មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនកំពុងធ្វើដំណើរដ៏ឆ្ងាយទៅកាន់ប្រទេសរុស្សី ដើម្បីធ្វើជំនួបកំពូលជាមួយនឹងមេដឹកនាំរុស្ស៊ី ពូទីន។
គីម ជុងអ៊ុនធ្វើដំណើរទៅកាន់រុស្សីតាមរយៈរថភ្លើងផ្ទាល់ខ្លួនរបស់លោក ហើយវានឹងក្លាយទៅជាកិច្ចពិភាក្សាលើកទីមួយជាមួយនឹងប្រធានាធិបតីរុស្ស៊ី ។
វិមានក្រេមលីនរបស់រុស្ស៊ី បានឲ្យដឹងថា មេដឹកនាំទាំងពីរនឹងធ្វើកិច្ចប្រជុំកំពូលក្នុងទីក្រុង Vladivostok នៅថ្ងៃព្រហស្បតិ៍ ហើយនឹងពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
អ្នកវិភាគបាននិយាយថា គីម ជុងអ៊ុន កំពុងស្វែងរកការគាំទ្រពីរុស្ស៊ី ក្រោយពេលកិច្ចប្រជុំកំពូលជាមួយនឹងមេដឹកនាំអាមេរិច ដូណាល់ ត្រាំ មិនទទួលបានផ្លែផ្កាអ្វីសោះ ។
សូមរម្លឹកថា លោក ដូណាល់ ត្រាំ និង គីម ជុងអ៊ុន បានជួបគ្នានៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីដើមឆ្នាំនេះ ដើម្បីពីភាក្សាជាគ្នាពីការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប៉ុន្តែកិច្ចប្រជុំនោះមិនមានលទ្ធផលអ្វីឡើយ ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC