ខេត្តរតនគិរី ៖ កម្លាំងនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះបានបញ្ជូនបុរសវៀតណាម១២នាក់ទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីពាក់ព័ន្ធបទល្មើសលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់។ នេះបើតាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តរតនគិរី ដែលសូមគោរពរាយការណ៍ជូនលោករដ្ឋមន្ត្រី ហើយត្រូវបានលោករដ្ឋមន្ត្រីក្រសួងព័ត៌មានបង្ហោះផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក ។
រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី បានបញ្ជួនខ្លួនជនជាតិវៀតណាមច ១២នាក់ ទៅតុលាការខេត្តរតនគិរី ដើម្បីចាត់ការបន្ត ពាក់ព័ន្ធនាំគ្រឿងចក្រចំនួន ០៦គ្រឿងឆ្លងដែនខុសច្បាប់ចូលមកក្នុង ដីកម្ពុជា។ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩នេះ លោក ជា ពេជ្រ ព្រះរាជអាជ្ញា សាលាដំបូងខេត្តរតនគិរី បានឲ្យដឹងថា៖ ជនជាតិវៀតណាមទាំង១២នាក់ តុលាបានចោទប្រកាន់ពីបទនាំគ្រឿងចក្រឆ្លងដែនខុសច្បាប់ចូលមកក្នុងទឹកដីកម្ពុជា។ បច្ចុប្បន្ន ជនជាតិវៀតណាមទាំងនេះ កំពង់ស្ថិតនៅក្រោមការសាកសួរពីតុលាការ។ លោកក៏បានបញ្ជាក់ផងដែរថា៖ ជនជាតិវៀតណាម ដែលតុលាការកំពង់ធ្វើការសាកសួរនេះ សុទ្ធសឹងជាកម្មករ ដែលមានថៅកែវៀតណាមជាអ្នកជួលមក ចំណែកខាងខ្មែរវិញ មានលោក សេក វិរៈ ជានាយកក្រុមហ៊ុន នុភាពសុភី ដែលជាអ្នកជួលគ្រឿងចក្រទាំងនេះចូលមកឈូសឆាយ។
សូមរំលឹកថា កម្លាំងគណៈបញ្ជាការឯកភាពខេត្តរតនគិរី បានឃាត់ខ្លួនជនជាតិវៀតណាមទាំង១២នាក់ និងដកហូតគ្រឿងចក្រចំនួន ០៦គ្រឿង កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ នៅចំណុចក្នុងបរិវេណក្រុមហ៊ុន នុភាពសុភី តំបន់អូរតាយ៉ាក ឧទ្យានជាតិវីរជ័យ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ខណៈពួកគេកំពុងធ្វើសកម្មភាពឈូសឆាយព្រៃក្នុងឧទ្យានជាតិវរជ័យ។
យោងតាមឯកសារដែលសមត្ថកិច្ចរកឃើញបានបញ្ជាក់ថា ជនជាតិវៀតណាមទាំង១២នាក់ បានឆ្លងដែនចូលប្រទេសកម្ពុជាតាមរយៈឈ្មោះ សេក វិរៈ ជាតំណាងក្រុមហ៊ុន នុភាព សុភី និងឈ្មោះ VO NGU YEVSA ជាជនជាតិវៀតណាម។
ក្រុមជនសង្ស័យបានឆ្លងចូលទឹកដីកម្ពុជាដោយខុសច្បាប់ តាមច្រកក្នុងព្រៃចំណុចបង្គោលការពារព្រំដែនលេខ១៤ ក្នុងភូមិសាស្ត្រប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ៥០៥ (ប៉ុស្តិ៍ភូមិចង) ខេត្តរតនគិរី ជាប់ព្រំប្រទល់ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែន លេខ៧១១ ស្រុកម៉រៃ ខេត្តកន្ទូម ប្រទេសវៀតណាម។
ជុំវិញករណីនាំគ្រឿងចក្រចូលទឹកដីកម្ពុជា និងឈូសឆាយដីព្រៃខុសច្បាប់ខាងលើនេះ លោក សេក វិរៈ នាយកក្រុមហ៊ុន នុភាពសុភី នៅមិនទាន់ឃើញតុលាការ មានចំណាត់ការនៅឡើយទេ។
ករណីនេះ ដឹកនាំកម្លាំងចម្រុះ ដោយលោកឧត្តមសេនីយ៍ត្រី ថាវ យេន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តរតនគិរី តាមបទបញ្ជា លោកនាយឧត្តមសេនីយ៍ សៅសុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងឧបត្ថម្ភគាំទ្រដោយ លោកថង សាវុន អភិបាលខេត្តរតនគិរី។
បច្ចុប្បន្ននេះ ខាងកម្លាំងកងរាជអាវុធហត្ថ បានប្រគល់ ជនជាតិវៀតណាម ចំនួន 12 នាក់ ឲ្យទៅខាង នគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាន នគរបាលខេត្តរតនគិរី ចាត់ការតាមនីតិវិធី ដោយឡែក គ្រឿងចក្រ ចំនួន 6គ្រឿង ខាងកម្លាំងកងរាជអាវុធហត្ថ សហការជាមួយ មន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទ ខេត្តរតនគិរី បានកំពុងតែ គ្រប់គ្រង នៅក្នុង បរិវេណក្រុមហ៊ុន នុភាពសុភី តំបន់អូរតាយ៉ាក ឧទ្យានជាតិវីរៈជ័យ រតនគិរី ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។
តាមការបញ្ជាក់ពីសមត្ថកិច្ចថា ជនជាតិវៀតណាមទាំង 12 នាក់នេះនិងគ្រឿងចក្រចំនួន6គ្រឿង គឺចូលមក ដោយខុសច្បាប់ តាមច្រកព្រៃ បង្គោលការពារព្រំដែន លេខ 14 ក្នុងភូមិសាស្ត្រ ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក លេខ 505 (ប៉ុស្តិ៍ ភូមិចង )ខេត្តរតនគិរី ជាប់ព្រំប្រទល់ ជាមួយនឹងប៉ុស្តិ៍ការពារព្រំដែន 711 ស្រុក ម៉រៃ ខេត្តកន្ទូម ប្រទេសវៀតណាម ។
ដូច្នេះ សូមអញ្ជើញ លោកជួប ចំរើន ប្រធាន សាខា គយនិងរដ្ឋាករខេត្តរតនគិរី ទៅមើលគ្រឿងចក្រទាំងនោះផង កូនចៅណាទំនេរ កុំឱ្យគេ ចងអង្រឹង នៅតាមផ្លូវយូរពេក៕ ដោយ ៖ កូឡាប