ទីក្រុងហ្សឺណែវ៖ នៅរសៀលថ្ងៃទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នាសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងបទអន្តរាគមន៍ក្នុងអំឡុងកិច្ចពិភាក្សាទូទៅ ក្នុងរបៀបវារៈទី៩ ស្តីពីការប្រកាន់ពូជសាសន៍ ការរើសអើងជាតិសាសន៍ ការរើសអើងជនបរទេស និងទម្រង់ នៃការរើសអើងនានា។
ក្នុងបទអន្តរាគមន៍ ឯកឧត្តមឯកអគ្គរាជទូត បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការដោះស្រាយការប្រកាន់ពូជសាសន៍ ការរើសអើងជាតិសាសន៍ ការរើសអើងជនបរទេស និងទម្រង់ នៃការរើសអើងនានា តាមរយៈការអប់រំ ការយល់ដឹងជាសាធារណៈ និងក្របខ័ណ្ឌច្បាប់ប្រកបដោយប្រសិទ្ធភាព ដែលលើកកម្ពស់ការអត់ឱន ការយោគយល់ និងសាមគ្គីភាពសង្គម។
សេចក្តីប្រកាសទីក្រុងឌឺបាន (Durban) និងផែនការសកម្មភាព នៅតែជាឯកសារយោងរួមសម្រាប់កិច្ចខិតខំប្រឹងប្រែងជាសកល ហើយការអនុវត្តពេញលេញនៃសេចក្តីប្រកាសខាងលើ ទាមទារឱ្យមានការប្តេជ្ញាចិត្តជាថ្មី និងការពង្រឹងកិច្ចសហប្រតិបត្តិការ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




