ប៉េកាំង ៖ នៅថ្ងៃ៦រោច ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ប្រទេសចិន លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងសុន្ទរកថានៅឯអនុវេទិកាស្តីពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងកត់សម្គាល់សុភាសិតចិន និងសុភាសិតខ្មែរ ដោយដកស្រង់សុភាសិតចិនថា៖ “ប្រសិនបើអ្នកចង់ក្លាយជាអ្នកមាន ចូរកសាងផ្លូវជាមុនសិន” និងសុភាសិតខ្មែរថា៖ “ទីណាមានផ្លូវ ទីនោះមានក្តីសង្ឃឹម”។
លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជាដែលគាំទ្រដោយប្រទេសចិន គឺជាលើកកម្ពស់ទាំងការតភ្ជាប់រូបវន្ត និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន។ ការអភិវឌ្ឍនេះធ្វើឱ្យ ប្រសើរឡើងគួរឱ្យកត់សម្គាល់ដល់កម្ពុជា និងបណ្តាប្រទេសដែលចូលរួមផ្សេងទៀត។ ឯកឧត្តមទេស រដ្ឋមន្ត្រី បានកត់សម្គាល់ថា៖ កម្ពុជាមានមោទនភាពដែលបានក្លាយជាសមាជិកស្ថាបនិកធនាគារ AIIB ជាអ្នកគាំទ្រ និងជាអ្នកទទួលផលពីគំនិតផ្តួចផ្តើមនេះ។
លោកទេសរដ្ឋមន្ត្រីបានកត់សម្គាល់បន្ថែមទៀតថា៖ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវគឺជាដំណើរវិជ្ជមានថ្មីមួយនៃទំនាក់ទំនងរវាងប្រទេសនិងប្រទេសដោយផ្អែកលើការសន្ទនាគ្នាជាសជាងការប្រឈមមុខដាក់គ្នា។ កម្ពុជាគាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់និងពហុភាគី និងទទួលយកសកលភាវូបនីយកម្មសេដ្ឋ កិច្ចដែលមានតម្លាភាព មិនរើសអើង រួមបញ្ចូលគ្នា និងមានតុល្យភាព។
កម្ពុជាបានទទួលលទ្ធផលជាក់ស្តែងពីការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទម្រង់នៃប្រាក់កម្ចីសម្បទានពីប្រទេសចិន ជប៉ុន កូរ៉េ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដទៃទៀត។
រហូតមកដល់បច្ចុប្បន្ននេះ ជាមួយនឹងប្រាក់កម្ចីសម្បទាន និងជំនួយឥតសំណងពីប្រទេសចិន កម្ពុជា បានសាងសង់ផ្លូវមានប្រវែងជាង៣០០០គីឡូម៉ែត្រ ស្ពានធំៗចំនួន៨ និងកំពង់ផែទន្លេមេគង្គមួយ។
កម្ពុជាបានប្រារព្ធពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុក្រោមប្រភេទវិនិយោគ BOT (កសាង ប្រតិបត្តិ ផ្ទេរ) ក្នុងរង្វង់ទឹកប្រាក់ប្រមាណពីរពាន់លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងការវិនិយោគមួយក្នុងចំណោមការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដ៏ធំបំផុតទាំងឡាយនាពេលថ្មីៗនេះ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងការកោតសរសើរដល់ប្រជាជនចិន ដោយលើកឡើងថា៖ ប្រទេសចិនមិននិយាយសំដីឥតប្រយោជន៍ ប៉ុន្តែមានស្មារតីសហការល្អជាមួយបណ្តាប្រទេសនានាដើម្បីគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាក់ស្តែងដែលនាំមកនូវភាពរុងរឿងដោយផ្អែកលើគោលការណ៍សកល។
លោកទេសរដ្ឋមន្ត្រីបានបញ្ចប់សុន្ទរកថា តាមរយៈការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលបានផ្តល់ការគាំទ្រនិងជំនួយសប្បុរសធម៌ចំពោះកំណើន និងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ៕ ដោយ៖កូឡាប