តាកែវ ៖ ក្រោយរាជរដ្ឋាបាលបានបញ្ចប់កុងត្រាជាមួយនិងក្រុមហ៊ុនវិនិយោគលើផ្លូវវាងក្រុងដូនកែវ ខេត្តតាកែវ កាលពីពេលថ្មីៗនេះ ឥឡូវនេះផ្លូវវាងក្រុងដូនកែវនេះត្រូវបានធ្វើការពង្រីក និងស្ថាបនាឡើងវិញ ដោយចាក់កៅស៊ូប្រភេទ A/C មានប្រវែងជិត ៣០០០ម៉ែត្រ ។
លោក ណុប នី ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវបានអោយដឹងថា ផ្លូវវាងក្រុងដូនកែវ លេខ ២១ ប្រវែង ២៧៩៥ម៉ែត្រ ដែលមានទីតាំងស្ថិតនៅភូមិថ្នល់បែក និងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានធ្វើការពង្រីកអោយមានសភាពធំទូលាយ និងស្ថាបនាឡើងវិញដោយចាក់កៅស៊ូប្រភេទ A/C ដើម្បីសម្រួលដល់ការធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋ និងការចរាចរណ៏យានយន្ត ។
ឆ្លៀតក្នុងក្នុងឱកាសដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវបានអញ្ជើញចុះត្រួតពិនិត្យទីតាំងការដ្ឋានផ្លូវវាងក្រុងលេខ២១នេះ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមបានធ្វើការណែនាំដល់ក្រុមជំនាញបច្ចេកទេស របស់មន្ទីរសាធារណៈ នឹងដឹកជញ្ជូនខេត្ត ត្រូវធ្វើការស្ថាបនាផ្លូវនេះប្រកបដោយគុណភាពប្រើប្រាស់បានយូរអង្វែង និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពបងប្អូនកំពុងធ្វើដំណើរនៅពេលក្រុមជំនាញកំពុងធ្វើការស្ថាបនា ត្រូវរៀបចំស្លាកសញ្ញា រៀបចំចំណាំងផ្លាតឲ្យបានត្រឹមត្រូវស្របតាមបច្ចេកទេស ដើម្បីបញ្ជៀសការគ្រោះថ្នាក់ដោយប្រការណាមួយ ។
ក្រោយការចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវវាងក្រុងដូនកែវឯកឧត្ដម អ៊ូច ភា ក៏បានសំណូមពរដល់អ្នកធ្វើដំណើរឆ្លងកាត់ ជាពិសេសអ្នកដែលរស់នៅជាប់ នឹងគម្រោងដែលត្រូវស្ថាបនានេះ សូមមេត្តាចេះយោគយល់អធ្យាស្រ័យចំពោះផលប៉ះពាល់តិចតួច ដែលកើតមានដោយសារការស្ថាបនាផ្លូវ ហើយសូមប្រជាពលរដ្ឋទាំងអស់គ្នាតាមដានការលើការស្ថាបនាផ្លូវនេះ បើឃើញមានបញ្ហា ឬភាពមិនប្រក្រតីណាមួយ ត្រូវរាយការណ៍ជូនចៅសង្កាត់ ឬមន្ត្រីជំនាញដើម្បីធ្វើការពិនិត្យ និងវាយតម្លៃ ព្រោះការស្ថាបនាផ្លូវនេះឡើងគឺដើម្បីបម្រើប្រយោជន៍ ដល់បងប្អូនទាំងអស់ ដែលជាអ្នកប្រើប្រាស់ផ្លូវនេះផ្ទាល់៕ ដោយ ៖ តាកែវ