អាមេរិចបានចាប់ផ្តើមយុទ្ធនាការសំអាតសារធាតុគីមី នៅមូលដ្ឋានទ័ពអាកាសវៀតណាម ដែលខ្លួនបានប្រើប្រាស់ដើម្បីទុកសារធាតុគីមីឈ្មោះ Agent Orange ក្នុងកំឡុងសង្គ្រាមវៀតណាមកាលពីជាង ៤០ឆ្នាំមុន។
ប្រតិបត្តិការសំអាតសារធាតុគីមី Agent Orange នឹងមានរយៈពេល ១០ឆ្នាំ ហើយអាមេរិចនឹងត្រូវចំណាយថវិការប្រមាណ ១៨៣លានដុល្លា។
មូលដ្ឋានទ័ពអាកាសវៀតណាម នៅព្រលានយន្តហោះ Bien Hoa ក្បែរទីក្រុងហូជីមិញ ត្រូវបានគេចាត់ទុកថា ជាកន្លែងដែលមានសារធាតុពុលខ្លាំងបំផុតនៅក្នុងប្រទេសវៀតណាម។
សារធាតុគីមី Agent Orange ត្រូវបានបាញ់ដោយកងទ័ពអាមេរិចក្នុងកំឡុងសង្គ្រាមវៀតណាម ដើម្បីបំផ្លាញព្រៃ និងតំបន់លាក់ខ្លួនរបស់សត្រូវ។
Agent Orange ផ្ទុកសារធាតុឌីអ៊ុកស៊ីត (Dioxin) ដែលជាសារធាតុពុលដ៏ខ្លាំងមួយ ហើយវាអាចបង្កឲ្យមានអត្រាជំងឺមហារីកខ្ពស់ និងធ្វើឲ្យទារកកើតមកមិនគ្រប់លក្ខណៈ។
វៀតណាមបាននិយាយថា ប្រជាជនខ្លួនរាប់លាននាក់រងផលប៉ះពាល់ដោយសារធាតុគីមី Agent Orange ដោយក្នុងនោះមានកុមារ ១៥០.០០០នាក់ កើតមកមិនគ្រប់លក្ខណៈ។
សូមបញ្ជាក់ថា សារធាតុគីមី Agent Orange ប្រមាណ ៨០លានលីត្រ ត្រូវបានបាញ់ដោយកងទ័ពអាមេរិចនៅវៀតណាមខាងត្បូង ក្នុងកំឡុងសង្គ្រាមចន្លោះឆ្នាំ ១៩៦២ ដល់ ១៩៧១។
អាមេរិចបានផ្តល់ប្រាក់សំណងទៅដល់ទាហ៊ានចូលនិវត្តន៍របស់ខ្លួនដែលរងផលប៉ះពាល់ដោយសារធាតុគីមីនោះ ប៉ុន្តែមិនដែលផ្តល់សំណងដល់ប្រជាជនវៀតណាមឡើយ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC