(ភ្នំពេញ) ៖ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឲ្យដឹងថា នៅសម្រាប់រយៈពេល៣ខែដើមឆ្នាំ២០១៩ ការប្រមូលចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ បានចំនួនប្រមាណ២៤លានដុល្លារ លើចំនួនអចលនទ្រព្យប្រមាណ ២០.៥០០ មូលដ្ឋាន។
បើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំផ្សព្វផ្សាយ ការប្រមូលពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ នៅថ្ងៃទី២៤ ខែមេសានេះ។
កិច្ចប្រជុំផ្សព្វផ្សាយស្ដីពី «ការប្រមូលពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ, ពន្ធលើអចលនទ្រព្យ និងការត្រៀមអនុវត្តប្រកាសស្ដីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ» ក្រោមអធិបតីភាពរបស់លោកបណ្ឌិត កែន សម្បត្តិ តំណាងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
កិច្ចប្រជុំនេះមានការចូលរួមរបស់ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ និងសមាជិកនៃសមាគមទាំងពីរ សរុបចំនួន១២០នាក់។
លោក កែន សម្បត្តិ បានបញ្ជាក់ថា «នៅឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ចំនួនប្រមាណ ៣៨៨ ប៊ីលានរៀល (ប្រមាណ ៩៧ លានដុល្លារ) លើចំនួនអចលនទ្រព្យប្រមាណ ៥៥ ៦០០ មូលដ្ឋាន ស្មើនឹង ១៣៤,៤%នៃផែនការ ។ ដោយឡែក សម្រាប់រយៈពេលបីខែដើមឆ្នាំ២០១៩ ការប្រមូលចំណូលពន្ធនេះ បានចំនួនប្រមាណ ៩៦ ប៊ីលានរៀល (ប្រមាណ ២៤ លានដុល្លារ) លើចំនួនអចលនទ្រព្យប្រមាណ ២០ ៥០០ មូលដ្ឋាន ស្មើនឹង ៣៣,៦% នៃផែនការ»។
ក្នុងឱកាសនោះ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានកោតសរសើរចំពោះការដឹកនាំរបស់លោក គង់ វិបុល ដែលតែងតែទទួលយកនូវធាតុចូលពីវិស័យឯកជន និងបានដោះស្រាយនូវបញ្ហានានាពាក់ព័ន្ធនឹងពន្ធដារ ដើម្បីធ្វើការកំណែទម្រង់អគ្គនាយកដ្ឋានកាន់តែប្រសើរឡើង ហើយសមាគមរបស់លោក បានត្រៀមខ្លួនជានិច្ចក្នុងការផ្តល់កិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធដារ។
ជាមួយគ្នានេះលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារ ដែលបានរៀបចំកិច្ចប្រជុំដ៏មានសារៈប្រយោជន៍នេះឡើង និងគូសបញ្ជាក់ពីការត្រៀមលក្ខណៈក្នុងការផ្ដល់កិច្ចសហការជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងការផ្សព្វផ្សាយនូវប្រកាសលេខ ៣៤៣ សហក.ប្រកចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ។
លោក កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបញ្ជាក់យ៉ាងច្បាស់ជូនប្រជាពលរដ្ឋ និងសាធារណជន អំពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ថា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលទើបត្រូវកែសម្រួលថ្មីថា មិនមែនជាការដំឡើងពន្ធរបស់រាជរដ្ឋាភិបាលនោះទេ ហើយថាកែសម្រួលតម្លៃមូលដ្ឋានគិតពន្ធនេះ ក៏មិនបានជះឥទ្ធិពលដល់តម្លៃប្រាក់ពន្ធ អចលនទ្រព្យប្រចាំឆ្នាំនោះឡើយ ពោល គឺនៅរក្សាតម្លៃដដែល។
លោកអគ្គនាយករងបានបញ្ជាក់ថា តម្លៃអចលនទ្រព្យដែលជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា ដែលកំណត់ក្នុងឧបសម្ព័ន្ធនៅតាមរាជធានីខេត្ត គឺមានការចូលរួមពិភាក្សាយ៉ាងល្អិតល្អន់ ទាំងស្ថាប័នរដ្ឋ និងវិស័យជន ទើបសម្រេចចេញប្រកាសដាក់ឲ្យអនុវត្តន៍ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩តទៅ។
លោក កែន សម្បត្តិ បានថ្លែងយ៉ាងដូច្នេះថា «ការកំណត់ឧបសម្ព័ន្ធថ្មី តម្លៃអចលនទ្រព្យកំណត់ថ្មី សម្រាប់ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា បើសិនជាយើងមើលមិនបានគិតឲ្យគ្រប់ជ្រុងជ្រោយ អាចគិតថាជាការដំឡើងពន្ធ ប៉ុន្តែជាគោលការណ៍រាជរដ្ឋាភិបាលមិនមានដំឡើងពន្ធទេ សម្តេចតេជោ លោកបានមានប្រសាសន៍ហើយថា រាជរដ្ឋាភិបាលគ្មានការដំឡើងពន្ធទេ គឺមានតែយកពន្ធឲ្យអស់សក្តានុពលទៅ យើងបានពន្ធច្រើន។ អីចឹងដោយសារការកំណត់តម្លៃពន្ធនេះ យើងកំណត់តាំងពីឆ្នាំ២០១០មក។ តម្លៃ២០១០ មកដល់តម្លៃបច្ចុប្បន្នវាខុសគ្នាឆ្ងាយណាស់ យើងគ្រាន់តែធ្វើបច្ចុប្បន្នភាពស្តីពីភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យប៉ុណ្ណោះ អត្រាពន្ធនៅតែ៤ភាគរយ ដដែលយើងអត់មានដំឡើងពន្ធអីទេ»។
លោកបានថ្លែងទៀតថា «សម្រាប់ពន្ធអចលនទ្រព្យសម្រាប់ឆ្នាំ២០១៩ នៅតែអនុវត្តន៍ជាធរមានដដែល មិនមានការប្រែប្រួលទេ គឺធ្លាប់បង់នៅឆ្នាំ២០១៨ប៉ុន្មាន គឺត្រូវបង់សម្រាប់ឆ្នាំ២០១៩ ប៉ុណ្ណឹងដែរ»។
មន្ត្រីជាន់ខ្ពស់ដដែលរូបនេះ បានបង្ហាញក្តីរំពឹងថា នៅពេលដែលអនុវត្តន៍ការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាថ្មី នឹងធ្វើឲ្យចំណូលពន្ធប្រថាប់ត្រា មានកើនឡើងខ្ពស់ជាងបណ្តាឆ្នាំមុន ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ៕ ដោយ ៖ កូឡាប