បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីចាក់បេតុងតភ្ជាប់មុខតំណស្ពាន មិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)។
ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)គឺបានសាងសង់ឡើងដោយកងវិស្វកម្មនៃកងទ័ពភូមិន្ទនៃព្រះរាជាណាចក្រថៃ ហើយសិក្សា និងត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានហាយវ៉េ (DOH) របស់ក្រសួងដឹកជញ្ជូនថៃ ក្រោមជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃប្រមាណ ៦៧០លានបាត (ស្មើនឹងប្រមាណជាង ១៩លានដុល្លារអាមេរិក)។ ក្រៅពីជំនួយ ឥតសំណងពីរាជរដ្ឋាភិបាលថៃលើគម្រោងសាងសង់ស្ពានខាងលើ រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថវិកាបដិភាគសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញជាអធិបតីក្នុងពិធីជាប្រវត្តិសាស្ត្រនាពេលនេះ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការសាងសង់ស្ពាននេះ គឺជាការបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយរវាងប្រទេសយើងទាំងពីរសំដៅធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងកម្ពុជា-ថៃ ហើយដែលយើងប្រសិទ្ធនាមឈ្មោះស្ពាននេះថា៖ ជា ”ស្ពានមិត្តភាព កម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)“។
គម្រោងសាងសង់ស្ពាននេះត្រូវបាន រាជរដ្ឋាភិបាលប្រទេសទាំងពីរបានផ្តួចផ្តើមគំនិតរៀបចំតាំងពីឆ្នាំ២០០៧មកម្ល៉េះ ដោយភ្ជាប់ជាមួយគម្រោងបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន។ ទោះបីយើងប្រើរយៈពេលយូរក្នុងការរៀបចំគម្រោង តែពេលនេះសុបិន្តបានក្លាយជាការពិត វាជាលទ្ធផលដ៏វិជ្ជមាននៃកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងប្រទេសយើងទាំងពីរ។ ស្ពាននេះគឺអាច និយាយបានថាជាស្ពានភ្ជាប់និស្ស័យរវាងប្រជាពលខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋខេត្តស្រះកែវ។ បើនិយាយជារួម ស្ពាននេះគឺភ្ជាប់និស្ស័យរវាងប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃទាំងមូល ដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រនៃប្រទេសយើងទាំងពីរ។
ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ តាមរយៈ ឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនថៃ ដែលជានិច្ចជាកាលតែងតែជួយឧបត្ថម្ភរួមចំណែកក្នុងការកសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក្នុងនាម ជាប្រទេសក្នុងសហគមន៍អាស៊ាន និងជាប្រទេសជិតខាងគ្នា ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ស្ពាននេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋថៃប៉ុណ្ណោះទេ តែថែមទាំងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងប្រទេសនៃមហាអនុតំបន់មេគង្គទៀតផង។ ជាងនេះទៀត ស្ពាននេះ នឹងសម្រួលដល់ការតភ្ជាប់ទីក្រុងបាងកក រាជធានីភ្នំពេញ និងទីក្រុងហូជីមិញ ក្នុងគោលដៅពាណិជ្ជកម្ម ទេសចរណ៍ និងកិច្ចសហប្រតិបត្តិការដឹកជញ្ជូន ស្របតាមការគិតគូរបស់សហគមន៍អាស៊ាន និងប្រទេសក្នុងមហាអនុតំបន់មេគង្គដែលបានកំណត់ផ្លូវពីបាងកក-ប៉ោយប៉ែត-ភ្នំពេញ-ហូជីមិញជាផ្លូវអាស៊ានហាយវ៉េលេខ១ និងជាផ្លូវរបៀងសេដ្ឋកិច្ចខាងត្បូង ដើម្បីឱ្យការដឹកជញ្ជូនទំនិញចេញ-ចូលមានភាពងាយស្រួល។ ស្ពាននេះ នឹងទុកសម្រាប់តែការដឹកទំនិញចេញចូល រីឯច្រកព្រំដែនប៉ោយប៉ែត-អរញ្ញប្រាថេត ទុកសម្រាប់តែភ្ញៀវទេសចរណ៍ឆ្លងកាត់ប៉ុណ្ណោះ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរ ចំពោះនាយកដ្ឋានផ្លូវហាយវ៉េ ក្រសួងដឹកជញ្ជូនថៃ (DOH) ដែលបានជួយសិក្សា និងត្រួតពិនិត្យបច្ចេកទេស សាងសង់ និងសូមថ្លែងអំណរគុណដល់កងវិស្វកម្មនៃកងទ័ពភូមិន្ទថៃ ដែលបានសាងសង់ស្ពាននេះឡើង និងសូមថ្លែងអំណរគុណដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី ដែលបានខិតខំ និងផ្តល់កិច្ចសហការល្អ ក្នុងការជំរុញអនុវត្តគម្រោងនេះរហូតបានទទួលជោគជ័យ។
បន្ទាប់មក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានអញ្ជើញចាក់បេតុងតតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)និងដាក់ឲ្យប្រើប្រាស់ចាប់ពីពេលនេះតទៅ។
ថ្ងៃនេះ ខ្ញុំមានឱកាសបានមកដល់ទឹកដីប៉ោយប៉ែត ដែលជាអតីសមរភូមិក្តៅក្នុងពេលសង្គ្រាម ១៩៧៩-១៩៩១។ ពេលនេះប៉ោយប៉ែតបានក្លាយជាទឹកដីអភិវឌ្ឍន៍ និងជាទីផ្សារដ៏សំខាន់របស់កម្ពុជាដែលកំពុងផ្តល់ផ្កាផ្លែយ៉ាងច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលកំពុងរស់នៅតាមព្រំដែន។
ពិតប្រាកដណាស់ មកទល់ពេលនេះ គឺគ្មានគណបក្សនយោបាយណា អាចមកជំនួស គណបក្សប្រជាជនកម្ពុជា បានឡើយ ជាពិសេសគឺការពង្រឹងនូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេស។
ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិនៅប៉ោយប៉ែត និងខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានមកទទួលខ្ញុំថ្ងៃនេះ និងអរគុណដែលបងប្អូនបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា កន្លងមកដែលបានផ្តល់ឱកាសអោយខ្ញុំបានបន្តដឹកនាំប្រទេសជាតិតទៅទៀត។
បងប្អូនបោះឆ្នោតអោយ គណបក្សប្រជាជកម្ពុជា គឺបោះឆ្នោតអោយខ្លួនឯង និងបោះឆ្នោតពង្រឹងសុខសន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសជាតិស្ថិតស្ថេរគង់វង្សយូរអង្វែង។
នៅថ្ងៃទី ២២ មេសា ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួងសាធារណៈការនិងដឹកជញ្ជូនកម្ពុជា និង ក្រសួងដឹកជញ្ជូននៃព្រះរាជាណាចក្រ ថៃ ព្រមទាំងទីភ្នាក់ងារសហប្រតិបត្តិកការដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសជិតខាង (NEDA) ដែលបានរួមសហការគ្នាសម្រេចបាននូវសមិទ្ឋិផលល្អជាច្រើនក្នុងថ្ងៃនេះ ដែលក្នុងនោះរួមមានទាំងការផ្តល់ក្បាលរថភ្លើង និងផ្លូវដែកដែលឈប់ប្រើប្រវែង១៤០គម (ចាស់ថៃ តែថ្មីកម្ពុជា) ពីមិត្តថៃមកអោយកម្ពុជា ជាមួយនឹងការតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន នៅទីក្រុងប៉ោយប៉ែត។
នៅពេលឆាប់ៗនេះ គឺយើងនឹងសាងសង់អាគារសម្រួលពាណិជ្ជកម្មបន្ថែមនៅច្រកអន្តរជាតិនេះ ដើម្បីជួយសម្រួលដល់ការដឹកទំនិញធំៗដែលត្រូវបញ្ចៀសចេញពីច្រកចេញចូលតាមស្ពានប៉ោយប៉ែតសព្វថ្ងៃដែលមានលក្ខណៈតូចចង្អៀត គឺនឹងទុកសម្រាប់អោយតែទេសចរឆ្លងកាត់តែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ យើងនឹងសាងសង់ស្ពានដែកមួយផ្សេងទៀត ដែលមានទទឹង ៩ម៉ែត្រ និងបណ្តោយ ៥០ម៉ែត្រ សម្រាប់បងប្អូនដែលមានមុខរបរអូសរទេះទំនិញតូចៗពីផ្សាររង់ក្លឿមកកាន់ប៉ោយប៉ែតបានប្រើប្រាស់ដាច់ដោយឡែក។ ក្រោយពីស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន បានបើកជាផ្លូវការហើយ គឺរាល់ទំនិញចេញចូលតាមរថយន្តធំៗ ត្រូវដឹកជញ្ជូនតាមស្ពានស្ទឹងបត់-បានណងអៀន វិញម្តង ហើយដែលងាយស្រួលឆ្ពោះទីកាន់ផ្លូវជាតិលេខ ៥ បានកាន់តែងាយស្រួលនិងឆាប់រហ័សទៀតផង៕ ដោយ៖កូឡាប