ភ្នំពេញ ៖ អង្គការសម្ព័នខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) នៅថ្ងៃទី៨ខែមេសាឆ្នាំ២០១៩ បានចេញផ្សាយនូវអត្ថបទមួយ មានខ្លឹមសារថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារី ធ្វើការពិនិត្យមើលស្ថានភាពអ្នកជាប់ពន្ធនាគារជាស្ត្រីក្នុងដំណាក់កាលឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ។ តាមរយៈប្រសាសន៍ និងការបង្ហោះនៅលើគណនេយ្យហ្វេសប៊ុកផ្លូវការ សម្ដេចបានមានប្រសាសន៍ថា អ្នកជាប់ឃុំជាស្ត្រីប្រឈមនឹងបញ្ហាជាច្រើនដូចជា មានកូនរស់នៅក្រៅពន្ធនាគារដោយគ្មានអ្នកជួយផ្គត់ផ្គង់ និងត្រូវបានឱពុករបស់ពួកគេបោះបង់ចោល។
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ សូមសម្ដែងការគាំទ្រចំពោះសេចក្ដីអំពាវនាវរបស់សម្ដេច ក្នុងការចាត់វិធានការជាបន្ទាន់ ដើម្បីដោះស្រាយតម្រូវការរបស់ស្ដ្រីក្នុងពន្ធនាគារ ជាពិសេសស្ថានភាពអ្នកជាប់ឃុំដែលងាយរងគ្រោះដូចជា ម្ដាយមានកូនតូចនៅជាមួយ និងស្ត្រីមានផ្ទៃពោះ ក្នុងពន្ធនាគារ។ បញ្ហានេះ គួរត្រូវបានដោះស្រាយតាមរយៈការប្រើប្រាស់វិធានការផ្លូវច្បាប់ដែលមានស្រាប់ដូចជា ការផ្ដល់អាទិភាពសវនាការចំពោះស្ត្រីក្នុងដំណាក់កាលឃុំខ្លួនបណ្ដោះអាសន្ន និងការពន្លឿនដំណើរការនៃពាក្យបណ្ដឹងសុំនៅក្រៅឃុំ។
លីកាដូ ក៏បានសរសេរលិខិតទៅក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារី ដោយធ្វើការសំណូមពរឱ្យក្រសួងពាក់ព័ន្ធទាំងនេះឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្ដេច ក្នុងការចាត់វិធានការ និងស្វែងរកដំណោះស្រាយឱ្យបានឆាប់រហ័សចំពោះស្ថានភាពស្ត្រីជាប់ពន្ធនាគារក្នុងដំណាក់កាលឃុំខ្លួនបណ្ដោះអាសន្នដោយប្រើប្រាស់វិធានការផ្លូវច្បាប់ ដែលមានស្រាប់។
វិធានការទាំងនេះ ត្រូវបានរៀបរាប់លម្អិត នៅក្នុងរបាយការណ៍ ដែលលីកាដូបានចេញផ្សាយ កាលពីខែតុលាឆ្នាំ២០១៨ ដោយមានចំណងជើងថា “ពេលដែលត្រូវ ដោះលែងឱ្យនៅក្រៅឃុំ បញ្ឈប់ការឃុំខ្លួនបណ្ដោះអាសន្នមិនចាំបាច់” ដែលបានបង្ហាញពីស្ថានភាពកុមារម្ដាយរបស់ពួកគេ និងស្ដ្រីមានផ្ទៃពោះដែលត្រូវបានជាប់ឃុំ នៅក្នុងពន្ធនាគារកម្ពុជា។
