មានករណីផ្ទះឆេះកាប៊ីនភ្លើងរបស់ភោជនីយដ្ឋានទន្លេបាសាក់២ កាលវេលាម៉ោង៤និង៣០នាទី នៅច្រមុះជ្រូកក្បាលថ្នល់ ស្ថិតនៅតាមផ្លូវមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច នគរបាលចរាចរដែលឈរជើង នៅក្បែរកន្លែងកើតហេតុ បានអោយដឹងថា មុនឆេះគឺបានលឺសម្លេងផ្ទុះលាន់ដូចគ្រាប់កាំភ្លើងអីចឹង ហើយមានឃើញផ្សែងហុយចេញពីក្នុងកាប៊ីនភ្លើងនោះ បង្កការភ័យរន្ឋត់ និងបានហៅរថយន្តពន្លត់អគ្គិភ័យចេញមកអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗផងដែរ ។
អគ្គិសនីកម្ពុជា EDC បានប្រកាសថា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៦:៥៧នាទីរសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី២ (GS2-F6B) ដើម្បីសម្រួលដល់ក្រុមការងារពន្លត់អគ្គិភ័យ ធ្វើការពន្លត់ភ្លើងដែលបានឆាបឆេះរោងម៉ាស៊ីនភ្លើងទីតាំងរបស់អតិថិជន ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ មហាវិថីព្រះនរោត្តម មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសបានធ្វើការពិនិត្យ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១៧:៣៩នាទីល្ងាច ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។
នាយកដ្ឋាននគរបាល ពន្លត់បង្ការនិងសង្គ្រោះនៃអគ្គស្នងការនគរបាលជាតិ បានធ្វើការលម្អិតពីព័ត៌មាននិងអគ្គីភ័យខាងលើនេះថា នៅវេលាម៉ោង ១៦និង៣០នាទីល្ងាច ថ្ងៃចន្ទ៤កើតខែត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ2019 មានករណីអគ្គីភ័យមួយកន្លែងកើតឡើងស្ថិតតាមណ្តោយផ្លូវមុនី្នវង្ស សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ទីតាំងនេះមានម្ចាស់ឈ្មោះ ហ៊ី ធឹម ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ អ្នកគ្រប់គ្រង ភោជនីយដ្ឋាន ហើយ មូលហេតុបង្កឡើងដោយ ឆ្លងចរន្តអគ្គីសនីនៅក្នុងបន្ទប់ រោងម៉ាស៊ីនភ្លើងធ្វើអំពី ថ្មរបេតុងទំហំ ០៣ម៉ែត្រx០៤ម៉ែត្រ បណ្តាលឲ្យ ខូចខាតឆេះខូចខាតសម្ភារៈ ឌីសង់ទ័រ និងពុំឆេះរាលដាលដល់ផ្ទះអ្នកក្បែខាងឡើយ ដោយប្រើរថយន្តការិយាល័យអគ្គិភ័យចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់០២ឡានស្មើនឹង០៨ម៉ែត្រគូប ។
រថយន្តជំនួយ ក្រសួងមហាផ្ទៃចំនួន ០២ គ្រឿងពុំបានប្រើប្រាស់ទឹក ។ នគរបាលបញ្ជាក់ថាករណីនេះពុំបានបណ្ដាលឲ្យមនុស្សរងរបួសឬគ្រោះថ្នាក់នោះទេ ៕ ដោយ ៖ កូឡាប