ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានសម្រេចចេញលិខិតផ្អាកមុខងារលោក ជា សុវណ្ណថេត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង ខេត្តកំពង់ធំ ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងករណីចោទប្រកាន់ពីបទ ផ្តើមគំនិតក្នុងអំពើឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ។
បើយោងតាមលិខិតរបស់ក្រសួងយុត្តិធម៌នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះដែលចុះហតហថលេខាដោយលោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្ញើជូនព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានក្រសួងយុត្តិធម៌នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះដែលចុះហតហថលេខាដោយលោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្ញើជូនព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ថា ក្រសួងយុត្តិធម៌បានទទួលនូវលិខិតចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ជូនដំណឹិងស្តីអំពីការចោទប្រកាន់លើឈ្មោះ ជា សុវណ្ណថេត ព្រះរាជអាជ្ញារងពីបទផ្តើមគំនិតក្នុងអំពើកាប់ឆ្ការគាស់ ឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុមព័ទ្ធកាន់កាប់ព្រៃលិចទឹក និងព្រៃកោងកាង ប្រពឹត្តនៅចំណុចបឹងអាត្រាព្រួល ភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញាត្តិមាត្រា២៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៩៨ នៃច្បាប់ស្តីពីជលផល។
យោងតាមប្រភពពីអាជ្ញាធរក្នុងខេត្តកំពង់ធំ បានឱ្យដឹងថា ដីព្រៃលិចទឹក និងដីជម្រកត្រីពងកូនខាងលើនេះ ត្រូវបានគេបំផុសឱ្យមានចលនាចុះទៅឈូសឆាយកាលពីថ្ងៃទី១៣ ខែមេសា កន្លងទៅនេះ។ ដីនោះដែលគេឈូសឆាយរំលោភយកនោះមានទំហំប្រមាណជា ១០ហិកតា។ បច្ចុប្បន្នមានប្រជាពលរដ្ឋ និងត្រាក់ទ័រមួយចំនួនត្រូវបានអាជ្ញាធរចុះទៅចាប់ខ្លួន និងរឹបអូសយកត្រាក់ទ័រយកមករក្សាទុក។
ចលនាឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក និងដីត្រីពងកូននៅជុំវិញតំបន់បឹងទន្លេសាបកំពុងមានសកម្មភាពផុលផុសខ្លាំង។ បើតាមប្រភពពីមន្ត្រីជលផលមិនត្រឹមតែនៅក្នុងខេត្តកំពង់ធំនោះទេ នៅក្នុងខេត្តសៀមរាប នៅខេត្តកំពង់ឆ្នាំង ក៏កំពុងមានសកម្មភាពឈូសឆាយទន្ទ្រានយកដីព្រៃលិចទឹក និងដីព្រៃត្រីពងកូន៕ ដោយ៖បញ្ញាស័ក្តិ