ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់ថវិកាសរុបចំនួន ១៧២.៧២១ដុល្លារ សម្រាប់ជួសជុលប្រព័ន្ធធារាសាស្ត្រក្នុងខេត្តចំនួន២ ក្រោមគ្រោងការណ៍នៃជំនួនឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខសមុស្សជាតិ (ជំនួយគូសាណូណិ) និងថវិកាចំនួន២៥៨.១១១ដុល្លារ សម្រាប់លើកកម្ពស់កសិកម្ម និងធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅតំបន់ជនបទ ក្រោមគ្រោងការណ៍នៃជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២២ខែធ្នូនេះ នៅស្ថានទូតជប៉ុន ដោយលោកហូរីណូអ៊ុជិ ហ៊ីដេស៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំង៣ សម្រាប់គម្រោង។
លោកហូរីណូអ៊ុជិ ហ៊ីដេស៊ីសា បានថ្លែងថា រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា៨៩.៣៥១ដុល្លារ លើគម្រោងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រកណ្តៀងក្នុងខេត្តពោធិ៍សាត់ ដែលអង្គភាពទទួលជំនួយ គឺមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តពោធិ៍សាត់។ គម្រោងនេះនឹងធ្វើការស្តារប្រឡាយមេប្រវែង២.១៣០ម៉ែត្រ និងជួសជុលសំណង់ស្ទាក់ទឹកប្រឡាយមេ ព្រមទាំងសាងសង់សំណង់ស្ទាក់ទឹកប្រឡាយមេថ្មី និងលូស្រោចស្រពថ្មីចំនួន២ ដើម្បីពង្រឹងតំបន់ស្រោចស្រពក្នុងស្រុកកណ្តៀងខេត្តពោធិ៍សាត់។ ប្រជាពលរដ្ឋប្រមាណជា៣.០០០នាក់ នឹងអាចប្រើប្រាស់ទឹកស្រោចស្រពប្រកបដោយស្ថិរភាព នៅពេលគម្រោងនេះត្រូវបានបញ្ចប់។
លោកបន្តថា គម្រផោងស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រតាប៉ោក្នុងខេត្តស្វាយរៀង នូវថវិកាចំនួន៨៣.៣៧០ដុល្លារ ដល់អង្គភាពទទួលជំនួនគឺមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្វាយរៀង។ គម្រោងនេះ នឹងធ្វើការស្តារប្រឡាយមេប្រវែង១.៤០០ម៉ែត្រ និងជួសជុលសំណង់លូកាត់ប្រឡាយ ព្រមទាំងសាងសង់សំណង់លូកាត់ប្រឡាយថ្មីផ្សេងទៀត ដើម្បីពង្រីកតំបន់ស្រោចស្រពក្នុងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ ប្រជាពលរដ្ឋប្រមាណជា២.០០០នាក់នឹងអាចប្រើប្រាស់ទឹកស្រោចស្រពប្រកបដោយស្ថិរភាព នៅពេលគម្រោងត្រូវបានបញ្ចប់។
គម្រោងសន្តិសុខស្បៀងនិងអាហារូបត្ថម្ភក្នុងខេត្តកំពង់ធំ ថវិកាចំនួន២៥៨.១១១ដុល្លារ ត្រូវបានផ្តល់ជូនអង្គការមូលនិធិសម្រាប់ការអភិវឌ្ឍន៍និងជំនួយសង្គ្រោះអន្តរជាតិ ប្រចាំប្រទេសកម្ពុជា។ គម្រោងនេះ នឹងធ្វើការបង្កើនផលិតកម្មស្រូវអង្ករ ពិពិធកម្មកសិកម្ម កែលម្អអាហារូបត្ថម្ភរបស់កុមារ លើកស្ទួយបណ្តាញទំនាក់ទំនងរបស់កសិករ និងសមត្ថភាពសហគមន៍កសិករ ក្នុងភូមិចំនួន៥៦ ក្នុងស្រុករលាប្អៀរ ស្រុកទឹកផុស និងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ជាមួយនឹងគម្រោងនេះ ប្រជាពលរដ្ឋប្រមាណជា ១៨.៦០០នាក់ នឹងអាចទទួលទានអាហារមានជីវជាតិគ្រប់គ្រាន់ ព្រមទាំងអាចរក្សាសុខភាពបានល្អ៕ ដោយ ៖ កូឡាប