លីកាដូ បានចាប់ផ្ដើមឃ្លាំមើលស្ថានភាពពន្ធនាគារនៅកម្ពុជា តាំងពីឆ្នាំ ១៩៩៣ ហើយបច្ចុប្បន្ននេះ កំពុងឃ្លាំមើលពន្ធនាគារចំនួន១៨ ក្នុងចំណោមពន្ធនាគារសរុប ចំនួន២៨ នៅកម្ពុជា។ យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា កុមារអាយុក្រោម៣ឆ្នាំ ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅជាមួយម្ដាយរបស់ពួកគេក្នុងពន្ធនាគារ។ បច្ចុប្បន្ននេះ មានកុមារចំនួន ១១៣នាក់ និង ស្ដ្រីមានផ្ទៃពោះចំនួន៣៨នាក់ កំពុងជាប់ឃុំនៅក្នុងពន្ធនាគារចំនួន១៨ ដែលលីកាដូ បានធ្វើការឃ្លាំមើល។ វិបត្តិនេះកំពុងតែធ្វើឱ្យមានស្ថានភាពកាន់តែអាក្រក់ឡើង ខណៈចំនួនកុមារដែលនៅជាមួយម្ដាយក្នុងពន្ធនាគារបានកើនឡើងស្ទើរតែទ្វេដង ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ មក។
កុមារ និងម្ដាយរបស់ពួកគេប្រឈមនឹងបញ្ហាជាច្រើនដូចជាខ្វះខាតរបបអាហារ ទឹកប្រើប្រាស់ និងបរិភោគ សម្លៀកបំពាក់ និងគ្រឿងសម្អាតអនាម័យផ្សេងៗ។ បញ្ហាទាំងនេះ គឺមានស្ថានភាព អាក្រក់ខ្លាំង ដោយសារការប្រើប្រាស់នីតិវិធី ឃុំខ្លួនបណ្ដោះអាសន្នច្រើនហួសហេតុពេក និងកង្វះខាតនៃការអនុវត្តនីតិវិធីផ្លូវច្បាប់ដែលមានស្រាប់ដូចជាពាក្យបណ្ដឹងសុំនៅក្រៅឃុំបណ្ដោះអាសន្នជាដើម។
របាយការណ៍របស់លីកាដូបានលើកឡើងពីអនុសាសន៍មួយចំនួនខាងក្រោម ដែលអាចជួយកាត់បន្ថយបញ្ហាដែលសម្ដេចបានមានប្រសាសន៍។
• អ្នកជាប់ឃុំទាំងអស់ដែលមានសិទ្ធិ គួរត្រូវបានសាកសួរថាតើ អ្នកទាំងនោះចង់ស្នើសុំនៅក្រៅឃុំឬទេ ជាពិសេសករណីអ្នកជាប់ឃុំ ដែលងាយរងគ្រោះ ដូចជាអ្នកជាប់ឃុំជាស្ត្រីមានកូនតូចនៅជាមួយ និងអនីតិជនជាដើម។ វិធានការនេះនឹងជួយធានាថាក្មេងមិនចាំបាច់ត្រូវរស់នៅក្នុងបន្ទប់ឃុំឃាំងតូចចង្អៀត ដែលអាចប៉ះពាល់ដល់ការលូតលាស់ផ្នែករាង្គកាយ និងស្មារតីរបស់ពួកគេទេ។
• គួរផ្ដល់អាទិភាពចំពោះសវនាការសុំនៅក្រៅឃុំនៃករណីមួយចំនួនរបស់អ្នកជាប់ឃុំ ដែលងាយរងគ្រោះ ដូចជាស្ត្រីមានផ្ទៃពោះនិងម្ដាយដែលមានកូនតូចនៅជាមួយដូចនេះពួកគេមិនចាំបាច់ត្រូវឃុំខ្លួនបណ្ដោះអាសន្នក្នុងរយៈពេលវែង និងមិនមានពេលវេលាកំណតជាក់លាក់។ ការធ្វើបែបនេះនឹងជួយក្នុងករណីកុមារអាយុលើសពី៣ឆ្នាំ ដែលពួកគេមិនចាំបាច់ត្រូវបានបន្តរស់នៅជាមួយម្ដាយក្នុងពន្ធនាគារ ដូចនេះពួកគេមិនត្រូវបានបង្ខំឱ្យទៅរស់នៅក្នុងមណ្ឌលថែទាំកុមារ។ ដូចគ្នាផងដែរ មានឯកសារដែលបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះមិនបានទទួលការថែទាំទាំងមុននិងក្រោយពេលសម្រាលកូននោះទេ។
• ធានាថា ការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការគួរត្រូវបានប្រើប្រាស់ដោយសមស្របនិងជាជម្រើសចុងក្រោយ ដោយអនុលោមតាមគោលការណ៍សន្មត់ថាគ្មានទោសដរាបណាជនសង្ស័យមិនទាន់ត្រូវបានកាត់ទោស។
