Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការអភិវឌ្ឍន៍ និងការផ្ដល់ជំនួយ ផ្សាភ្ជាប់ជាមួយការកំរាមកំហែង៖ ទិសដៅបន្តរបស់កម្ពុជា

ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កាលពីពេលថ្មីៗនេះ រដ្ឋបាលលោកប្រធានាធិបតី Donald Trump បានធ្វើការគម្រាមកំហែងក្នុងការកាត់ជំនួយទៅដល់ប្រទេសហ្សាំប៊ីពាក់ព័ន្ធទៅនឹងការផ្ដល់ជំនួយផ្នែកវិជ្ជសាស្រ្ត ពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ប្រសិនបើការទាមទាររបស់អាមេរិកមិនអាចទទួលបានការឯកភាពលើការស្នើប្រើប្រាស់រ៉ែរបស់ប្រទេសនេះ យោងទៅតាមការរាយការណ៍របស់ការសែត The New York Times។ សហរដ្ឋអាមេរិកបានទុកពេលជូនប្រទេសហ្សំប៊ី ដើម្បីធ្វើការចរចារហូតដល់ខែឧសភា ហើយក្នុងករណីការចរចាមិនបានជោគជ័យ ការណ៍នោះនឹងធ្វើឱ្យប៉ះពាល់ដល់មនុស្សប្រមាណ ១,៣លាននាក់ភ្លាមៗ ដែលបាននិងកំពុងប្រើប្រាស់ជំនួយផ្នែកវិជ្ជសាស្រ្តពីសហរដ្ឋអាមេរិក។ ជាការពិតណាស់នៅក្នុងរជ្ជកាលលោកប្រធានាធិបតី Donald Trump នៅក្នុងអាណត្តិទី២ នេះ រដ្ឋបាលរបស់លោកបាននិងកំពុងអនុវត្តគោលនយោបាយការបរទេស «ជនជាតិអាមេរិកត្រូវឈានមុខគេ – The American First» ក្នុងន័យនេះ ប្រសិនបើប្រទេស ឬអង្គការណាមួយមិនអាចផ្ដល់ផលចំណេញដល់សហរដ្ឋអាមេរិកនោះ គឺរដ្ឋបាលរបស់លោកមិនញញើតក្នុងការកាត់បន្ថយ ឬកាត់ផ្ដាច់ជំនួយទាំងស្រុងទៅដល់ប្រទេស ឬអង្គភាពនោះឡើយ។ ហេតុផលនេះ ការចរចាដើម្បីបន្តទទួលជំនួយពីសហរដ្ឋអាមេរិក រួមជាមួយនឹងភាពបត់បែនយ៉ាងលឿនរបស់លោក Donal Trump គឺជាវិញ្ញាសារដ៏ពិបាកមួយដល់ប្រទេសទូទាំងសកលលោកនាពេលបច្ចុប្បន្ននេះ។

ប្រសិនបើយើងក្រឡេកមើលមកប្រទេសកម្ពុជាវិញ កម្ពុជានៅតែមានការពឹងផ្អែកទៅលើសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ប៉ុន្តែមិនទាំងស្រុងនោះឡើយ ដែលសហរដ្ឋអាមេរិកចូលរួមប្រមាណ ១៥ ភាគរយនៃយុទ្ធនាការសរុប។ កម្ពុជាបាននិងកំពុងព្យាយាមបន្តធ្វើពិពិធកម្មដៃគូសហប្រតិបត្តិការមិនត្រឹមតែផ្នែកវិជ្ជសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងវិស័យផ្សេងៗទៀតផងដែរដូចជាវិស័យពាណិជ្ជកម្ម និងផលិតកម្មជាដើម។ ជាក់ស្ដែងកាលពីពាក់កណ្ដាលឆ្នាំ២០២៥ នៅខណៈពេលដែលសហរដ្ឋអាមេរិកបានចេញយុទ្ធនាការកាត់បន្ថយការចំណាយរបស់ខ្លួនតាមរយៈការបង្កកជំនួយផ្សេងៗ ទូទាំងសកលលោករួមបញ្ចូលទាំងជំនួយផ្នែកវិជ្ជសាស្រ្តផងដែរ ភ្លាមៗនោះកម្ពុជាបានប្រកាសការសហការជាមួយនឹងដៃគូអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍តួយ៉ាង UNAIDS។ ក្នុងន័យនេះ ហានិភ័យដែលសហរដ្ឋអាមេរិកប្រើប្រាស់យុទ្ធសាស្រ្តដូចប្រទេសហ្សាំប៊ី មកលើកម្ពុជា គឺមានទាប។ ទោះបីជាយ៉ាងណាក្ដី រដ្ឋាភិបាលកម្ពុជា គួរមានវិធានការទប់ស្កាត់មិនឱ្យបន្តឆ្លងទៅយុវជនជំនាន់ក្រោយទៀតតាមរយៈការពង្រឹងការយល់ដឹងដើម្បីកាត់បន្ថយបន្ទុកដល់រដ្ឋាភិបាលនៅថ្ងៃអនាគត។
តើការវិនិយោគរបស់ក្រុមហ៊ុន Charles River Laboratories (CRL) បាននាំមកនូវឱកាស និងការកម្រាមកំហែងអ្វីខ្លះដល់កម្ពុជា?
កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ កន្លងទៅ ក្រុមហ៊ុនស្រាវជ្រាវវេជ្ជសាស្ត្រអាមេរិក Charles River Laboratories (CRL) បានវិនិយោគជាង ៥០០ លានដុល្លារនៅក្នុងខេត្តកំពង់ធំ ដែលជាការវិនិយោគផ្ទាល់ពីបរទេសធំជាងគេមួយរបស់សហរដ្ឋអាមេរិកក្នុងប្រទេសកម្ពុជា។ ឯកឧត្តម វង្សី វិស្សុត បានថ្លែងនៅក្នុងពិធីថា «គម្រោងវិនិយោគនេះនឹងបង្កើតការងារថ្មី បង្កើនប្រាក់ចំណូល បណ្តុះបណ្តាលជំនាញ និងពង្រឹងសេដ្ឋកិច្ចជនបទ ក៏ដូចជាជួយកម្ពុជាឱ្យក្លាយជាផ្នែកសំខាន់មួយនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ជីវវិទ្យា និងសុខាភិបាលអន្តរជាតិ»។ ចំណែកលោកស្រី Shannon M. Parisotto អគ្គនាយកប្រតិបត្តិជាន់ខ្ពស់របស់ CRL បានថ្លែងថា «វិនិយោគនេះមិនមែនត្រឹមតែជាទុនប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចសហការយុទ្ធសាស្ត្ររយៈពេលវែងជាមួយកម្ពុជា លផ្អែកលើទំនុកចិត្ត និងអត្ថប្រយោជន៍រួម ហើយក្រោមការដឹកនាំរបស់ CRL កម្ពុជានឹងក្លាយជាផ្នែកសំខាន់ និងទុកចិត្តបានក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល»។

ពិធីសម្ពោធកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦
នៅខណៈពេលដែលមានការលើកឡើងបែបវិជ្ជមានពាក់ព័ន្ធនឹងការវិនិយោគរបស់ក្រុមហ៊ុនអាមេរិកនៅកម្ពុជា ក៏មានការបង្ហាញកង្វល់មួយចំនួននៅក្នុងបណ្ដាញសង្គមពាក់ព័ន្ធទៅនឹងការវិនិយោគនេះ ដែលបណ្ដាលមកពីប្រវត្តិរបស់ក្រុមហ៊ុនខាងលើផ្សាភ្ជាប់ទៅនឹងការជួញដូរសត្វព្រៃខុសច្បាប់ ដែលធ្លាប់ធ្វើឱ្យប៉ះពាល់ដល់ប្រទេសកម្ពុជាផងដែរ លើករណីបន្លំឯកសារ និងការទទួលសូកប៉ាន់ ដើម្បីអនុញ្ញាតឱ្យស្វាព្រៃត្រូវបាននាំចេញទៅក្រៅប្រទេសក្រោមឈ្មោះថា «ស្វាបង្កាត់» ក្នុងឆ្នាំ២០២២ ប៉ុន្តែរឿងក្ដីនេះត្រូវបានស្ងប់ស្ងាត់ទៅវិញនាពេលក្រោយមក។ បន្ថែមពីនេះ ក៏មានការយល់ឃើញថា ដើម្បីជំរុញឱ្យមានតម្លាភាព និងមានភាពជាម្ចាស់លើការអនុវត្ត គប្បីមានការចូលរួមពីអ្នកវិនិយោគក្នុងស្រុក។

ជាក់ស្ដែង ការចូលរួមពីអ្នកវិនិយោគក្នុងស្រុកនឹងធ្វើឱ្យការវិនិយោគនោះមានភាពជាម្ចាស់ដល់កម្ពុជា ប៉ុន្តែមិនមែនជាការចង់បានរបស់អ្នកវិនិយោគនោះឡើយ ដោយហេតុថាអ្នកវិនិយោគចង់មានការគ្រប់គ្រង និងភាពជាម្ចាស់លើដំណើរការ និងការសម្រេចចិត្តនានារបស់ខ្លួន ពិសេសការការពារចំណូល និងបច្ចេកវិទ្យា។ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ និងមានការចង់បានអ្នកវិនិយោគចូលមកដាក់ទុនដើម្បីកំណើនការងារ និងសេដ្ឋកិច្ច