Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ស្នើ​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក ពិនិត្យចំពោះ​សកម្មភាព​កាយ​យក​អាចម៍ដី​ពី​អាង​ស្តុទឹ​ក ដើម្បី​យក​អាចម៍ដី​ធ្វើ​អាជីវកម្ម​

​ខេត្ត​កំពង់ស្ពឺ​៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ព្រៃ​រំដួល និង​ភូមិ​ស្រែ​ត្រោក់ ស្ថិត​ឃុំ​សែន​ដី ស្រុក​សំរោង​ទង​ខេត្ត​កំពង់ស្ពឺ បាន​បង្ហាញ​ចម្ងល់​ចំពោះ​ក្រុម​អ្នក​កាយ​យក​អាជម៍ដី​ដែល​នៅ​ព័ទ្ធ​ជុំវិញ​អាងទឹក​ភូមិ​ព្រៃ​រំដួល​។​

​ក្រុម​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ស្រែ​ត្រោក់​បាន​ឲ្យ​បណ្តាញ​ផ្សព្វផ្សាយ​ដឹងថា មុនដំបូង​ពួកគាត់​មានការ​រីករាយ និង​សប្បាយ​ចិត្ត ដែល​អាជ្ញាធរ​បាន​ជួយ​កាយ និង​ស្តារ​អាង​ស្តុក​ទឹក ក្នុងភូមិ របស់​ពួកគាត់ ប៉ុន្តែ​បែរជា​ឃើញ​គ្រឿងចក្រ បែរជា​មក​កាយ​យក​អាចម៍​ដី ប៉ះពាល់​ដល់​ដី​ធ្វើស្រែ របស់​ពួកគាត់ ដែល​ព័ទ្ធ​ជំ​ុ​វិញ​អាងទឹក​នោះ​ទៅ​វិញ​។​

​ត្រង់​ចំណុច​នេះ ក្រុម​ប្រជាពលរដ្ឋ រស់នៅ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ ថ្លែងថា សកម្មភាព​កាយ​យក​អាចម៍ដី របស់​ក​ហ​រុម​ហ៊ុន​ខាងលើ គឺ​មាន​វិសាលភាព​ធំធេង ហើយ​មិនដឹងថា​មាន​ចំនួន​ប៉ុន្មាន​ហិច​តា​នោះទេ​។ ជាងនេះទៀត ចំពោះ​ចំណុច​ដែល​ត្រូវ​កាយ​ស្តារ​នោះ បែរជា​អាជ្ញាធរ ឬ​ក្រុមហ៊ុន​មិន​ទៅ​កាយ​ស្តារ​យក​អាចម៍​ដី ប៉ុន្តែ​បែរជា​ទៅ​កាយ​ស្តារ​យក​អាចម៍ដី នៅ​ខាងក្រៅ​ផ្ទៃ​អាង​ស្តុក​ទឹក​នោះ​ទៅ​វិញ​។​

​ពលរដ្ឋ​បន្តទៀតថា សកម្មភាព របស់​ក្រុមហ៊ុន​ខាងលើ គឺ​មិន​ត្រឹមតែ​កាយ​យក​អាចម៍ដី នៅ​ខាងក្រៅ​អាងទឹក​នើទេ ប៉ុន្តែ​ថែមទាំង​បាន​ដឹក​យក​អាចម៍​ដី មកចាក់​បិទ​ប្រឡាយទឹក​ថែមទៀត​ផង​។​

​ក្រុម​ប្រជាពលរដ្ឋ បាន​បន្តទៀតថា​ចំពោះ​អាចម៍​ដី ដែល​កាយ​ហើយ​ដឹក​ចេញ​នោះ​ខាង​ក្រុមហ៊ុន​មិន​បាន​គ្រប ឬ​បិតបាំង​ឱ្យបាន​ត្រឹមត្រូវ​ទេ ហើយ​បាន​ជ្រុះ​អាចម៍ដី​ធ្លាក់​រាយប៉ាយ​ពាសពេញ​ផ្លូវជាតិ​លេខ​៤១ នាំឱ្យ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ចរាច​រ នៅលើ​ផ្លូវជាតិ និង​បាន​ធ្វើឱ្យ​អាចម៍​ដី ដែល​ធ្លាក់​នោះ បាន​ហុយធូលី ប៉ះពាល់​ដល់​សុខភាព របស់​ប្រជាពលរដ្ឋ និង​កុមារ​តូចៗ ដែល​មាន​ផ្ទះ​ជាប់​ផ្លូវជាតិ​លេខ​៤១ ចាប់ពី​ចំណុច​គីឡូម៉ែត្រ​៨ ទៅដល់​លេខ​១០​។​

​ប្រជាពលរដ្ឋ​បន្តថា ចំពោះ​អាចម៍ដី ដែល​បាន​កាយ​យក​ពី​ទីតាំង​ក្បែរ​មាត់​អាង​ភូមិ​ព្រៃ​រំដួល​នោះ ពួក​គាត់​ឃើញ​ខាង​ក្រុមហ៊ុន​ដឹក​ទៅ​ចាក់​នៅ​តាម​ក្រុមហ៊ុន​ពុះ​ដី​ឡូ និង​តាម​រោង​រោងចក្រ​ជាដើម​។​ល​។​

​ត្រង់​ចំណុច​នេះ ក្រុម​ប្រជាពលរដ្ឋ រស់នៅ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ បាន​ស្នើ​ទៅ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​ថ្នាក់ដឹកនាំ​ថ្នាក់ជាតិ មេត្តា​ជួយ​ពិនិត្យមើល សកម្មភាព របស់​ក្រុមហ៊ុន ដែល​មក​កាយ​យក​អាចម៍​ដី ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ឲ្យបាន​ឆាប់ និង​ស្នើ​ជួយ​ស្តា​អាងទឹក​ក្នុង​មូលដ្ឋាន​នេះ ឲ្យចំ​គោលដៅ​ពលរដ្ឋ​ចង់បា​ន ហើយ​ឈប់​ទៅ​ជីក​កាយ​យក​អាចម៍ដី ដែល​ជា​ដីស្រែ របស់​ប្រជាពលរដ្ឋ នៅ​ជាប់​មាត់​អាង​ស្តុក​ទឹក​ខាងលើ​ជា​បន្ត​ទៀត បើ​មិន​ដូច្នេះ​ទេ ក្រុម​ប្រជាពលរដ្ឋ​ចំនួន ២​ភូមិ នឹង​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​ពីមុខ មន្ទីរ​ធនធានទឹក និង​ឧត្តុនិយម និង​ពីមុខ​សាលាខេត្ត​កំពង់ស្ពឺ កំពុង​ជំទាស់​ចំពោះ​បញ្ហា​ខាងលើនេះ ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ​។​

​ទាក់ទិន​បញ្ហា​នេះ លោក មុំ ស៊ន មេ​ភូមិ​ស្រែ​ត្រោក បានឲ្យដឹងតា​មទូរស័​ព្ទ​ថា ករណី​កាយ​ក្រុមហ៊ុន មក​យក​អាចម៍ដី​ចេញពី​អាងទឹក ក្នុង​ភូមិ​ព្រៃ​រំដួល និង​ភូមិ​ស្រែ​ត្រោក ខាងលើនេះ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​សួរ​ទៅ​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ ជំ​ន​ទស​វិញ ទើប​ដឹង​រឿង​ច្រើនជាង ព្រោះ​រូបគាត់​មាន​សិទ្ធិ​ឆ្លើយបំភ្លឺ​ករណីនេះ​។​

​ចំណែក​លោក ញ៉ាញ់ ជៀប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម បាន​ណាត់​ក្រុម​អ្នក​យក​ព័ត៌មាន​ទៅ​ធ្វើ​បទសម្ភាសន៍​នៅ​កន្លែងធ្វើការ របស់​លោក​ផ្ទាល់​។​

​យ៉ាងណា​ក៏ដោយ​ចុះ ក្រុម​ប្រជាពលរដ្ឋ រស់នៅ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ បាន​សំណូមពរ​ដល់ លោក​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧត្តុនិយម ឲ្យជួយ​បញ្ជូន​មន្ត្រី​ឯករាជ្យ ចុះ​មក​ពី​និត្យ​រាល់​សកម្មភាព​ធ្វើ​ការងារ របស់លោក ញ៉ាញ់ ជៀប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​កំពង់ស្ពឺ ឲ្យបាន​ឆាប់ ដើម្បី​ឲ្យ​ប្រាកដថា តើ​សកម្មភាព របស់​មន្ត្រី​ខាង​លើ ជាមួយ​ក្រុមហ៊ុន​កាយ​យក​អាចម៍ដី​នៅ​ជុំវិញ​អាងទឹក នា​ស្រុក​សំរោង​ទង មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ និង​បាន​អនុវត្ត​ស្រប​តាម​កិច្ចសន្យា របស់​ផ្នែក​ពាក់ព័ន្ធ ឬ​យ៉ាងណា​ដែរ​ ៕​ ដោយ ៖ ដែន សីមា

×