• ធានាថា មុនពេលចេញដីកាសម្រេចឃុំខ្លួនគួរមានការពិចារណាឱ្យបានសមស្របដោយផ្អែកលើកាលៈទេសៈផ្ទាល់ខ្លួននៃរាល់បុគ្គលដែលត្រូវបានចោទប្រកាន់ដោយអនុលោមតាមកិច្ចការពារផ្នែកច្បាប់ ជាពិសេសក្នុងករណីនៃអ្នកជាប់ឃុំដែលងាយរងគ្រោះដូចជាស្ត្រីមានផ្ទៃពោះនិងម្ដាយមានកូនតូចក៏ដូចជាអនីតិជនជាដើម។
• ធានាថា លក្ខខណ្ឌនៃការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ ឆ្នាំ២០១៤ គួរត្រូវបានប្រើប្រាស់ត្រឹមត្រូវ ដោយពន្យល់ឱ្យបានច្បាស់លាស់អំពីហេតុផលណាមួយនៃហេតុផលទាំង៦ នៃការអនុវត្តនីតិវិធីឃុំខ្លួនបណ្ដោះអាសន្នចំពោះករណី និងអំណះអំណាងដែលមានហេតុផលច្បាស់លាស់មុនពេលសម្រេចឃុំខ្លួនបណ្ដោះអាសន្ន។
• ធានាថា រាល់បុគ្គលដែលត្រូវបានចោទប្រកាន់ទទួលបានសិទ្ធិ និងកិច្ចការពារមុនពេលសវនាការរួមមានការទទួលបានកិច្ចការពារផ្លូវច្បាប់គ្រប់គ្រាន់ ទទួលបានការជូន ដំណឹងត្រឹមត្រូវពីបទចោទចំពោះពួកគេនិងដឹងពីនីតិវិធីពាក់ព័ន្ធនឹងការដាក់ពាក្យស្នើសុំនិងទទួលបានសិទ្ធិនៅក្រៅឃុំ ក៏ដូចជាសមត្ថភាពក្នុងការស្នើសុំនៅក្រៅឃុំបណ្ដោះអាសន្ន ជាពិសេសក្នុងករណី នៃអ្នកជាប់ឃុំដែលងាយរងគ្រោះដូចជាអនីតិជនស្ត្រីមានផ្ទៃពោះ និងម្ដាយមានកូនតូចជាដើម។ ដំណើរការនៃនីតិវិធីទាំងនេះ គួរត្រូវបានពន្យល់ឱ្យបានច្បាស់លាស់ និងអនុវត្តឱ្យបានទាន់ពេលវេលា។
លើសពីនេះ លីកាដូក៏សូមផ្ដល់អនុសាសន៍ឱ្យអគ្គព្រះរាជអាជ្ញាធ្វើការផ្សព្វផ្សាយពីគោលការណ៍ណែនាំស្ដីពីរបៀបដែលអាជ្ញាធរយុត្តិធម៌និងមន្ត្រីតុលាការគួរដោះស្រាយចំពោះករណីមួយចំនួនដែលពាក់ព័ន្ធនឹងម្ដាយ និងស្ត្រីមានផ្ទៃពោះដើម្បីធានាថាអ្នកទាំងនោះមិនត្រូវបានឃុំខ្លួនដែលធ្វើឱ្យកើនឡើងនូវចំនួនអ្នកជាប់ឃុំនៅពេលអនាគត។
សំណូមពរខាងលើនេះ គឺជាវិធីសាស្ត្រដ៏ល្អជាងគេក្នុងការដោះស្រាយស្ថានភាពអ្នកជាប់ឃុំជាម្ដាយនិងស្ត្រីមានផ្ទៃពោះ ហើយសំណូមពរទាំងនេះក៏ស្របទៅនឹងប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីដើម្បីផ្ដល់អាទិភាពចំពោះស្ត្រីមួយចំនួននៅក្នុងពន្ធនាគារផងដែរ។ នេះគឺជាក្ដីសង្ឃឹមរបស់ស្ត្រីមានផ្ទៃពោះនិងម្ដាយមានកូនតូចនៅក្នុងពន្ធនាគារដែលកំពុងអនុវត្តការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការអាចទទួលបានសិទ្ធិនៅក្រៅឃុំឬក៏ត្រូវបានជំនុំជម្រះមុនពេលបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ៕ ដោយ ៖ កូឡាប