ភ្នំពេញ ៖ នាសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្ដមប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននិងឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យនិងសិក្សាពីស្ថានភាពផ្លូវ ៦០ម៉ែដើម្បីរកមធ្យោបាយធ្វើយ៉ាងណាឱ្យផ្លូវនេះកាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍។
ក្រោយត្រួតពិនិត្យក្រសួងសាធារណការនិងដឹកជញ្ជូននិងរដ្ឋបាលរាជធានីភ្នំពេញបានឯកភាពគ្នាមួយ ដោយបានសម្រេចបង្កើនកម្លាំងប៉ូលីសជាមួយនឹងការរឹតបណ្តឹងការផាកពិន័យចំពោះ អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍និងបើកបរលើសល្បឿនកំណត់នៅលើកំណត់ផ្លូវ៦០ម៉ែត្រ ក្នុងមូលដ្ឋានខណ្ឌមានជ័យនិងខណ្ឌដង្កោ។
ពាក់ព័ន្ធការងារខាងលើលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅល្ងាចថ្ងៃទី១២ ខែមករាឆ្នាំ២០២៥នេះថា៖ ក្នុងឱកាសនៃការចុះត្រួតពិនិត្យនៅលើដងផ្លូវ៦០ម៉ែត្រហៅផ្លូវសម្ដេចតេជោហ៊ុន សែន ខាងលើនេះ ឯកឧត្ដមប៉េង ពោធិនា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឯកភាពគ្នាលើចំណុចមួយចំនួន ក្នុងនោះរួមមាន៖ នៅលើកំណត់ផ្លូវ៦០ម៉ែត្រ ត្រូវបង្កើនកម្លាំងប៉ូលីសដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ និងការផាកពិន័យចំពោះអ្នកបើកបរលើសល្បឿនកំណត់ ពោលគឺកម្លាំងត្រូវអនុវត្តការងារដោយភាពទទួលខុសត្រូវនិងតឹងរឹងជាងមុន។
ត្រូវគូសគំនូសសញ្ញាចរាចរណ៍ជាថ្មីនិងដាក់ភ្លើងស្តុបថ្មីបន្ថែមទៀត ហើយក៏នឹងបន្ថែមចំណាំងផ្លាតលើផ្លូវនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទាំងពេលយប់ទាំងថ្ងៃ។
លោកប្រធានមន្ទីរបន្តថា ៖ ដាក់កាមេរ៉ាសុវត្ថិភាព ដាក់ផ្លាកសញ្ញាកំណត់ល្បឿន ដោយចាប់ពីភ្លើងស្តុបមែកសឺដែស ដល់ស្ពានអាកាស «មរតកតេជោ» អាចបើកបរក្នុងល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចាប់ពីផ្លូវជាតិលេខ២ មកដល់ភ្លើងស្តុបមែកសឺដែស កំណត់ល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្ត្រីនិងឯកឧត្ដម អភិបាលរាជធានីភ្នំពេញ ក៏បានចែកមួកសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋដែលបានឆ្លើយសំណួរបានត្រឹមត្រូវ ពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ ជាមួយនឹងការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវគ្រប់គោរពច្បាប់ចរាចរណ៍ដោយពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ចៀសវាងឲ្យបាននៅហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ លើបណ្តោយផ្លូវ៦០ម៉ែត្រនេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី