ ក្នុងការទ្រទ្រង់នៅពេលមានសភាពការណ៍ណាមួយកើតឡើង ព្រមទាំងចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព សំដៅឆ្ពោះទៅការអភិវឌ្ឍន៍រីកចម្រើន ជូនដល់ប្រជាពលរដ្ឋ ឲ្យដល់ត្រើយសុភមង្គមតទៅថ្ងៃអនាគត ៕ ដោយ៖កូឡាប