សត្វស្លាបប្រហែល ៦០០លានក្បាលបានស្លាប់ជារៀងរាល់ឆ្នាំនៅក្នុងសហរដ្ឋអាមេរិច ដោយសារតែវាហោះបុកអគារខ្ពស់ៗ ជាពិសេសនៅក្នុងទីក្រុង Chicago, Houston និងទីក្រុង Dallas។ នេះបើតាមការស្រាវជ្រាវរបស់ស្ថាប័ន Cornell Lab of Ornithology ដែលមានជំនាញសិក្សាលើសត្វស្លាប និងសត្វព្រៃ។
ដោយសារតែនៅលើអគារខ្ពស់មានបំពាក់ដោយភ្លើងសប្បនិម្មិត ទើបធ្វើឲ្យសត្វស្លាបមានការច្រឡំ និងបណ្តាលឲ្យពួកវាហោះបុកជញ្ជាំងអាគារ បណ្តាលឲ្យរបួស និងស្លាប់។ ជញ្ជាំងភាគច្រើននៃអាគារខ្ពស់ៗធ្វើឡើងពីកញ្ចក់ ដែលអាចជាមូលហេតុធ្វើឲ្យពួកសត្វទាំងនោះមានការច្រឡំ។
ការហោះបុកជញ្ជាំងអគារខ្ពស់នៅអាមេរិច ភាគច្រើនកើតឡើងក្នុងកំឡុងរដូវរងារ និងស្លឹកឈើជ្រុះ ដែលក្នុងរដូវទាំងពីរនោះ បក្សីរាប់លានក្បាលបានធ្វើដំណើរកាត់អាមេរិច ឆ្ពោះទៅកាន់តំបន់ពួកវា ស្ថិតនៅចន្លោះប្រទេសកាណាដា និងអាមេរិចឡាទីន។
អគារខ្ពស់ៗនៅទីក្រុង Chicago គឺជាកន្លែងដ៏គ្រោះថ្នាក់បំផុតសម្រាប់សត្វស្លាប ក្នុងរដូវទាំង ២ខាងលើ ហើយកន្លែងគ្រោះថ្នាក់បន្ទាប់គឺក្នុងទីក្រុង Houston និង Dallas។
កន្លែងទាំងនោះ បានសម្លាប់សត្វស្លាបជាច្រើនដែលបានធ្វើដំណើរយ៉ាងឆ្ងាយ ដោយការបុកជញ្ជាំងកញ្ចក់របស់អគារ។
សត្វស្លាបក៏អាចមានការភ័នច្រឡំផងដែរដោយសារតែនៅបង្អួចអាគារមានដាំរុក្ខជាតិនៅពីក្រោយ ជាហេតុធ្វើឲ្យសត្វហោះទៅទុំ ដោយពួកវាគិតថាជាកន្លែងចុះទុំមានសុវត្ថិភាព។ ចំណាំងកញ្ចក់នៅសួនច្បារ និងតំបន់កំសាន្តក៏អាចបង្កជាបញ្ហាផងដែរ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN