ត្បូងឃ្មុំ ៖ នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានទទួលព័ត៌មានថា មានពិធីបុណ្យសពមួយនៅភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាត (ចង-កសម្លាប់ខ្លួន) កាលពីថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ៣ និង ០០ នាទី ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ នៅវេលាម៉ោង ០៦ និង ៥០ នាទី ថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០១៩ កម្លាំងជំនាញយើងបានចុះកន្លែងហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យលើខ្លួនសាកសពជនរងគ្រោះដោយសង្ស័យពាក់ព័ន្ធជាមួយករណីឃាតកម្ម ។
សាច់ញាតិក្រុមគ្រួសារបានបំភ្លឺឲ្យសមត្ថកិច្ចយើងដឹងថាជនរងគ្រោះឈ្មោះ ហាយ បញ្ញា ភេទប្រុស អាយុ ២៧ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ជាមនុស្សញៀនថ្នាំ និងមានជម្ងឺបាក់ទឹកចិត្តដោយសារប្រពន្ធនាំកូនរត់ចោលទៅមានប្តីថ្មីទៀត ។ ហើយក៏ធ្លាប់បានព្យាយាមធ្វើអត្តឃាដច្រើនលើកច្រើនសារ ប៉ុន្តែត្រូវក្រុមគ្រួសារជួយសង្គ្រោះទាន់ពេលវេលា ។
យោងតាមការបំភ្លឺ និងការពិនិត្យរបស់សមត្ថកិច្ចបានឲ្យដឹងថាមិនមានស្លាកស្នាមមួយគួរឲ្យគត់សម្គាល់ពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ គឺតែមានស្នាមជាំលើ ក រឹតដោយខ្សែរគោ ដែលសន្និដ្ឋានបានថាស្លាប់ដោយធ្វើអត្តឃាត (ចង-កសម្លាប់ខ្លួន) ពិតប្រាកដមែន៕ ដោយ ៖ កូឡាប