ខេត្តព្រះសីហនុ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណើរដោយ លោក ប៉ែន សុផល មន្ត្រីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីមន្ទីរអង្គភាពពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ បន្តចុះត្រួតពិនិត្យឆ្នេរសមុទ្រមួយចំនួនរួមមាន៖ ឆ្នេរព្រែកត្រែង ឆ្នេរសុខា ឆ្នេរកន្ទុយនាគ ឆ្នេរ និងឆ្នេរអូរត្រេះជាដើម ដើម្បីជម្រុញគម្រោងអភិវឌ្ឍតំបន់ឆ្នេរឥ្យរីកចំរើនថែមទៀត។
បន្ថែមលើនេះ ក៏មន្ត្រីទាំងនោះ ក៏បានបន្តចុះទៅពិនិត្យស្ថានីយស្តុកទឹកស្អុយចំនួន ៤កន្លែង សម្រាប់បូមទឹកស្អុយ ដែលហូរមកពីតំបន់នានា ក្នុងក្រុងព្រះសីហនុ មកស្តុកទុកក្នុងស្ថានីយ៍ទាំង៤ បន្ទាប់មក បានបូមបន្តទៅអាងប្រព្រឹត្តិកម្ម ឬអាងចម្រោះទឹកស្អុយ នៅចុងឆ្នេរអូរឈើទាល មុនបង្ហូរទឹកកខ្វក់ទាំងនោះចូលទៅសមុទ្រ។
លោក យន្ត មីន មានប្រសាសន៍ថា គោលបំណង នៃការចុះពិនិត្យជាក់ស្តែងនៅតាមឆ្នេរសមុទ្រមួយចំនួន របស់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ពេលនេះ ដើម្បីជម្រុញគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ឲ្យរីកចំរើនថែមទៀត។
ជាងនេះ ក៏ដើម្បីពិនិត្យតាមដានស្ថានីយស្តុកទឹកស្អុយទាំង ៤កន្លែង ដែលបានដាក់ឲ្យដំណើរការ និងបូមទឹកកខ្វក់បន្តទៅអាងប្រព្រឹត្តិកម្មមានទំហំ ១៦ហិចតា ដែលជាអាងសម្រាប់ចម្រោះទឹក កខ្វក់ កាត់បន្ថយក្លឹនស្អុយ និងជាតិពុល ដើម្បីឲ្យប្រាកដថា ស្ថានីយទាំងនោះ មានដំណើរការល្អ ឬយ៉ាងណា ដើម្បីធ្វើការកែលម្អ ចំណុចខ្វះខាត ឲ្យបានប្រសើរឡើង។
តើមពីបញ្ហានេះ លោក យន្ត មីន មានប្រសាសន៍ថា រាល់ថ្ងៃនេះ ក្រុមការងារចុះពិនិត្យឆ្នេរសមុទ្រ ប្រព័ន្ធលូ បានចុះធ្វើសកម្មភាពជាប្រចាំ ដោយមិនធ្វេសប្រហែសទេ។ លោកបន្តថា ស្ទើរជារៀងរាល់ថ្ងៃ ក្រុមការងារចុះពិនិត្យឆ្នេរសមុទ្រ និងប្រព័ន្ធលូបង្ហូទឹកស្អុយ របស់រដ្ឋបាលខេត្តព្រះសីហនុ បានបន្តចុះធ្វើសកម្មភាពជាប្រចាំ ដោយមិនគិតថា ថ្ងៃដើមសប្តាហ៍ ឬចុងសប្តាហ៍អ្វីទេ ប្រយោជន៍ដើម្បីថែរក្សាបរិស្ថានអនាម័យឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ឲ្យមានសោភ័ណភាព និងអនាម័យបរិស្ថានល្អ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាប្រទេសកម្ពុជា ក៏ដូចជាចូលមកទស្សនាខេត្តព្រះសីហនុ ឲ្យបានច្រើននាបណ្តាឆ្នាំខាងមុខទៀត៕ ដោយ ៖ ដែន សីមា