ភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ ស្តីពីការឃាត់ខ្លួនជនសង្ស័យនាំចូលប្រាក់ដុល្លារដែលគ្មានប្រភពច្បាស់លាស់ ដោយក្នុងនោះចាប់ជនជាតិចិន៣នាក់ ជាមួយលុយដុល្លារជាង៣លានដុល្លារ។
នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅព្រលានយន្ដហោះ អន្ដរជាតិភ្នំពេញ បានចាប់ខ្លួនជនសង្ស័យជាជនជាតិចិន ៣នាក់ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ក្រោយរកឃើញនាំលុយចំនួន៣,៥២០,០០០ដុល្លារ ដោយពុំមានការបញ្ជាក់ពី ប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជា។
ជនសង្ស័យទាំង៣នាក់រួមមាន៖
-ទី១៖ ឈ្មោះ Wang Shiping កាន់លិខិតឆ្លងដែនលេខEC9259330 មុខរបរ មិនពិតប្រាកដ
-ទី២៖ ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែនលេខED4367915 មុខរបរ មិនពិតប្រាកដ
-ទី៣៖ ឈ្មោះ Zhang Jian កាន់លិខិត ឆ្លងដែនលេខE 35414034 មិនមានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរមិនពិតប្រាកដ។
សមត្ថកិច្ច បានបញ្ជាក់ទៀតថា ក្រោយពីការត្រួតពិនិត្យឯកសាររួច ជនជាតិចិនទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមនីតិវិធី ក្នុងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហរិញ្ញប្បទានភេរវកម្ម ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាននៅកម្ពុជា ៕ ដោយ ៖ កូឡាប