ភ្នំពេញ ៖ បើតាមការបញ្ជាក់ឲ្យដឹងពីលោកឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង នៅរសៀលថ្ងៃទី២៣ ធ្នូនេះថា ពលករខ្មែរដែលទៅធ្វើការងារស្របច្បាប់នៅសាធារណរដ្ឋកូរ៉េ បានផ្ញើប្រាក់របស់ខ្លួនស្ទើរគ្រប់គ្នា មកស្រុកកំណើត ហើយចំនួនទឹកប្រាក់ដែលត្រូវផ្ញើមកស្រុកកំណើតនេះ មានប្រមាណជាង៣០០លានដុល្លារក្នុងមួយឆ្នាំ។
លោកឡុង ឌីម៉ង់បានឲ្យដឹងថា ពលករខ្មែរដែលទៅធ្វើការងារស្របច្បាប់នៅសាធារណរដ្ឋកូរ៉េមានប្រមាណជាង៥ម៉ឺននាក់ និងពលករខ្មែរដែលទៅធ្វើការងារមិនស្របច្បាប់មានប្រមាណ៥ភាគរយ ហើយចំនួនពលករខ្មែរមិនស្របច្បាប់នេះបាននឹងកំពុងថយចុះជាបន្តបន្ទាប់ផងដែរ ។លោកបន្តថា ទាំងពលករខ្មែរស្របច្បាប់និងមិនស្របច្បាប់ ពួកគាត់បានប្រាក់ខែយ៉ាងតិច១២០០ដុល្លារ ក្នុង១ខែ ហើយពួកគាត់តែងតែផ្ញើប្រាក់ទាំងនេះមកស្រុកកំណើតវិញ ក្នុងម្នាក់ៗមិនតិចជាង៨០០ទៅ១០០០ដុល្លារឡើយ ហើយបើគិតពីទូរលេខនេះ ចំនួនទឹកប្រាក់ដែលពលករខ្មែរត្រូវផ្ញើមកស្រុកកំណើត មានប្រមាណជាង៣០០លានដុល្លារក្នុងមួយឆ្នាំ។
គួរកត់សំគាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងមន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង និងពលករខ្មែរដែលបំរើការងារទីនោះហាក់មានការរាក់ទាក់ស្និតស្នាលជាមួយគ្នាយ៉ាងខ្លាំង តាមរយៈការយកចិត្តទុកដាក់ពីលោកឡុង ឌីម៉ង់ ជាអគ្គរាជទូត ដូចជា ការដោះស្រាយបញ្ហាផ្សេងជូនពលករពេលដែលពួកគាត់ជួបបញ្ហា ការបង្កើតអោយមាន ការពិនិត្យសុខភាពពលករ ការចុះសួរសុខទុក្ខ ការជួបជុំគ្នាហូបបាយសាមគ្គី រួមទាំងការប្រារព្ធពិធីជាប្រពៃណីជាតិជាដើម ៕ ដោយ ៖ កូឡាប