ខេត្តកណ្តាល ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និង ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ជ្រាបថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានទីតាំង ខាងលិចស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងខាងកើតស្ថិតនៅឃុំថ្មគរ ស្រុកល្វាឯមនៃភូមិសាស្ត្រខេត្តកណ្តាល បានចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការ និងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២៨ ហើយនៅក្នុងអំឡុងពេលនៃការសាង សង់នេះ ផ្លូវនាវាចរណ៍នៅតំបន់ការដ្ឋាននឹងមានការរួមតូចដែលអាចរំខានដល់ការធ្វើនាវាចរណ៍ផ្សេងៗ។
ដូច្នេះ ដើម្បីធានាបាននូវសុវត្ថិភាពរបស់នាវាចរណ៍ ដែលធ្វើដំណើរតាមដងទន្លេមេគង្គ ឆ្លងកាត់តំបន់ការដ្ឋានសាង សង់ ក្រសួងសាធារណការ និងដឹកជញ្ជូនសូមអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុន ដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់ មេត្តាយកចិត្តទុកដាក់ក្នុងការបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឧបទ្ទវហេតុ កើតឡើងជាយថាហេតុ និងសូមអនុវត្តតាមការណែនាំដូចខាងក្រោម៖
១. បន្ថយល្បឿននាវា និងបើកបរនៅក្នុងចន្លោះសុវត្ថិភាពដែលមានផ្លាក និងពោងសញ្ញាបង្ហាញ។
២. រក្សាចម្ងាយសុវត្ថិភាពបើកបរឱ្យបានគ្រប់គ្រាន់ ជាពិសេសនៅរដូវវស្សាដែលមានចរន្តទឹកហូរ និងគួចខ្លាំង ដើម្បីចៀសវាងហានិភ័យនៃការប៉ះទង្គិចពេលឆ្លងកាត់ច្រករួមតូច ឬនៅជិតការដ្ឋានសាងសង់។
៣. ផ្តល់អាទិភាពដល់នាវារបស់ការដ្ឋានសាងសង់ និងអនុវត្តតាមការផ្តល់សញ្ញា និងការណែនាំពីបុគ្គលិក ការដ្ឋានសាងសង់ ។
៤. មិនអនុញ្ញាតឱ្យនាវាបោះយុថ្កា ឈប់សំចត ឬស្នាក់នៅក្នុងចម្ងាយ ៥០០ម៉ែត្រ ពីការដ្ឋានសាងសង់
៥. នាវាធ្វើដំណើរឆ្លងកាត់តំបន់សាងសង់ ត្រូវតែធ្វើចរាចរណ៍ទៅតាមទីតាំងដែលបានកំណត់ ។
៦. ហាមបើកបរវ៉ាជែងគ្នា និងល្បឿនលឿនបណ្តាលឱ្យមានរលកខ្លាំង និងត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នា ចម្ងាយ ៥០០ម៉ែត្រ ក្នុងករណីធ្វើនាវាចរណ៍បញ្ច្រាស់ចរន្តទឹកហូរ និង ១ ០០០ ម៉ែត្រ ក្នុងករណីធ្វើ នាវាចរណ៍ស្របតាមចរន្តទឹកហូរ។
អាស្រ័យហេតុនេះ សូមសាធារណជន ប្រជាពលរដ្ឋ ប្រតិបត្តិករ និងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវទឹកទាំងអស់មេត្តា ជ្រាប យោគយល់ អធ្យាស្រ័យ និងយកចិត្តទុកដាក់ខ្ពស់ក្នុងអំឡុងពេលនៃការធ្វើនាវាចរណ៍ឆ្លងតំបន់សាងសង់ស្ពាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ រក្សាសិទ្ធដោយ៖សុទ្ធលី
