ខេត្តកណ្ដាល ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ពេលបើកបរម៉ូតូពេលយប់ ជ្រុលបុកគូទរថយន្ត ដែលចតស្ងៀម កាលពីថ្ងៃទី ២៣ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១រំលងអធ្រាត្រនៅចំណុចបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ 23-24 ក្នុងភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
បើតាមការបញ្ជាក់ពីសំណាក់នគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ រឿន ធារ៉ា អាយុ២៤ ឆ្នាំ ជាមន្ត្រីនគរបាលនៅខេត្តបន្ទាយមានជ័យ មានទីលំនៅ ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ក្រុងបាត់ដំបង ជិះម៉ូតូ ម៉ាក Suzuki viva ពណ៌ខ្មៅ ផ្លាក់លេខ ភ្នំពេញ 1AR 1971 ម៉ូតូខូចខាតទាំងស្រុង។ ចំណែរថយន្ត ម៉ាក Hino ប្រភេទសន្តោង ក្បាលពណ៌ ខៀវស ផ្លាកលេខ ភ្នំពេញ 3A 9346 ហើយអ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណ បានរត់ គេចខ្លួនចេញពីកន្លែងកើតហេតុ មុនពេលសមត្ថកិច្ចទៅដល់។
មន្ត្រីប៉ូលិស បានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាង ម៉ូតូបើកបរក្នុងទិសដៅភ្នំពេញ អ្នកលឿង ពេលបើកមកដល់ចំណុចកើតហេតុ បានបុករថយន្តពីក្រោយ ដែលខូចចតចោលនៅលើផ្លូវជាតិ បណ្តាលឲ្យ ស្លាប់អ្នកបើកបរម៉ូតូ នៅនឹងកន្លែងកើតហេតុ ។ ករណីនេះ បណ្តាលមកពីកាធ្វេសប្រហែស របស់អ្នកបើកបររថយន្តចតមិនដាក់ភ្លើងសញ្ញា ឬសញ្ញាពីក្រោយរថយន្ត បង្ហាញដល់អ្នកបើកបរ មកពីក្រោយបានដឹង៕ ដោយ ៖ បញ្ញាស័ក្តិ