ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនាព្រឹកថ្ងៃសុក្រ ៨កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងផ្ដល់ជូននូវគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់ឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ និងរបស់រដ្ឋបាលខេត្ត ជូនដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ ពិធីនេះរៀបចំនៅបរិវេណស្នងការដ្ឋាននគរបាលខេត្ត ទោមានការអញ្ជើញចូលរួមពីឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ កឹង ឃន ស្នងការនគរបាលខេត្ត លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត និងកងកម្លាំងទាំងអស់សរុបចំនួន ៣១៧នាក់។
មានប្រសាសន៍សំណេះសំណាលទៅកាន់ពិធីនេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងឯកឧត្ដមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនចំពោះកងកម្លាំងរក្សាការពារសន្តិសុខសុវត្ថិភាពនាឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះដោយក្តីនឹករលឹកបំផុត។
ជាមួយនេះ លោកអភិបាលខេត្ត បានសម្តែងនូវការ កោតសរសើរចំពោះកងកម្លាំងទាំង៣ ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ក្នុងកិច្ចការរក្សាការពារសន្តិសុខសុវត្ថិភាព បានល្អប្រសើរជូនដល់ប្រជាពលរដ្ននាពេលកន្លងមក។ ក្នុងនោះនាឱកាសបុណ្យចូលឆ្នាំថ្មី និងស្របពេលដែលខេត្តស្វាយរៀងបានរៀបចំនូវកម្មវិធីសង្ក្រាន្តស្វាយរៀង ឯកឧត្តមអភិបាលខេត្តបានមានមតិផ្តាំផ្ញើដល់កងកម្លាំងនូវចំណុចសំខាន់ៗមួយចំនួនដូចជា ៖
– គ្រប់ជំនាញទាំងអស់ដែលឈរជើងគ្រប់គោលដៅ និងអធិការក្រុងស្រុក ប៉ុស្តិ៍រដ្ឋបាល ឃុំសង្កាត់ ត្រូវខិតខំយកចិត្តទុកដាក់ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។
– កងកម្លាំងទាំងអស់អាចឈប់សម្រាកបានមុនថ្ងៃចូលឆ្នាំមកដល់ ឬក្រោយចូលឆ្នាំ ប៉ុន្តែថ្ងៃចូលឆ្នាំត្រូវប្រមូលផ្តុំកម្លាំងសរុបការពារសន្តិសុខសុវត្ថិភាពឲ្យបានល្អគ្រប់មូលដ្ឋាននៃខេត្តស្វាយរៀង។
– ប្រធាន អនុប្រធានការពារសន្តិសុខ សុវត្ថិភាព ថ្ងៃសង្ក្រាន្តត្រូវពង្រឹងសន្តិសុខឲ្យបានតឹងរឹងបំផុត ដើម្បីត្រៀមលក្ខណៈពិនិត្យគ្រប់មុខសញ្ញាល្មើសទាំងអស់ដែលចូលក្នុងខេត្តស្វាយរៀង និងចាត់វិធានការភ្លាមៗនៅពេលមានសកម្មភាពល្មើសកើតឡើង។
– ត្រូវផ្សព្វផ្សាយព័ត៌មាននៅក្នុងផេកហ្វេសបុកស្នងការដ្ឋាននគរបាលខេត្ត ឬតាមប្រពន្ធផ្សព្វផ្សាយផ្សេងៗ អំពីការការពារសុវត្ថិភាពក៏ដូចជាការណែនាំពីវិធានការ ឬវិធីសាស្ត្ត្រការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់បងប្អូនប្រជាពលរដ្ឋ និងមធ្យោបាយនៃការផ្តល់ព័ត៌មានត្រឡប់មកដល់កងកម្លាំង ដើម្បីចាត់វិធានការឲ្យបានទាន់ពេលវេលា។
-កម្លាំងនៅតាមមូលដ្ឋានត្រូវប្រមូលផ្ដុំកម្លាំងឈរជើងគ្រប់គោលដៅសំខាន់ៗដូចជា វត្តអារាម និងទីប្រជុំជនជាដើម។
-ត្រូវបង្កើនបង្គោលដៅបន្ថែមទៀតក្នុងការងារចរាចរណ៍ ដើម្បីការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ។
សូមបញ្ជាក់ថា អំណោយដែលជាគ្រឿងឧបភោគបរិភោគ ដែលត្រូវផ្ដល់ជូនកងកម្លាំងនគរបាលនាឱកាសនោះរួមមាន ៖ អង្ករចំនួន ១១៤បាវ ទឹកក្រូច ចំនួន ២៦៥កេស មី ១២៥កេស ទឹកត្រី ១១៤យួរ និង ស៊ីអ៊ីវ ចំនួន ១១៤យួរ ៕វ៉ៃកូ