ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូកុងស៊ុលកិត្តិយស នៃបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប (European Union – EU) ដឹកនាំដោយលោក Salah Essa អគ្គកុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប ប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ នាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៥។
សមាសភាពគណៈប្រតិភូអគ្គកុងស៊ុលកិត្តិយស នៃបណ្តាប្រទេសក្នុងសហភាពអឺរ៉ុប ដែលមានវត្តមានក្នុងជំនួបនាព្រឹកនេះរួមមាន៖
- លោក Aurelio Flacco អគ្គកុងស៊ុលកិត្តិយស នៃសាធារណរដ្ឋអ៊ីតាលីប្រចាំនៅកម្ពុជា
- លោកស្រី Kim Tol Tan អគ្គកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រស៊ុយអែតប្រចាំនៅកម្ពុជា
- លោក Markus Gridling អគ្គកុងស៊ុលកិត្តិយស នៃសាធារណរដ្ឋអូទ្រីសប្រចាំនៅកម្ពុជា
- លោក Thierry Da អគ្គកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រប៊ែលហ្សិកប្រចាំនៅកម្ពុជា
- លោក Kjeld Olsen អគ្គកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រដាណឺម៉ាកប្រចាំនៅកម្ពុជា
- លោក Savin Mao អគ្គកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រន័រវ៉េសប្រចាំនៅកម្ពុជា
- លោក Frederico Javier Sola Marti អគ្គកុងស៊ុលកិត្តិយស នៃព្រះរាជាណាចក្រអេស្ប៉ាញប្រចាំនៅកម្ពុជា
- លោក Andrew J. Booth OBE អគ្គកុងស៊ុលកិត្តិយស នៃចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។
ជាកិច្ចចាប់ផ្ដើមក្នុងជំនួបនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅកាន់គណៈប្រតិភូអំពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលកន្លងមកនេះ បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ តាមរយៈការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ រហូតមកទល់បច្ចុប្បន្ន។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីបទពិសោធន៍ក្នុងការរៀបចំបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អក.) កាលពីឆ្នាំ១៩៩៤ និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាក្នុងស្ថាប័ន បន្ទាប់ពីរូបឯកឧត្តមចូលមកកាត់តំណែងជា អនុប្រធានទី១ ក.អ.ក. ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីកំណើននៃគម្រោងវិនិយោគដែលគួរឱ្យកត់សម្គាល់ក្នុងកំណត់ត្រាម្រោងវិនិយោគដែលបានអនុម័ត ក្នុងប្រវត្តិនៃប្រតិបត្តិការការងាររបស់ ក.អ.ក. កន្លងមក រួមមាន គម្រោងវិនិយោគដែលបានអនុម័តក្នុងឆ្នាំ២០២៤ សរុបចំនួន ៤១៤គម្រោង និងគម្រោងវិនិយោគដែលបានអនុម័តក្នុងខែមករា ដើមឆ្នាំ២០២៥ សរុបចំនួន ៦៨គម្រោង ផងដែរ។ តួលេខនេះ ជាសក្ខីភាពជាក់ស្តែងបង្ហាញពីប្រសិទ្ធភាពនៃ ច្បាប់ស្តីពីការវិនិយោគ ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុងថែទាំគាំទ្រកិច្ចការវិនិយោគនៅកម្ពុជា ដែលបានបង្ហាញពីការយកចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបបន្ថែមដែរថា នៅរៀងរាល់ ៦ខែម្ដង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តែងតែរៀបចំកិច្ចប្រជុំពិភាក្សាលើបញ្ហាកង្វល់ផ្សេងៗជាមួយសមាគមធុរកិច្ចជប៉ុន សភាពាណិជ្ជកម្មអាម៉េរិក សភាពាណិជ្ជកម្មអឺរ៉ុប សមាគមធុរកិច្ចកូរ៉េ ដើម្បីស្វែងរកដំណោះស្រាយដោយមានរូបឯកឧត្តមផ្ទាល់ ជាសហប្រធាន រួមជាមួយ ឯកឧត្តមឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនរបស់ប្រទេសនីមួយៗផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តមឧបនាយរដ្ឋមន្ត្រី ក៏បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធមិនឈប់ឈរ ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងផ្លូវដែក ដែលសុទ្ធសឹងជាកត្តាសំខាន់ៗក្នុងការជម្រុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគរបស់ផ្នែកឯកជនឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការធ្វើឌីជីថលូបនីយកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាដែលក.អ.ក. បាននិងកំពុងអនុវត្តក្នុងការលើកកម្ពស់សេវាសាធារណៈ ស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយបានកំណត់យកបច្ចេកវិទ្យា ជាអាទិភាពគន្លឹះទី៥។ ជាក់ស្តែង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ក.អ.ក.បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដើម្បីពន្លឿននីតិវិធីផ្តល់សេវា ដែលអនុញ្ញាតឱ្យវិនិយោគិនអាចធ្វើការដាក់ពាក្យស្នើសុំវិនិយោគ បានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ក្នុងនោះដែរ ក.អ.ក. ក៏បានរៀបចំផែនការក្នុងការធ្វើឌីជីថលូបនីយកម្មជាបន្តបន្ទាប់ សំដៅបង្កើនភាពងាយស្រួល និងទំនុកចិត្តជូនដល់វិនិយោគិនបន្ថែមទៀត។
បន្ទាប់ពីបានស្តាប់ប្រសាសន៍លើកឡើងរបស់ គណៈប្រតិភូអគ្គកុងស៊ុលកិត្តិយសដែលមានវត្តមាននាឱកាសនេះ បានសម្ដែងនូវចាប់អារម្មណ៍ជាខ្លាំងលើការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ កម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការងារវិនិយោគពីបរទេស នៅក្នុងប្រទេសកម្ពុជា និងបានលើកឡើងអំពីភាពជោគជ័យរបស់វិនិយោគិនពីប្រទេសរបស់ខ្លួន ដែលបានសម្រេចចិត្តមកដាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់ផងដែរ។ ដោយមើលឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការធ្វើពាណិជ្ជកម្ម និងការវិនិយោគពីវិស័យឯកជន ក៏ដូចជាសក្តានុពលនានារបស់កម្ពុជា គណៈប្រតិភូបានបង្ហាញអារម្មណ៍កក់ក្តៅ និងសុទិដ្ឋិនិយមកាន់តែខ្ពស់ និងសម្តែងនូវចេតនាក្នុងការផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនពីប្រទេសរបស់ខ្លួន ឱ្យងាកមកពិចារណា និងពិនិត្យលទ្ធភាពក្នុងការដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី