ចិន៖ លោក Cai Qi សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃមជ្ឈិមបក្សកុម្មុយនីស្តចិន នៅថ្ងៃទី ២៥ មីនា បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសព្រះអង្គទាំងទ្វេកំពុងគង់ប្រថាប់ពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន លោក Cai Qi បានសង្កត់ធ្ងន់ពីស្ថានភាពអន្តរជាតិមានការប្រែប្រួល តែចំណងមិត្តភាពរវាងចិន និងកម្ពុជា នៅតែរឹងមាំ និង រីកចម្រើនជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយកម្ពុជា ដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងដែលមេដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា សំដៅពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ និង ជំរុញកិច្ចសហប្រតិបត្តិការសហគមន៍វាសនារួម ចិន-កម្ពុជា ឱ្យកាន់តែមានសមិទ្ធផលថ្មីៗបន្ថែមទៀតនៅក្នុងយុគសម័យថ្មីនេះ។
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា មិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងចិន ត្រូវបានបង្កើតឡើងដោយមេដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ ហើយនៅតែមិនរង្គោះរង្គើ និងរឹងមាំ។ ប្រទេសកម្ពុជាប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវគោលការណ៍ចិនតែមួយ គាំទ្រគោលគំនិត និងគំនិតផ្តួចផ្តើមសំខាន់ៗដែលដាក់ចេញដោយប្រធានាធិបតី ស៊ី ជីនពីង និងមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យផ្សេងៗ បង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការពហុភាគី និងរួមគ្នាបញ្ចូលភាពប្រាកដប្រជាបន្ថែមទៀតទៅក្នុងពិភពលោកដែលពោរពេញដោយការផ្លាស់ប្តូរ និងភាពចលាចល៕ រក្សាសិទ្ធដោយ៖សុទ្ធលី




