ភ្នំពេញ ៖ នៅថ្ងៃទី 26 ខែមេសានេះក្រសួងការបរទេសសហប្រតិបត្តិការអន្តរជាតិបានចេញ សេចក្តីប្រកាសព័ត៌មានទស្សនកិច្ចផ្លូវការរបស់លោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មកកាន់ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ២៩ ខែមេសា ដល់ ១ ខែឧសភា ឆ្នាំ២០១៩ ។
ក្នុងដំណើរទស្សនកិច្ចនេះលោកស្រី និងចូលបង្គំគាល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តី
ថ្លៃថ្នូរនិងសុភមង្គលនៅក្នុងព្រះបរមរាជវាំង។
លោកស្រីក៏នឹងចូលជួបសំដែងការគួរសមជាបន្តបន្ទាប់ជាមួយសម្ដេចវិបុលសេនាភក្តី សាយឈុំប្រធានព្រឹទ្ធសភា និងសម្ដេចអគ្គមហាពញ្ញាចក្រីហេងសំរិនប្រធានរដ្ឋសភា។
លោកស្រីក៏នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រីទីប្រឹក្សារដ្ឋនិងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យនិងព្រះមណ្ឌបព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រកម្ពុជា។ នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចលោកស្រីនឹងអញ្ជើញទៅទស្សនា ប្រាសាទមួយចំនួននៅខេត្តសៀមរាប។
បើតាមក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី អោង សានស៊ូជី នៅព្រះរាជាណាចក្រកម្ពុជានិងពង្រីកថែមទៀតនូវទំនាក់ទំនងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យព្រមទាំងក្នុងក្របខ័ណ្ឌអាស៊ាននិងពហុភាគីផងដែរ៕ ដោយ៖កូឡាប