តាកែវ ៖ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តតាកែវ ជាពិសេសក្នុងក្រុងដូនកែវ ហាក់មានសន្ទុះហត់លូតខ្លាំង ទៅលើការអភិវឌ្ឍន៏ផ្លូវថ្នល់ សួនកំសាន្ត និងទីកន្លែងនានាជាច្រើនទៀតក្នុងក្រុងដូនកែវ ហើយថ្មីៗនេះដែរ ក្រោមគំនិតផ្ដួចផ្ដើមពី អភិបាលខេត្តតាកែវឯកឧត្តម អ៊ូច ភា បានធ្វើការណែនាំដល់ មន្ទីរសាធារណៈការ នឹងដឹកជញ្ជូនខេត្ត ឲ្យសិក្សាគម្រោងកែលម្អរសោភណ្ឌភាពផ្លូវចូលក្រុងដូនកែវ ដែលមានប្រវែង ជាង ៨គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រះវិស្ណុ ហៅ អូរចំបក់ ដល់ក្លោងទ្វារវត្តតុំ ស្ថិតនៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
ជុំវិញការការក៏សាងហេដ្ឋារចនាសម្ព័ន្ធថ្មី និងការជួសជុលពង្រីកផ្លូវនៅក្នុងបរិវេណទីប្រជុំជននៃក្រុងដូនកែវអោយមានសភាពធំទូរលាយនេះដែរ លោក ណុប នី ប្រធានមន្ទីរសាធារណៈការ នឹងដឹកជញ្ជូនខេត្ត បានអោយដឹងប្រាប់ថា គម្រោងកែលម្អរផ្លូវចូលក្រុងដូនកែវនេះ គឺក្រោមការផ្ដល់គំនិត និងណែនាំផ្ទាល់ ពីសំណាក់ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ដើម្បីជួយធ្វើការកែលម្អរសោភណ្ឌភាពក្រុងដូនកែវ ដែលជាបេះដូងនៃខេត្ត ឲ្យមានសម្រស់ស្រស់បំព្រង និងទាក់ទាញភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិបន្ថែមទៀត ចូលមកទស្សនាកំសាន្ត សម្រាក់លំហែកាយ និងបានភ្លក់ឱរសជាតិបង្កងធម្មជាតិ រួមជាមួយពងទាកូនតាកែវ ដែលកំពុងទទួលកេរ្ដិ៍ឈ្មោះល្បីទូទាំងប្រទេស ក៏ដូចជាបានចូលរួមប្រលងប្រណាំង ទីក្រុងស្អាតនាឆ្នាំ២០២១ នឹងទទួលបានផ្ការំដួល ៣ទង ជាក់ជាមិនខាន។
លោកប្រធានមន្ទីរបានបន្តថា ការស្ថាបនាកែលម្អរ នេះ ក៏ដើម្បីបានចូលរួមចំណែក អបអរសាទនៅព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលនឹង ប្រារព្ធធ្វើឡើងនៅបរិវេណតារាងបាល់ទាត់វត្តឈើទាល ស្ថិតនៅសង្កាត់រកាក្រៅ ក្រុងដូនកែវ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះផងដែរ ដែលស្ថិតក្រោមរាជាធិបតីភាព ព្រះអង្គម្ចាស់ជីវិតតម្កល់ លើត្បូង ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ។
លោកប្រធានមន្ទីរសាធារណៈការខេត្ត បានបន្តថា ការពង្រីកផ្លូវ និងពុះទ្រូងផ្លូវនេះ គឺដើម្បីចូលរួម បញ្ជៀសការគ្រោះថ្នាក់ចរាចរណ៍បានមួយកម្រឹត ក៏ដូចជាឲ្យផ្លូវចូលក្រុង មានលក្ខណៈធំទូលាយជាងមុន ងាយស្រួលក្នុងការធ្វើការដំណើរមិនលំបាកដូចពីមុន ជាពិសេសជួយកាត់បន្ថយនូវ គ្រោះថ្នាក់ ចរាចរណ៍បានមួយកម្រឹតធំ ស្របតាមអនុសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» ។
ទន្ទឹមនឹងនោះដែរប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏បានធ្វើការអំបាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅ តាម ដងផ្លូវត្រូវជួយសម្រួលដល់ការសាងសង់ដល់ក្រុមការងារ ស្ថាបនា ផ្លូវ ស្ពាន លូ ឲ្យប្រព្រឹត្តិទៅ បានល្អ នឹងឆាប់រហ័ស ដើម្បីឆាប់បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
គូរបញ្ជាក់ដែរថា គិតមកដល់ត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ គម្រោងនៃការកែលម្អរផ្លូវចូលក្រុង នេះគឺដំណើរការបានជិត ៣ខែ សម្រេចបាន ជាង៨៥ភាគរយ ដោយពង្រីកសខាងផ្លូវ៦ម៉ែត្រ សរុបមានទំហំ២២ម៉ែត្រ កន្លែងខ្លះ១៤ម៉ែត្រ ក្នុងទីប្រជុំជន និងកន្លែងខ្លះមាន២០ម៉ែត្រ និងពុះចែក ទ្រូងផ្លូវ មានទំហំជិត២ម៉ែត្រ មានដាំស្មៅ និងដើមឈើ ដាក់បង្គោលភ្លើងលម្អរតាមទ្រូងផ្លូវ ហើយការស្ថាបនានេះគ្រោងនឹងបញ្ចប់នៅក្នុង ខែឧសភា ខាងមុខនេះ ក្រោមកញ្ចប់ថវិការរបស់រដ្ឋបាលសាលាខេត្ត មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ ៕ ដោយ ៖ តាកែវ