កម្ពុជានៅមិនអាចដាក់ការរឹតត្បិតខ្លាំងពេកសម្រាប់អ្នកវិនិយោគនោះឡើយ ប៉ុន្តែមិនមែនមានន័យថាកម្ពុជាត្រូវបិទភ្នែកអនុញ្ញាតឱ្យបណ្ដាអ្នកវិនិយោគប្រព្រឹត្តអំពើមិនគប្បីនៅក្នុងប្រទសកម្ពុជាឡើយ។ដើម្បីជាសវាងរឿងហេតុដែលធ្វើបានកើតមានឡើងកាលពីអតីតកាល និងដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួនរដ្ឋាភិបាលកម្ពុជាគប្បីត្រូវមានគ្របខណ្ឌច្បាប់ និងបទបញ្ញត្តិច្បាស់លាស់មួយសម្រាប់ការអនុវត្តតាមរយៈរបាយការណ៍ដែលអាចទុកចិត្ត និងផ្ទៀងផ្ទាត់បានដែលស្របតាមស្តង់ដារថែទាំសត្វ និងបរិស្ថានដែលទទួលស្គាល់ជាអន្តរជាតិ។ បន្ថែមពីនេះអង្គភាពដែលមានសមត្ថកិច្ចត្រូវអនុវត្តការងាររបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ជាពិសេសអនុញ្ញាតឱ្យមានការចូលរួមពីប្រជាជនដែលរស់នៅក្នុងសហគមន៍ដើម្បីទទួលការឯកភាព និងកាត់បន្ថយផលប៉ះពាលជាអតិបរិមា ដើម្បីការពារសត្វព្រៃ និងមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ ព្រោះវាអាចនឹងប៉ះពាល់ដល់តម្លៃមនុស្សជាតិ (Value Based Issues) ផងដែរ ព្រោះបញ្ហានេះ គឺមិនត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលលោក Donald Trump នោះឡើយ។ គោលនយោបាយសហរដ្ឋអាមេរិកអាចនឹងមានការប្រែប្រួលទៅតាមការផ្លាស់ប្ដូរមេដឹកនាំ នៅខណៈពេលដែលកម្ពុជាអាចទាញផលប្រយោជន៍បាន កម្ពុជាគួរតែធ្វើតាមរយៈការរក្សាជំហរគាំទ្រនូវអ្វីដែលសហរដ្ឋអាមេរិកមាន និងកំពុងធ្វើជាមួយនឹងកម្ពុជា ដើម្បីរក្សាភាពស្ងៀមស្ងាត់ជាយុទ្ធសាស្រ្ត និងការគាំទ្រពីមហាអំណាចនេះក្នុងការដោះស្រាយបញ្ហាព្រំដេនជាមួយថៃនាពេលអនាគត។ ទោះជាយ៉ាងណាក្ដីកម្ពុជាគួរត្រៀមខ្លួន និងដំណើរការប្រកបទៅដោយការប្រុងប្រយ័ត្នខ្ពស់ព្រោះវត្តមានរបស់សហរដ្ឋអាមេរិកអាចជា លេសយុទ្ធសាស្រ្ត (Strategic Excuse) របស់អាមេរិកក្នុងការរក្សាវត្តមានរបស់ខ្លួននៅកម្ពុជា ក្រោមឆត្រសិក្សាស្រាវជ្រាវវេជ្ជសាស្រ្តនៅកម្ពុជា ដើម្បីតាមដានសកម្មភាព និងយកព័ត៌មានអំពីសកម្មភាពចិន (ទាំងយោធា សកម្មភាពឆបោកអនឡាញ និងវិនិយោគផ្សេងៗ) នៅកម្ពុជា។ ម្យ៉ាងមួយវិញទៀត ប្រសិនជាកម្ពុជា មានបញ្ហាអ្វីមួយ ឬទំនាក់ទំនងរវាងប្រទេសទាំងពីរ (កម្ពុជា-អាមេរិក) មានភាពរកាំរកូស នោះសហរដ្ឋអាមេរិកអាចនឹងធ្វើការចោទប្រកាន់កម្ពុជា ថាប្រព្រឹត្តអំពើខុសច្បាប់ដោយការយកសត្វមកធ្វើការពិសោធន៍ខុសច្បាប់អន្តរជាតិ និងដាក់សម្ពាធកម្ពុជាបន្ថែមទៀត នោះនឹងធ្វើឱ្យកម្ពុជាកាន់តែងាកទៅរកចិន និងអាស៊ានកាន់តែខ្លាំង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×