បញ្ហាបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យស្លាប់ និងរងរបួស គឺជាបញ្ហាទាំងអស់គ្នា និងកំពុងក្ដៅគគុកនៅក្នុងប្រទេសកម្ពុជា, ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម បានសំណូមពរដល់ក្រុមគ្រួសារនីមួយទាំងអស់ ត្រូវជួយដាស់តឿនសមាជិករបស់ខ្លួនទៅវិញទៅមកឱ្យ ចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសមុនធ្វើដំណើរចាកចេញពីលំនៅឋាន ត្រូវពិនិត្យមើល ប្រុងប្រយ័ត្នចំពោះយានយន្តខ្លួនឯង និងត្រូវប្រុងប្រយ័ត្នចំពោះយានយន្ត និងការធ្វើដំណើរតាមផ្លូវ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ការថ្លែងអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ គឺជាការគិតគូររបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ធ្វើឡើង ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ដរបស់រដ្ឋបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥, ដោយឧបនាយករដ្ឋមន្ដ្រី នេត សាវឿន យល់ឃើញថា ករណីគ្រោះថ្នាក់ចរារណ៍ គឺជាករណីដែលអាចបង្ការបានប្រសិនបើបុគ្គលម្នាក់ៗ មានស្មារតីចូលរួមគោរពច្បាប់ និងបើកបរត្រូវមានការប្រុងប្រយ័ត្ន ព្រោះនេះមិនមែនជាហេតុការណ៍ប្រធានស័ក្ដិ ឬកម្មពារដែលមិនអាចជៀសផុតនោះទេ។
ការលើកឡើងខាងលើ គឺជាការដាស់តឿនចំពោះប្រជាពលរដ្ឋ ប៉ុន្តែក៏ជាការណែនាំផងដែរចំពោះមន្ទីរសាធារណការ និងដឹកជញ្ជូន, ស្នងការនគរបាលខេត្ត និងគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម ត្រូវលើកគោលការណ៍មួយជាក់លាក់ ផែនការសកម្មភាពជាក់ស្ដែង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវបង្កើនការផ្សព្វផ្សាយអប់រំនៅតាមសាលារៀន តាមវត្តអារាម ឬនៅក្នុងកិច្ចប្រជុំ វេទិកាជួបជាមួយប្រជាពលរដ្ឋ ជាដើម ដើម្បីបញ្ជ្រាបការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក។
បើតាមរបាយការណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៤ មានចំនួន ២ ៨៤៤លើក ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ១ ៥០៩នាក់។ ចំនួននេះ បានថយចុះ ១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣, ជាមធ្យមគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្ស ៤នាក់ក្នុងមួយថ្ងៃ ហើយគ្រោះថ្នាក់ភាគច្រើនដោយសារកត្តាល្បឿន និងការមិនគោរពសិទ្ធិ និងកំពុងតែកើតឡើងក្ដៅគគុកក្នុងប្រទេសកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានសម្ដែងនូវការសោកស្ដាយ និងអាណោចអាធ័មជាពន់ពេក ចំពោះក្រុមគ្រួសារដែលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រហូតបាត់បង់សមាជិកគ្រួសារ ដូច្នេះករណីគ្រោះថ្នាក់ចរាចរណ៍គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែខិតខំរួមគ្នាដើម្បីបង្ការ ទប់ស្កាត់កុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ គឺផ្ដើមចេញពីបុគ្គលម្នាក់ៗ គឺបើយើងស្រលាញ់ជីវិត ស្រលាញ់ទ្រព្យសម្បត្តិ ស្រលាញ់ធនធាន ត្រូវតែរួមគ្នាការពារ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត សាវឿន បញ្ជាក់ថា សារអប់រំ គឺកុំបើកលឿនពេក ពាក់ខ្សែក្រវាត់ ពាក់មួកសុវត្ថិភាព, ខ្ញុំចង់បានមួយម៉ាត់នៅក្នុងគ្រួសារមួយៗ មុនចេញដំណើរទៅណាមកណា, ឬក៏ពីមន្ត្រីនានា និយាយអំពីគ្រោះថ្នាក់ចរាចរណ៍ អប់រំប្រជាពលរដ្ឋ, បើមានការរំលឹកបែបនេះ ខ្ញុំជឿជាក់ថា គ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ព្រោះគ្រោះថ្នាក់ចរាចរណ៍នេះ មិនមែនប្រធានស័ក ឬកម្មពារជៀសមិនរួចឡើយ៕ ពិសិដ្ឋ CEN