ភ្នំពេញ ៖ លោក លឺ ឡាយស្រេង បានត្រឡប់ចូលស្រុកវិញហើយ នៅថ្ងៃទី ៧ ខែមេសានេះ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីបាននិរទេសខ្លួនឯងទៅ បរទេសអស់ ប្រមាណ ២ឆ្នាំ ដោយសារតែបានប្រើពាក្យសំដីមិនសមរម្យសំដៅប្រមាថទៅព្រះមហាក្សត្រក្នុងការសន្ទនាមួយតាម ទូរស័ព្ទជាមួយលោកស្រីម្នាក់ កាលពីអំឡុងឆ្នាំ ២០១៧ ។
នៅពេលមកដល់ទឹកដីកំណើតវិញ លោក លឺ ឡាយស្រេង បានមកដល់ទឹកដីកំណើតជាលើកដំបូង ដោយជិះអង្គុយរទះរុញ បន្ទាប់ពីនិរទ្ទេសខ្លួនទៅនៅប្រទេសថៃ ក្រោយមានបណ្តឹងពីមេធាវីសម្តេចតេជោ និងមេធាវីតំណាងគណបក្សហ្វ៊ុនស៊ិ នប៉ិច ក្នុងករណីប្រមាថព្រះមហាក្សត្រ និងមាក់ងាយគណបក្សហ្វ៊ុនស៊ិនប៉ិច បានបង្ហាញភាពសប្បាយរីករាយ ។
ក្រោយពេលមកដល់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី ៧ មេសានេះ លោក លឺ ឡាយស្រេង បានថ្លែងប្រាប់ដោយការត្រេកអរថា មិននឹកស្មានថាបានវិលត្រឡប់មកស្រុកកំណើ វិញទេ គឺពិតជាសប្បាយជាខ្លាំងដោយបានមកចូលរួមបុណ្យចូលឆ្នាំខ្មែរជាមួយជនរួមជាតិនៅទូទាំងប្រទេស ។
លោកបញ្ជាក់ថា « ខ្ញុំសប្បាយចិត្ត ដែលបានចូលមកស្រុកខ្មែរវិញ ដោយបានមកទាន់ចូលឆ្នាំ ។ ចូលឆ្នាំថ្មីនេះជូនព្រះពរដល់ហ្លួងម៉ែ ព្រះករុណា ព្រមទាំងសាច់សាលោហិតញាតិវង្សទាំងអស់ ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន ។ សូមជូនពរសម្តេចដែលបានឲ្យចូលមកវិញ ។ ជូនពរសម្តេច និងក្រុមគ្រួសារឲ្យបានជួបសេចក្តីសុខ និងសេចក្តីសប្បាយ » ។
លោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់ នៃគណបក្សហ្វ៊ុនស៊ិនប៉ិច បានត្រឡប់មកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីទទួលបានភ្លើងខៀវពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ បានប្រកាសហៅ លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ឱ្យត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ដោយបញ្ជាក់ថា គ្មាននរណាចាប់នោះទេ បន្ទាប់ពីព្រឹទ្ធចារ្យរូបនេះស្នើសុំចូលប្រទេស។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី លោក លឺ ឡាយស្រេង បានបង្ហោះវីដេអូ មួយពីទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ដោយអះអាងថា លោក នឹក ស្រុក ហើយ ចង់ វិល មក វិញ ឆាប់ៗ នេះ ប្រសិន បើ សម្តេចតេជោ ហ៊ុន សែន អភ័យ ទោស ឲ្យ លោក ដែលបានចាកចេញពីប្រទេសកម្ពុជា រយៈពេលជាង១ឆ្នាំមកនេះ។
ភ្លាមៗបន្ទាប់ពីមានការប្រកាសនេះ លោក លឺ ឡាយស្រេង បានចេញវីដេអូមួយថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសថា នឹងមិនចាប់ខ្លួនរូបលោក ពេលត្រឡប់មកដល់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា លោក លឺ ឡាយស្រេង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឱ្យសងជំងឺចិត្ត៥០០លានរៀល និងចំនួន៨លានរៀលចូលថវិការដ្ឋ ករណីប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងបរិហាកេរ្តិ៍ជាសាធារណៈ ដែលប្តឹងដោយលោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា លោក លឺ ឡាយស្រេង បានទៅរស់នៅបរទេសក្រោយពីជាប់ពាក់ព័ន្ធប្រមាថព្រះមហាក្សត្រកម្ពុជា ។ ហើយកាលពីខែតុលា ឆ្នាំ២០១៧ លោក លឺ ឡាយស្រេង និង លោកស្រី គី លំអង អតីតមន្ត្រីហ្វ៊ុនស៊ិនប៉ិច បានបើកសន្ទនាគ្នាតាមទូរស័ព្ទដោយលើកឡើងថា ប្រសិនបើព្រះមហាក្សត្រ ទ្រង់មិនអាចអន្តរាគមន៍ដោះស្រាយវិបត្តិនយោបាយនេះបានទេ ទ្រង់គួរដាក់រាជ្យវិញទៅ ។ ក្នុងនោះ លោក លឺ ឡាយស្រេង ថ្លែងថា «អត់ទេ បើមិនហ៊ានទេ ឲ្យដាក់រាជ្យទៅឲ្យយកគេទៅធ្វើម្តងវិញ មាន់គ្រាវអីចឹងនោះ» ។
ការសន្ទនាជាង៤ នាទីនោះ លោក លឺ ឡាយស្រេង ក៏បានរិះគន់សម្ដេចក្រុមព្រះ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចថា ជាអ្នកនយោបាយ ដែលអង្គុយចាំទទួលយកតែផលដោយមិនចេះអៀនខ្មាស់ និងធ្វើឲ្យបាត់ព្រះកិត្តិនាមព្រះរាជវង្សានុវង្ស ។
ប៉ុន្តែក្រោយពីបែកធ្លាយសារសន្ទនានេះ ក៏មានការដាក់ពាក្យបណ្តឹងពីខាងក្រុមមេធាវីសម្តេចតេជោ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ។ ក្រោយមកទាំងលោកព្រឹទ្ធាចារ្យ និងលោកស្រី គី លំអង ក៏បានសុំទោសជាសាធារណៈបើទោះជាមានការសុំទោសបែបនេះក្តី ម្ចាស់បណ្ដឹង គឺគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏នៅតែមិនអើពើ ។ ក្នុងពិធីប្រគល់ សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៩ សម្តេចតេជោហ៊ុន សែន បានថ្លែងថា លោក លឺ ឡាយស្រេង ចូលស្រុកវិញបានដោយមិនចាំបាច់ធ្វើជាលិខិតស្នើសុំអ្វីនោះទេ ។ សម្តេចក៏បានបក់ដៃឲ្យលោកចូលស្រុកឆាប់ផងដែរ ។ កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៩ តាមរយៈការឡាយវីដេអូប្រហែលជា ៦ នាទី លោក លឺ ឡាយស្រេង បានស្នើសុំសម្តេចតេជោត្រឡប់មកស្រុកកំណើតវិញ ។
តាមរយៈវីដេអូដដែល នោះលោកបានរៀបរាប់ពីទុក្ខលំបាកនៅស្រុកគេដែលរស់នៅដោយគ្មានសាច់ញាតិរស់នៅផ្ទះជួលក្នុង១ខែ ២០០ដុល្លារ។ ជាពិសេសលោកបាននិយាយថា ចុងបញ្ចប់នៃជីវិតរបស់លោក គឺចង់ស្លាប់នៅលើទឹកដីកំណើតខ្លួនឯង ៕ ដោយ ៖ កូឡាប